នយោបាយ

រដ្ឋសភា កម្ពុជា ខកចិត្ត ចំពោះសមាជិកសភា អាមេរិក៨រូប

ភ្នំពេញ ៖ រដ្ឋសភា កម្ពុជា បានសម្ដែងការខកចិត្តយ៉ាងខ្លាំង ចំពោះសមាជិកសភា សហរដ្ឋអាមេរិកមួយចំនួនតូច ដែលទាមទារឲ្យមានការ ដាក់ទណ្ឌកម្មដ៏អយុត្តិធម៌ លើរាជរដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្ន ពួកគេហៅថា “ជាការធ្លាក់ចុះនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា”។

តាមរយៈ សេចក្ដីថ្លែងការណ៍ឆ្លើយតប ទៅនឹងការលើកឡើងរបស់សមាជិកសភា សហរដ្ឋអាមេរិកមួយចំនួនតូចស្ដីពី ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ដែលចេញផ្សាយ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២០អ្នកនាំពាក្យរដ្ឋសភាកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ចំពោះការព្រួយបារម្ភពីគ្រប់មជ្ឈដ្ឋាន រាប់ទាំងសហរដ្ឋអាមេរិកផងដែរ។ ចំពោះសុខុមាលភាព ប្រជាជនរបស់កម្ពុជា ជាពិសេស ចំពោះការអភិវឌ្ឍសិទ្ធិមនុស្ស និងលទ្ធិប្រជាបតេយ្យ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុខិតខំលើកកម្ពស់ សម្រាប់ប្រជាជនរបស់ខ្លួន ដែលមានរស់រានមានជីវិតរួចផុត ពីការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរបំផុត និងការបំបាត់សេរីភាពគ្រប់បែបយ៉ាង ក្នុងភ្លើងសង្គ្រាមជិត៣ទសវត្សរ៍ និងការប្រល័យពូជសាសន៍ ដោយរបបខ្មែរក្រហម។

រដ្ឋសភា កម្ពុជា បានបញ្ជាក់ថា “ប៉ុន្ដែ យើងខ្ញុំចាត់ទុកជាទង្វើខុសឆ្គង ហើយមានការខកចិត្តយ៉ាងខ្លាំង ចំពោះការដែលសមាជិកសភាសហរដ្ឋអាមេរិកមួយចំនួនតូច បានទាមទារឲ្យមានការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌លើរាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្ន ចំពោះអ្វីដែលពួកគេបានហៅថា ជាការធ្លាក់ចុះនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា”។

រដ្ឋ សភាកម្ពុជា បន្ដថា “យើងខ្ញុំចាំបាច់ត្រូវឆ្លើយតប និងសូមទាញការចាប់អារម្មណ៍ ពីសាធារណជនទាំងក្នុង និងក្រៅប្រទេស ពីតថភាពនៅប្រទេសកម្ពុជា និងហេតុការណ៍ពិត នៃដំណើរដ៏ឈឺចាប់ខ្លោចផ្សារ និងលំបាកលំបិនរបស់កម្ពុជា ទំរាំឈានមកដល់ដំណាក់បច្ចុប្បន្ន ដែលមានការរីកចម្រើនសេដ្ឋកិច្ច-សង្គម ក្រោមម្លប់សន្តិភាព និងស្ថិរភាព ដែលយើងប្ដេជ្ញាការពារឲ្យបានជាដាច់ខាត” ៕

ដោយ ៖ អេង ប៊ូឆេង

To Top