ភ្នំពេញ ៖ មន្ដ្រីចូលនិវត្តន៍ នៃក្រសួងមហាផ្ទៃ បានសរសេរលិខិតចំហមួយផ្ញើជូន លោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោយពីមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ផ្សាយអំពីការប៉ុនប៉ង បន្ទុចបង្អាក់ដល់ដំណើរការអភិវឌ្ឍន៍ ក៏ដូចជាសុខសន្ដិភាព ដែលកម្ពុជាកំពុងមានសព្វថ្ងៃ។
ក្នុងលិខិត របស់មន្ដ្រីចូលនិវត្តន៍ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប្រទេសកម្ពុជាកំពុងខិតខំកសាង ស្តារ និងអភិវឌ្ឍខ្លួន ក្រោយងើបពីគំនរផេះផង់ នៃរបបប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិល ដែលបានបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដល់ចំណុចសូន្យ ជាពិសេសក្នុងកាលៈទេសៈ ដែលប្រជាជនកម្ពុជា កំពុងរស់នៅក្នុងសុខសន្តិភាព មានបុគ្គលអ្នកនយោបាយ ជ្រុលនិយមមួយចំនួនតូច នៅសហរដ្ឋអាមេរិក ដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ស្រលាញ់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ បាននិងកំពុងញុះញង់ មិនចេះចប់មិនចេះហើយ ឲ្យមានការដាក់ទណ្ឌកម្ម ឬចាត់វិធានការរឹតបន្ដឹងផ្សេងៗ មកលើប្រទេសកម្ពុជា ដែលជាប្រទេសទន់ខ្សោយតូចមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយក៏ធ្លាប់ជាជនរង គ្រោះដោយសារ ឥទ្ធិពលរបស់មហាអំណាច ។
ក្នុងលិខិតដដែល រៀបរាប់ថា សច្ចធម៌ប្រវត្តិសាស្ត្រ ជាច្រើនទសវត្សរ៍កន្លងមកនេះ ដែលបានបន្សល់ទុកនូវស្លាកស្នាម ប្រវត្តិសាស្ត្រដ៏ជូរចត់ រហូតមកដល់បច្ចុប្បន្ន ស្តែងឲ្យឃើញថា ក្រោយពីការបញ្ចប់ នូវរបបអាណានិគមប្រជាជនកម្ពុជា មានពេលវេលាតិចតួចបំផុត ដែលបានរស់នៅ ក្នុងសុខសន្តិភាពពេញលេញ ។
ប្រសិនបើពិនិត្យមើល ប្រវត្តិសាស្ត្រដ៏ជូរ ចត់ ខ្លោចផ្សារបស់កម្ពុជា យើងនឹងឃើញថា រដ្ឋដ៏តូច និងទន់ខ្សោយមួយនេះ បានរងគ្រោះ ឥតឈប់ឈរក្រោយរួច ផុតពីនឹមអាណានិគមនិយមបារាំង ហើយមិនយូរប៉ុន្មាន ក៏បានបន្តធ្លាក់ទៅក្នុងវិបត្តិ សង្គ្រាមជាបន្តបន្ទាប់ ដោយបាន ក្លាយជាទីតាំង នៃរណ្តៅគ្រាប់បែករាប់លានគ្រាប់ របស់សហរដ្ឋអាមេរិក មុននឹងបន្តធ្លាក់ ទៅក្នុងកណ្ដាប់ដៃនៃរបប ប្រល័យពូជ សាសន៍ដ៏យង់ឃ្នង ។
ជាងនេះទៅទៀត ប្រជាពលរដ្ឋទូទៅ សុទ្ធតែបានដឹងយ៉ាងច្បាស់ថា ខណៈដែលប្រទេសកម្ពុជា កំពុងទទួលរងទុក្ខវេទ នាយ៉ាងខ្លោចផ្សា បែរជារបបប្រល័យពូជសាសន៍មួយនេះ ត្រូវបានទទួលការគាំទ្រ យ៉ាងងងើលពីប្រទេសមួយ ចំនួនដែលស្រលាញ់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស រួមទាំងសហរដ្ឋអាមេរិក ឲ្យអង្គុយក្នុងអាសនៈ នៃអង្គការសហប្រជាជាតិ ធ្វើជាតំណាងឲ្យប្រជាពលរដ្ឋ ដែលរបបរបស់ខ្លួន កាប់សម្លាប់ទៅវិញ។
មន្ដ្រីចូលនិវត្តន៍ក្រសួងមហាផ្ទៃ បានអះអាងថា កម្ពុជាតែងមានបំណងល្អ និងខិតខំពូនជ្រុំទំនាក់ទំនង មិត្តភាព និងកិច្ច សហប្រតិបត្តិការល្អជាមួយ សហរដ្ឋអាមេរិក រួមទាំងបណ្តាប្រទេសជិតខាង និងប្រទេសជាមិត្តទាំងឡាយ។ ការវិវត្តន៍ ក្នុងរយៈពេលចុងក្រោយនេះ ឃើញថា កម្ពុជា និងសហរដ្ឋអាមេរិក តាមរយៈ លោកឯកអគ្គរដ្ឋទូត បាននិងកំពុងខិតខំស្តារ និងលើកកម្ពស់ ទំនាក់ទំនងទ្វេភាគីឲ្យកាន់តែប្រសើរឡើង ទោះបីជាជួបប្រទះ នូវបញ្ហារអាក់រអួលមួយចំនួន នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
បន្ថែមពីនេះទៀត ក្នុងនាមមន្ត្រីរាជការចូលនិវត្តន៍ និងផ្អែកតាមតថភាពនៃប្រវត្តិសាស្ត្រ មានក្តីសង្ឃឹមយ៉ាងមុតមាំថា លោកឯកអគ្គរដ្ឋទូត និងអ្នកនយោបាយគ្រប់រូប នៅសហរដ្ឋអាមេរិក នឹងបន្តចូលរួមចំណែក លើកស្ទួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ឲ្យកាន់តែប្រសើរឡើង ដើម្បីបម្រើដល់ឧត្តមប្រយោជន៍រួម របស់ប្រជាជន និងប្រទេសទាំងពីរ ហើយសូមកុំទាញកម្ពុជា ឲ្យដើរជាន់ដានប្រវត្តិសាស្រ្តខ្លួនឯង ដូចសហរដ្ឋអាមេរិកធ្លាប់ បានធ្វើមកលើកម្ពុជា នៅក្នុងទសវត្សរ៍៦០ រហូតដល់ទសវត្សរ៍៩០៕