ភ្នំពេញ៖ បណ្តាមេដឹកនាំប្រព័ន្ធផ្សព្វផ្សាយធំៗ មកពីប្រទេសមេគង្គ ឡានឆាង បានមកជួបប្រជុំគ្នា នៅក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយ អនឡាញមេគង្គ ឡានឆាង (2020 Mekong Lancang Cooperation Media Online Summit) នាទីក្រុងប៉េកាំង ប្រទេសចិន ដែលរៀបចំដោយ កាសែត People’s Daily។
លោក ទូ ហ្សិន ប្រធានកាសែត People’s Daily បានថ្លែងការស្វាគមន៍ចំពោះកិច្ចប្រជុំកំពូលនេះ ក្នុងកាលៈទេសៈដែលពិភពលោកទាំងមូល ក្នុងប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ១៩ និយាយជារួម និងដោយឡែកបណ្តាប្រទេស មេគង្គ ឡានឆាង នាឆ្នាំ២០២០នេះ។
លោក ចាត់ទុកថា កិច្ចប្រជុំនេះ មានសារៈសំខាន់និងចាំបាច់មួយ សម្រាប់បណ្តាមេដឹកនាំប្រព័ន្ធផ្សព្វផ្សាយ ក្នុងចូលរួម និងផ្លាស់ប្តូរយោបល់គ្នាទៅវិញមក ប្រកបដោយកិច្ចសហប្រតិបត្តិការល្អ ឆ្លើយតបនឹងជំងឺរាតត្បាតនេះ។
ប្រទេសមេគង្គ មាន កម្ពុជា ឡាវ វៀតណាម ថៃ និងមីយ៉ាន់ និងឡានឆាង គឺប្រទេសចិន ដែលប្រទេសទាំង៦ មានប្រជាជន ជាង ១.៦៣០ ពាន់លាននាក់ (ក្នុងប្រទេសមេគង្គ មានចំនួន២៣០លាននាក់ និងចិន ១,៤ពាន់លាននាក់) បានគ្របដណ្តប់ទៅលើសេដ្ឋកិច្ច សរុបប្រមាណ ៦០០ប៊ីលាន ដុល្លារសហរដ្ឋអាមេរិក និងមានកំណើនសេដ្ឋកិច្ច ៧%ប្រចាំឆ្នាំ នៅមុនពេល ជំងឺរាតត្បាតកូវីដ១៩ ុមកដល់។
លោក សយ សុភា នាយកប្រតិបត្តិ និងជានិពន្ធនាយក កាសែតដើមអម្ពិល បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនោះផងដែរថា “ពេលនេះ យើងកំពុងប្រឈមនូវការធ្លាក់ចុះសេដ្ឋកិច្ច ក្នុងកម្រិតក្រោមសូន្យភាគរយ នៅក្នុងឆ្នាំ២០២០នេះ នេះបើតាមការព្យាករណ៍”។
តាមរយៈសុន្ទរកថា លោក សយ សុភា តំណាងប្រតិភូអ្នកកាសែតកម្ពុជា បានលើកឡើងទៀតថា “ច្បាស់ណាស់ថា ប្រសិនបើជីវិតយើង រងការគំរាមគំហែងពីសត្រូវលាក់មុខ (កូវីដ១៩) យើងនឹងមិនអាចសម្រេចបាន នូវសេចក្តីសុខចម្រើនបាននោះទេ ដូច្នោះយើងត្រូវរួមដៃគ្នា ប្រឆាំងនឹងសត្រូវរួម គឺកូវីដ១៩”។
លោក សយ សុភា ក៏បានរំលេចផងដែរថា “ជាងនេះទៅទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានលើកឡើងផងដែរថា ស្ថិតក្នុងបរិការណ៍នេះ ដោយពិនិត្យ និងថ្លឹងថ្លែងលើទិដ្ឋភាព នៃការវិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសង្គម ទាំងក្នុង ក្របខ័ណ្ឌសកលលោក តំបន់ និងក្នុងប្រទេស រាជរដ្ឋាភិបាល សម្រេចដាក់ចេញនូវវិធានការបន្ថែម ជុំទី៦ ក្នុងគោលបំណង៖ (១). បន្តទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយពីវិបត្តិ និង (២). បន្តជួយទំនុកបម្រុងដល់ជីវភាព ប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់”។
ជាថ្មីម្តងទៀត លោក បាន វាយតម្លៃខ្ពស់ចំពោះ កិច្ចខិតប្រឹងប្រែងរបស់កាសែត People’s Daily ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយទាំងអស់ បានជួបនិងផ្លាស់ប្តូរទស្សនៈយោបល់ ក្រោមប្រធានបទ “ធ្វើឱ្យប្រសើរនូវកិច្ចសហប្រតិបត្តិការ ឆ្លើយតបទៅនឹងជំងឺកូវីដ១៩ និងការរើបឡើងវិញសេដ្ឋកិច្ច”។
លោក សយ សុភា បន្ថែមថា “មុននឹងបញ្ចប់ តាងនាមឱ្យអ្នកកាសែតកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាបណ្តាប្រទេសមេគង្គ ខ្ញុំសូមស្នើឱ្យមិត្តចិន ក្នុងករណីផលិតបាន វ៉ាក់សាំងការពារជំងឺកូវីត១៩ សូមមេត្តាផ្តល់ វ៉ាក់សាំងនោះ ដោយឥតគិតថ្លៃ ដល់ប្រទេសជាសមាជិកមេគង្គឡានឆាង និងសង្ឃឹមជឿជាក់ថា ប្រទេសចិន នឹងផ្តល់ការគាំទ្រលើសំណើរនេះ”។
គួរបញ្ជាក់ថា នេះជាកិច្ចប្រជុំលើកទី៤ហើយ សម្រាប់កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយ មេគង្គ ឡានឆាង ។
ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់ទី១ នៅអាស៊ី និងលេខ៣ ក្នុងពិភពលោក ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩៕
ដោយៈ សយ សុជាតា