បច្ចេកវិទ្យា

ក្រសួងមហាផ្ទៃ ប្រាប់អំពីវិធីសាស្ត្រចំនួន២ ដើម្បីបង្កើនសុវត្ថិភាពកម្មវិធី តេឡេក្រាម

ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា បច្ចុប្បន្នវិស័យបច្ចេកវិទ្យា កំពុងរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា ការទំនាក់ទំនងបានប្រែក្លាយ ពីការបញ្ជូនសារដោយសំបុត្រ មកជាការបញ្ជូនសារ តាមបែបអេឡិចត្រូនិក ដែលការផ្ញើនិងទទួលមាន ល្បឿនលឿនទាន់ចិត្ត។

យោងតាមគេហទំព័រ ហ្វេសប៊ុករបស់ នាយកដ្ឋានព័ត៌មានវិទ្យា នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០ បានបញ្ជាក់ថា តេឡេក្រាម (Telgram) គឺជាកម្មវិធីផ្ញើសារ អេឡិចត្រូនិក ដែលកំពុងពេញនិយមនៅកម្ពុជា ហើយត្រូវបានប្រើប្រាស់ តាមបណ្តាស្ថាប័នឯកជន និងស្ថាប័នរដ្ឋ ដើម្បីបញ្ជូនព័ត៌មាន និងឯកសារផ្សេងៗ។ ម្យ៉ាងវិញទៀតកម្មវិធីនេះ អាចដំឡើងទាំងនៅលើកុំព្យូទ័រ ឬទូរស័ព្ទបានច្រើនគណនី ក្នុងពេលតែមួយ (លេខទូរស័ព្ទតែមួយ)។

ដើម្បីបង្កើនសន្តិសុខគណនី Telegram អ្នកអាចធ្វើការដំឡើង Settings មួយចំនួន ដូចខាងក្រោម៖

ទី១-ជម្រើសផ្នែកសុវត្ថិភាព (Security Settings)៖ ជាការដាក់លេខសម្ងាត់ ការពារកម្មវិធី Telegram លើទូរស័ព្ទ ឬកុំព្យូទ័រ (ប៉ុន្តែមិនជាអចិន្ត្រៃយ៍) ដោយអនុវត្តវិធីសាស្ត្រ ដូចខាងក្រោម៖

  • ជ្រើសរើសយក Settings បន្ទាប់មកចុចយក Privacy and Security។
  • ជ្រើសរើសយក Passcode & Touch ID / Turn on local passcode។
  • ជ្រើសរើសយក Turn Passcode On បន្ទាប់មកបញ្ចូលលេខសម្ងាត់ ដើម្បីការពារការលួចចូលគណនី ដោយគ្មានការអនុញ្ញាត។
  • បន្ទាប់មកធ្វើការកំណត់ Auto-Lock ឬភ្ជាប់លេខសម្ងាត់ជាមួយនឹងក្រយ៉ៅដៃ។

និងទី២-ការដំឡើង 2FA (Two-Step Verification)៖ Two-Step Verification ក្នុងកម្មវិធី Telegram ប្រើប្រាស់ដើម្បីការពារគណនី របស់អ្នកពីការលួចចូលប្រើប្រាស់ (ជាអចិន្ត្រៃយ៍) បើទោះបីជនអនាមិកធ្វើការលួចយកសារ SMS ឬគ្រប់គ្រងចូលទៅកាន់គណនី Telegram របស់អ្នកក៏ដោយ ក៏ពួកគេតម្រូវឲ្យវាយបញ្ចូលលេខ សម្ងាត់ 2FA ម្តងទៀត មុននឹងអាចចូលទៅប្រើប្រាស់គណនី Telegram របស់អ្នក។ ដើម្បីដំឡើង 2FA សូមអនុវត្តវិធីសាស្ត្រ ដូចខាងក្រោម ៖

  • ជ្រើសរើសយក Settings បន្ទាប់មកចុចយក Privacy and Security។
  • ជ្រើសរើសយក Two-Step Verification ។
  • វាយបញ្ចូលលេខសម្ងាត់ ដែលពិបាកទាយ ដើម្បីការពារគណនី Telegram បន្ទាប់មកចុច Next។
  • រាល់ការចូលប្រើប្រាស់គណនី Telegram លើទូរស័ព្ទ ឬកុំព្យូទ័រថ្មី តម្រូវវាយបញ្ចូលលេខសម្ងាត់ 2FA ជាចាំបាច់ ៕
To Top