ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ក្រុមអ្នកនយោបាយបក្សប្រឆាំង ទទួលបរាជ័យជាបន្ដបន្ទាប់ ដោយចំណាត់ការទាន់ពេលវេលារបស់ រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ ៖ ក្រោយពីក្រុមអ្នកនយោបាយបក្សប្រឆាំង តែងតែផ្សព្វផ្សាយ ដំណឹងក្លែងក្លាយបំពុលសង្គម និងទំលាក់កំហុ សមកលើរាជរដ្ឋាភិបាលកម្ពុជា នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា រាល់ឧបាយកល ដ៏ពិសពុលរបស់ក្រុមអគតិ និងពួកឱកាសនិយមទាំងនេះ ត្រូវទទួលបរាជ័យជាបន្តបន្ទាប់ ដោយចំណាត់ការសមស្រប និងទាន់ពេលវេលារបស់រាជរដ្ឋាភិបាល។

តាមរយៈសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មាន ស្ដីពី «តួនាទីសារព័ត៌មាន ក្នុងបរិបទជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ» នាថ្ងៃ ទី១៩ ខែធ្នូ ឆ្នាំ២០២០ ចេញផ្សាយនាពេលថ្មីៗនេះ បានបញ្ជាក់ថា ក្នុងស្ថានភាពដ៏គ្រោះថ្នាក់ដែលកម្ពុជា និងសកលលោកទាំងមូល កំពុងទទួលរងគ្រោះមហន្តរាយ បង្កឡើងដោយជំងឺកូវីដ-១៩ ដ៏គួរឲ្យព្រួយបារម្ភ។ ក្នុងស្ថានភាពបែបនេះ មានក្រុមអ្នកនយោបាយបក្សប្រឆាំង និងក្រុមឱកាសនិយមមួយចំនួន ដែល ប្រឆាំងនឹងការរស់ឡើងវិញ របស់ប្រជាជនកម្ពុជា បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមនានា ធ្វើការផ្សព្វផ្សាយដំណឹងក្លែងក្លាយ បំភ្នែការពិត បំប៉ោង សភាពការណ៍ បំពុលបរិយាកាសសង្គម ដើម្បីបង្កភាពវឹកវរ និងចលាចលនៅក្នុងសង្គម ហើយទំលាក់កំហុស មកលើរាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្រប ច្បាប់ ហើយអូសទាញប្រទេសជាតិ ឲ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ដើម្បីបម្រើមហិច្ចតា លោភលន់របស់ពួកគេ។

សម្ដេចតេជោ មានប្រសាសន៍ថា «ប៉ុន្តែរាល់ឧបាយកល ដ៏ពិសពុលរបស់ក្រុមអគតិ និងពួកឱកាសនិយមទាំងនេះ ត្រូវបានទទួលបរាជ័យជាបន្តបន្ទាប់ ដោយចំណាត់ការសមស្រប និងបានទាន់ពេលវេលា របស់រាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមពីស្ថាប័នសារព័ត៌មាន ដែលបានផ្សព្វផ្សាយព័ត៌មាន និងធ្វើការបកស្រាយ អំពីល្បិចកលដ៏ពិសពុល របស់ក្រុមអគតិ និងពួកឱកាសនិយម ជូនប្រជាពលរដ្ឋបានយល់ដឹង ពីសភាពការណ៍ពិតនៅកម្ពុជា»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរ ចំពោះអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មាន ដែលបានខិតខំបំពេញភារកិច្ចនាពេលកន្លងមក ទោះបីសភាពការណ៍ នៅលើសកលលោក ក៏ដូចជានៅកម្ពុជា កំពុងប្រឈម ទៅនឹងការរីករាលដាល នៃការឆ្លងជំងឺកូវីដ -១៩ ទៅក្នុងសហគមន៍ ក៏អ្នកសារព័ត៌មាន បានខិតខំពុះពាររាល់ឧបសគ្គ ដែលប្រឈមនឹងគ្រោះថ្នាក់ និងជំនះរាល់ការលំបាកនានា ដើម្បីបំពេញការងាររបស់ខ្លួន យ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន បានរហ័សទាន់ពេលវេលា ជូនប្រជាពលរដ្ឋបានដឹង។

សម្ដេចតេជោ ក៏បានអំពាវនាវ ដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់ និងគោរពគោលការណ៍ «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» និងចូលរួម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានអប់រំ និងវិធានការ សុវត្ថិភាពរបស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋឲ្យយល់ដឹងច្បាស់ និងចូលរួមប្រឆាំងទប់ស្កាត់ និងលុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ ដែលកំពុងឆ្លងចូលទៅក្នុងសហគមន៍៕

ដោយ ៖ អេង ប៊ូឆេង

To Top