ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន គាំទ្រគម្រោងស្រូវមិត្តភាព សង្គ្រោះសត្វព្រៃ ព្រោះជាឧត្តមានុវត្តមួយនៃយន្តការការទូទាត់ សេវាបរិស្ថានដែលមានការចូលរួមពីសហគមន៍ មូលដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិដោយរួមចំណែក ការពារធនធានធម្មជាតិ និងអភិរក្សជីវៈ ចម្រុះនៅកម្ពុជា។
ក្នុងពិធីសម្ពោធក្រុមហ៊ុនអាយប៊ីសរ៉ាយស៍ ខន់សើវសិន និងពិនិត្យមើលខ្សែសង្វាក់វេចខ្ចប់អង្ករមិត្តភាពសង្គ្រោះសត្វ ព្រៃ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោក សាយ សំអាល បានបង្ហាញការគាំទ្រចំពោះលក្ខ ខណ្ឌដែលគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ (ឬស្រូវត្រយងយក្ស ឬស្រូវអាយប៊ីស) អនុវត្តតាមគោលការណ៍ សរីរាង្គសំខាន់ៗ ដែលផ្សារភ្ជាប់ជាមួយនឹងការគោរពបទដ្ឋានបរិស្ថាន និងការការពារធនធានធម្មជាតិ។
លោកអំណរគុណដល់ អង្គការ WCS អង្គការសន្សំម្លប់ព្រៃ ក្រុមហ៊ុនអាយប៊ីសរ៉ាយស៍ និង ដៃគូដែលបានយកគម្រោងនេះមកអនុវត្តជាមួយប្រជាកសិករ ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ និង បានលើកទឹកចិត្តឲ្យគម្រោងបន្តពង្រីកសកម្មភាពទៅតំបន់ផ្សេងៗទៀត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងការបង្កើនកេរ្ត៍ឈ្មោះផលិតផលស្រូវត្រយងនៅលើទីផ្សារក្នុងស្រុក និងនាំចេញទៅអន្តរជាតិកាន់តែច្រើន។
នាឱកាសនោះលោក កែន សេរីរដ្ឋា នាយកកម្មវិធី ប្រចាំប្រទេសនៃអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា(WCS) បានឲ្យដឹងថា ការអនុវត្តគម្រោងស្រូវត្រយង អនុវត្តទទួលបានជោគជ័យនៅដែន ជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ និងដែនជម្រកសត្វព្រៃសៀមប៉ាង នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងបន្ទាប់មកបានទៅដល់ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន ផលិតផលស្រូវត្រយង រួមមាន៖ អង្ករអាយប៊ីស អាហារសម្រន់អាប៊ីស និងនំដុតអាយប៊ីស ត្រូវបានផលិត និងនាំយកទៅលក់នៅលើទីផ្សារធំៗក្នុងស្រុក និងទីផ្សារអន្តរជាតិ។
សូមបញ្ជាក់ថា គម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ បានកំណត់ឲ្យកសិករទាំងអស់គោរពតាមគោលការណ៍សរីរាង្គ ចំនួន១២ចំណុច ក្នុងនោះរួមមាន៖ គោរព គោលការណ៍សរីរាង្គ ដែលមិនប្រើប្រាស់ជីគីមី ឬក៏ថ្នាំគីមី ឬថ្នាំសម្លាប់សត្វល្អិតមួយចំនួនទៀត គោរពទៅនឹងគោលការណ៍ដាំដុះតាមបទដ្ឋានបច្ចេកទេស និងមិនកាប់រានដីព្រៃបន្ថែម ព្រមទាំងត្រូវចូលរួមការពារ និងអភិរក្សសត្វព្រៃ។ បើអនុវត្តបាន កសិករមានសិទ្ធិពេញលេញក្នុងការលក់ស្រូវជូនគម្រោង ក្នុងតម្លៃលើសទីផ្សារ៕