នយោបាយ

វិភាគ ៖ លោក ត្រាំ ត្រួសត្រាយផ្លូវ អោយចិន ដណ្តើមអឺរ៉ុប ពីដៃអាមេរិក បានយ៉ាងងាយ

បច្ចុប្បន្នភាព

BBC បានផ្សព្វផ្សាយថា ការប្រកាន់យកគោលនយោបាយ គិតប្រយោជន៍អាមេរិក ជាអាទិភាព (America First) របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីជិតផុតអាណត្តិ របស់សហរដ្ឋអាមេរិក កំពុងធ្វើអោយប្រទេសចិន មានឱកាសកាន់តែច្រើន ក្នុងការដណ្តើមយកប្រទេស ជាសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក ទៅជាមិត្តរបស់ចិនវិញ ។

ប្រភពដដែលបានបន្តថា រយៈពេលជិត៤ឆ្នាំកន្លងមកនេះ ក្នុងអាណត្តិជាប្រធានាធិបតីអាមេរិក របស់លោក ត្រាំ ប្រធានាធិបតីជិតផុតអាណត្តិរូបនេះ បានធ្វើអោយប៉ះពាល់យ៉ាងខ្លាំង ដល់ប្រទេសជាសម្ព័ន្ធមិត្តអាមេរិក នៅជុំវិញពិភពលោក ជាពិសេសគឺនៅសហភាពអឺរ៉ុប ដែលជាតំបន់ជិតស្និទ្ធបំផុត ជាមួយសហរដ្ឋអាមេរិក ។
អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ បានលើកឡើងថា សហភាពអឺរ៉ុប គឺជាតំបន់គោលដៅរបស់ប្រទេសចិន ក្នុងការដណ្តើមយក ពីសហរដ្ឋអាមេរិក តាមរយៈការពង្រីកទំនាក់ទំនង ផ្នែកពាណិជ្ជកម្ម ការទូត និងនយោបាយការបរទេស ដោយសារតែបណ្តាប្រទេស នៅក្នុងតំបន់នេះ មានជីវភាពធូរធា មានឧស្សាហកម្មជឿនលឿន និងមានទំនើបកម្មប្រព័ន្ធការពារជាតិ ។

មេដឹកនាំរបស់ប្រទេសចិន បានចំណាយពេលអស់ជាងមួយទសវត្សរ៍កន្លងមកហើយ ក្នុងការស្វែងរកឱកាស ដណ្តើមយកសហភាពអឺរ៉ុបទាំងមូល ពីដៃសហរដ្ឋអាមេរិក ប៉ុន្តែចិនមិនសូវមានឱកាសល្អ តែគាប់ជួននឹងលោក ត្រាំ បានឡើងកាន់តំណែង ជាមេដឹកនាំអាមេរិក ចិនមានមានឱកាសកាន់តែច្រើន ដោយសារលោក ត្រាំ ត្រួសត្រាយផ្លូវអោយ ។

យុទ្ធសាស្ត្រដំបូងរបស់ចិន ក្នុងការដណ្តើមយកអឺរ៉ុប ពីដៃអាមេរិក គឺផ្តោតសំខាន់ទៅលើកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ដែលចិន និងអឺរ៉ុប បានជួបចរចាគ្នា អស់រយៈពេលជិត៧ឆ្នាំកន្លងមកហើយ គឺចាប់តាំងពីឆ្នាំ២០១៣ ហើយភាគីចិន និងអឺរ៉ុប បានសន្យាថា ខ្លួននឹងអាចបញ្ចប់កិច្ចចរចាពាណិជ្ជកម្ម មិនអោយហួសពីឆ្នាំ២០២០នេះទេ ។

សូមបញ្ជាក់ជូនថា កិច្ចចរចាស្តីពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មរវាងចិន និងអឺរ៉ុប ត្រូវបានធ្វើឡើងចំនួន៣៥ជុំហើយ ហើយនៅជុំចុងក្រោយនេះ ភាគីទាំងពីរបានជួបចរចាគ្នា កាលពីថ្ងៃអង្គារ ទី២៩ ខែធ្នូនេះ ក្នុងបំណងសម្រេចអោយបានកិច្ចព្រមព្រៀង ពាណិជ្ជកម្មថ្មីមួយអោយបានមុនឆ្នាំ២០២១ ក្នុងពេលដែលលោកស្រីអធិការបតីអាល្លឺម៉ង់ ជាប្រធានប្តូរវេនអឺរ៉ុប ។
ពង្រាងនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មថ្មីរវាងចិន និងអឺរ៉ុប គឺខាងអឺរ៉ុបមានទំហំទឹកប្រាក់ វិនិយោគនៅប្រទេសចិន ប្រមាណជាង១៥០ពាន់លានអឺរ៉ូ និងចិនវិនិយោគ នៅសហភាពអឺរ៉ុប មានតម្លៃទឹកប្រាក់ប្រមាណ ជាង១៣០ពាន់លានអឺរ៉ូ ហើយក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ អឺរ៉ុបបានបោះទុនវិនិយោគនៅចិន ក្នុងតម្លៃទឹកប្រាក់ក្នុងរង្វង់ ៧ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ និងចិនបោះទុនវិនិយោគ នៅអឺរ៉ុបក្នុងតម្លៃទឹកប្រាក់ក្នុងរង្វង់ ៥ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ ។

ចិនបានទាមទារ អោយសហភាពអឺរ៉ុប ឈប់ការពារ ឬរឹតត្បិតការវិនិយោគ របស់ចិនលើវីស័យសំខាន់ៗមួយចំនួន ដែលអឺរ៉ុប បានចាត់ទុកជា វិស័យគន្លឹះយុទ្ធសាស្ត្រដូចជា វិស័យទូរគមនាគមន៍ និងថាមពលជាដើម ហើយចិនចង់អោយមានការធានា ក្នុងការវិនិយោគរបស់ខ្លួនលើការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ (5G) របស់ក្រុមហ៊ុន Huawei ។
ចំណែកអឺរ៉ុបវិញ ចង់ឃើញក្រុមហ៊ុនរបស់ខ្លួន ទទួលបានសិទ្ធិវិនិយោគនៅប្រទេសចិន ដូចដែលក្រុមហ៊ុនចិន បានទទួលពីការវិនិយោគ នៅលើទឹកដីអឺរ៉ុបដែរ ដោយអឺរ៉ុបបានទាមទារអោយចិន គោរពកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនអឺរ៉ុប ទៅតាមកិច្ចព្រមព្រៀង រវាងភាគីទាំងពីរតាមរយៈកិច្ចចរចា នៅជុំចុងក្រោយនេះ ។

នៅក្នុងកិច្ចចរចាទាំង៣៥ជុំរវាងប្រទេសចិន និងសហភាពអឹរ៉ុប ភាគីទាំងពីរបានដាក់លក្ខខណ្ឌទៅវិញទៅមក តាមការចង់បាន ហើយកិច្ចព្រមព្រៀង ពាណិជ្ជកម្មថ្មីរវាងភាគីទាំងពីរនេះ ទំនងជាមិនមានបញ្ហារាំងស្ទះនោះទេ ប្រសិនបើចិនសម្រេចផ្តល់សម្បទាន ទៅអោយសហភាពអឺរ៉ុប តាមការចង់បាន ហើយកិច្ចចរចា នៅជុំចុងក្រោយនេះ ប្រទេសចិនទំនងជាមិនអាចបដិសេធ នឹងការទាមទាររបស់សហភាពអឺរ៉ុបបានទេ ដោយសារតេចិនចង់ដណ្តើមតំបន់នេះ ពីដៃសហរដ្ឋអាមេរិក ខណៈដែលអឺរ៉ុប នៅខឹងអាមេរិករបស់លោក ត្រាំ នៅឡើយ ។

ដើមចមនាំអោយកើតរឿង

លោក ហ្សង់ ស្តូលតិនបឺក (Jens Stoltenberg) ប្រធានអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលហៅកាត់ថា ណាតូ (Nato) បាននិយាយថា ដើមចមដែលនាំអោយប្រទេសចិន ចង់ដណ្តើមសហភាពអឺរ៉ុប ពីដៃរបស់សហរដ្ឋអាមេរិក គឺដោយសារអឺរ៉ុប ជាតំបន់ធំដែលមានសមាជិក រហូតដល់២៧ប្រទេស និងជាតំបន់មានទំនើបកម្មខ្លាំង ផ្នែកការពារជាតិ ។

លោក ហ្សង់ ស្តូលតិនបឺក បានបន្ថែមថា អឺរ៉ុបគឺជាតំបន់ខ្នងបង្អែកដ៏រឹងមាំ និងជាតំបន់ជន្ទល់ ផ្នែកយោធា របស់សហរដ្ឋអាមេរិក ក្នុងការទប់ទល់ជាមួយ នឹងឥទ្ធិពលយោធារបស់ប្រទេសរុស្ស៊ី នៅក្នុងតំបន់នេះ ហើយប្រសិនបើអឺរ៉ុបធ្លាក់ទៅក្រោមឥទ្ធិពល របស់ប្រទេសចិននៅពេលខាងមុខ អង្គការណាតូ ក៏អាចស្ថិតនៅក្រោមសម្ពាធ របស់ចិនដែរ ។

សូមបញ្ជាក់ជូនថា អង្គការណាតូ ត្រូវបានបង្កើតឡើង ចាប់តាំងពីឆ្នាំ១៩៤៩កន្លងទៅ និងមានប្រទេសជាសមាជិក ចំនួន៣០ប្រទេស ដែលសមាជិកភាគច្រើន របស់អង្គការនេះ គឺជាប្រទេសនៅតំបន់អឺរ៉ុប មានសហរដ្ឋអាមេរិក ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ជាដើម ដែលមានគោលដៅទប់ទល់ ជាមួយឥទ្ធិពលរបស់ប្រទេសរុស្ស៊ីនៅក្នុងតំបន់ ។
ប្រសិនបើប្រទេសចិន ដណ្តើមបានសហភាពអឺរ៉ុប ពីសហរដ្ឋអាមេរិកនៅពេលខាងមុខ ដោយមានទំនាក់ទំនងរឹងមាំ ផ្នែកពាណិជ្ជកម្ម និងបច្ចេកវិទ្យាទៅតាមការចង់បាន របស់ចិនមែននោះ ឥទ្ធិពល របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់នេះអាចនឹងធ្លាកចុះ ហើយចិន និង រុស្ស៊ី នឹងមានឱកាសកាន់តែទូលំទូលាយ ក្នុងការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ក្នុងដណ្តើមឥទ្ធិពលនៅអឺរ៉ុប និងនៅជុំវិញពិភពលោក ៕
ដោយ ៖ អ៊ី ជិន

To Top