នយោបាយ

ស្ថានទូតចិន​ ប្រចាំកម្ពុជា រំលឹកព័ត៌មានសំខាន់ៗ ទាំង១០ ស្តីអំពីទំនាក់ទំនងចិន និងកម្ពុជា ប្រចាំឆ្នាំ ២០២០

ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជានៅថ្ងៃទី១ ខែ មករា ឆ្នាំ ២០២១នេះ បានរំលឹកឡើងវិញនូវព័ត៌មានសំខាន់ៗទាំង១០ ស្តីអំពីទំនាក់ទំនងចិន និងកម្ពុជា ប្រចាំឆ្នាំ ២០២០ ដែលមានជាបន្តបន្ទាប់ ដូចខាងក្រោម ៖

*សម្តេចតេជោបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុង"ដំណើរបញ្ច្រាសទិស"

នាថ្ងៃទី ៥ ខែកុម្ភៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបំពេញទស្សនកិច្ច ទៅកាន់ប្រទេសចិន ហើយសម្តេចក៏បានក្លាយជា ថ្នាក់ដឹកនាំបរទេសដំបូងគេ ដែលបានបំពេញទស្សនកិច្ច ក្នុងប្រទេសចិន ក្រោយពេលដែលកំពុងតែមានការផ្ទុះឡើង នៃជំងឺវីរុសកូវីដ-១៩ ។ ក្នុងអំឡុងពេល នៃការបំពេញទស្សនកិច្ច សម្តេចបានអញ្ជើញជួបពិភាក្សា ជាមួយឯកឧត្តម ប្រធានាធិបតី Xi Jinping និងឯកឧត្តម នាយករដ្ឋមន្រ្តី Li Keqiang ។ ដំណើរទស្សនកិច្ចនេះ ទទួលបានការឆ្លើយតបយ៉ាងខ្លាំង រវាងប្រទេសទាំងពីរ មិត្តក្នុងបណ្ដាញអ៊ីនធើណេតចិន ជាច្រើនបាននិយាយថា សម្ដេចជា "បុរសសង្ហាដើរបញ្ច្រាសទិស" ព្រមទាំងយល់ថា ដំណើរទស្សនកិច្ចនេះ បានយកសកម្មភាពជាក់ស្តែង មកបង្ហាញពីអត្ថន័យស្នូលចម្បង នៃសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា ដែលរួមគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ ។

*លំហាត់សមយុទ្ធ"នាគមាស២០២០"ត្រូវបានរៀបចំឡើង ដោយកងទ័ពចិននិងកម្ពុជា

នាថ្ងៃទី ១៥ ដល់ ៣០ ខែមីនា លំហាត់សមយុទ្ធ"នាគមាស២០២០"រវាងចិននិងកម្ពុជា ត្រូវបានរៀបចំឡើងយ៉ាងជោគជ័យក្នុងទឹកដី នៃខេត្តកំពតប្រទេសកម្ពុជា ។ ទាហានជើងគោក នៃកងទ័ពរំដោះប្រជាជនចិនចំនួន ២៦៥ រូប និងគ្រឿងសព្វាវុធជាច្រើនមុខ សរុបជាង ២៥០ ប្រភេទ (ឈុត) មានវត្តមានក្នុងពិធីខាងលើ ហើយចំនួនសរុប នៃការចូលរួម របស់កងទ័ពទាំងពីរលើសពី ៨០០ នាក់ ។ នេះជាលំហាត់ បាញ់គ្រាប់ពិត និងមានវត្តមានចូលរួម ពីកងទ័ពតែមួយគត់ ដែលកងទ័ពចិនបានដឹកនាំរួមគ្នា ជាមួយកងទ័ពបរទេស ខណៈដែលកំពុងតែមានការផ្ទុះឡើង នៃជំងឺវីរុសកូវីដ-១៩ ទាំងការធ្វើលំហាត់ និងការការពារជំងឺវីរុស ។ នេះបង្ហាញពីកម្រិតខ្ពស់ នៃកិច្ចសហប្រតិបត្តិការ រវាងយោធាទាំងពីរប្រទេស ។

*រដ្ឋាភិបាលនិងយោធាចិន បានចាត់បញ្ជូនក្រុមអ្នកជំនាញ វេជ្ជសាស្រ្តមកកាន់ប្រទេសកម្ពុជា សម្រាប់កិច្ចទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩

នាថ្ងៃទី ២៣ ខែមីនា ក្រុមអ្នកជំនាញវេជ្ជសាស្រ្ត ដែលបញ្ជូនដោយភាគីចិន មកកាន់កម្ពុជា សម្រាប់កិច្ចទប់ស្កាត់ នឹងជំងឺវីរុសកូវីដ-១៩ បានមកដល់រាជធានីភ្នំពេញ តាមជើងហោះហើរពិសេស ពួកគេបានបំពេញកិច្ចការងារ ទប់ស្កាត់នឹងជំងឺវីរុស ក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល ២ សប្ដាហ៍។ នេះជាក្រុមអ្នកជំនាញ ទប់ស្កាត់នឹងជំងឺវីរុសទី ១ ដែលរដ្ឋាភិបាលចិន បានចាត់បញ្ជូនមកកាន់ប្រទេសជិតខាង ចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺវីរុសមួយនេះមក។ អំឡុងពេល នៃការស្នាក់នៅក្នុងប្រទេសកម្ពុជា ពួកគេបានចុះពិនិត្យកន្លែងសំខាន់ៗ ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុជាដើម បានជួយស្ថាបនា និងកែលម្អប្រព័ន្ធទប់ស្កាត់លើជំងឺវីរុស ជូនដល់ក្រសួងសុខាភិបាលកម្ពុជា ក៏ទទួលបានការវាយតម្លៃខ្ពស់ ពីរាជរដ្ឋាភិបាល និងគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា ។ នាថ្ងៃទី ២៤ ខែមីនា ក្រុមអ្នកជំនាញយោធាចិន ក្នុងកិច្ចទប់ស្កាត់ នឹងជំងឺវីរុស បានមកដល់កម្ពុជា នេះជាក្រុមជំនាញ យោធាចិនដំបូង គេបង្អស់លើកិច្ចទប់ស្កាត់ នឹងជំងឺវីរុសដែលត្រូវបានចាត់បញ្ជូន មកកាន់ប្រទេសជិតខាង លើសកលលោក ក៏បានបង្ហាញពីមនោសញ្ចេតនា នៃកងទ័ពទាំងពីរ ប្រៀបដូចបងប្អូនដែលរួមសុខទុក្ខ លើក្បូនតែមួយ និងជួយគ្នាទៅវិញទៅមក ។

*កិច្ចសហប្រតិបត្តិការ រវាងចិន និងកម្ពុជា រួមគ្នាពុះពាររាល់ការ លំបាក

ក្រោយពី មានការផ្ទុះឡើង នូវជំងឺវីរុសមករដ្ឋាភិបាល និងប្រជាជនចិន និងកម្ពុជា បានជួយគ្នាទៅវិញទៅមក ពុះពាររាល់ឧបសគ្គទាំងឡាយ បង្កើតបានជាគំរូសម្រាប់សហគមន៍ អន្តរជាតិ លើកិច្ចសហប្រតិបត្តិការ ទប់ស្កាត់នឹងជំងឺមួយនេះ ។ ក្រោយពីមានការផ្ទុះឡើង នៃជំងឺវីរុសក្នុងប្រទេសចិនមក ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលព្រះអង្គទាំងទ្វេរ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យ និងសម្ភារៈជាច្រើនអនេកជូនដល់ភាគីចិន ។ ប្រជាជន កម្ពុជា ដែលជាប់សែស្រឡាយចិន និងគ្រប់មជ្ឈដ្ឋាន ទាំងឡាយបាន ផ្តល់ជំនួយជាច្រើន មកកាន់ប្រទេសចិន ហើយសម្ភារៈទប់ស្កាត់នឹងជំងឺវីរុស ដែលបានបញ្ជូនទៅដល់ទីក្រុង Wuhan ប្រទេសចិន មុខគេបង្អស់ គឺមកពីប្រទេសកម្ពុជា ។ សិស្សនិស្សិតកម្ពុជា បានពោលព្រមៗគ្នាថា ខ្លួននឹងបន្តស្នាក់អាស្រ័យក្នុងទីក្រុង Wuhan និងរួមគ្នាពុះពាររាល់ការលំបាក ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតចិន ។ ក្រោយពីកម្ពុជា មានការផ្ទុះឡើង នូវជំងឺវីរុសកូវីដ-១៩មក ភាគីចិនបានផ្តល់ជំនួយ ជាច្រើនសន្ធឹកសន្ធាប់ ជូនដល់កម្ពុជា ។ ដើម្បីជួយសម្រួល ដល់បញ្ហាកង្វះខាត នៃវត្ថុធាតុដើមក្នុងវិស័យ វាយនភណ្ឌកាត់ដេរ ក្នុងប្រទេសកម្ពុជា ភាគីចិនបានធានាផ្គត់ផ្គង់ជូនកម្ពុជា ខណៈដែលខ្លួនកំពុងតែពុះពារ នូវការលំបាក ។ រដ្ឋាភិបាលនិងយោធាចិន បានចាត់បញ្ជូនក្រុមអ្នកជំនាញ វេជ្ជសាស្រ្តមកកាន់ប្រទេសកម្ពុជា សម្រាប់កិច្ចទប់ស្កាត់ នឹងជំងឺវីរុសកូវីដ-១៩ចំនួន ២ ក្រុម ក៏បានដឹកជញ្ជូនសម្ភារៈ ទប់ស្កាត់នឹងជំងឺវីរុស ជូនដល់ភាគីកម្ពុជា តាមរយៈយន្តហោះពិសេសចំនួន ៦ គ្រឿង សម្ភារៈទាំងនោះរួមមានឧបករណ៍ ការពារ នឹងជំងឺវីរុស និងNucleic acid detection reagent ជាដើម ដែលមានតម្លៃសរុបជាង ដប់លានដុល្លារសហរដ្ឋអាមេរិក ។ ប្រឈមមុខ ជាមួយនឹងជំងឺវីរុស ចិននិងកម្ពុជា បានយកសកម្មភាពជាក់ស្តែង មកបង្ហាញពីអត្ថន័យស្នូលសំខាន់ នៃសហគមន៍ជោគវាសនារួម រវាងប្រទេសទាំងពីរ ។

*ចិននិងកម្ពុជា បានចុះហត្ថលេខាលើពិធីសារ ស្តីអំពីការនាំចេញផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិន

នាថ្ងៃទី៩ ខែមិថុនា ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃកម្ពុជា បានចុះហត្ថលេខាលើពិធីសារ ស្តីអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយ ទៅកាន់ប្រទេសចិន នេះបានបង្ហាញពីទីផ្សារចិន បានបើចំហថែមមួយកម្រិតទៀត ជូនដល់ផលិតផលកសិកម្មកម្ពុជា ផ្លែស្វាយនឹងក្លាយជាផ្លែឈើត្រូពិកកម្ពុជា ទីពីរ ដែលត្រូវបានអនុញ្ញាតនាំចេញ ទៅកាន់ប្រទេសចិន បន្តពីផ្លែចេក ។

*ចិននិងកម្ពុជា បានរៀបចំកិច្ចប្រជុំ គណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាល លើកទី ៥

នាថ្ងៃទី ១៦ ខែមិថុនា ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តី នៃក្រសួងការបរទេសចិន និងឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាល រវាងចិននិងកម្ពុជា លើកទី ៥ រួមគ្នា ហើយកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ដោយតាមរយៈVideo Conference ។ នេះជាកិច្ចប្រជុំយន្តការថ្នាក់ឧបនាយករដ្ឋមន្រ្តី របស់ប្រទេសចិន ដែលរៀបចំឡើងជាមួយប្រទេស ជាមិត្តក្រោយពីមានការផ្ទុះឡើង នូវជំងឺវីរុសកូវីដ-១៩។ ភាគីទាំងពីរ បានបូក សរុបសមិទ្ធផលសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមាននៅក្រោយកិច្ចប្រជុំលើកទី ៤ បានរៀបចំយ៉ាងគ្រប់ជ្រុងជ្រោយ សម្រាប់ ការអភិវឌ្ឍន៍ ដំណាក់កាលបន្ទាប់ សម្រាប់ទំនាក់ទំនង នៃប្រទេសទាំងពីរ ក៏បានចុះហត្ថលេខា លើអនុស្សារណៈ នៃការយោគយល់គ្នា ស្តីអំពីការលើកកម្រិតភារកិច្ច របស់គណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាល រវាងចិននិងកម្ពុជា ដែលស្ថិតក្នុងស្ថានភាពថ្មី ។

*ការវិនិយោគ របស់ចិន មកកាន់កម្ពុជាមានកំណើនកើនឡើង ទោះបីជាស្ថិតក្នុងស្ថានភាព នៃជំងឺវីរុសកូវីដ-១៩ក៏ដោយ

ចាប់ពីខែ មករា ដល់ ខែវិច្ឆិកា ឆ្នាំ ២០២០ ការវិនិយោគ ដោយផ្ទាល់របស់ចិន ក្នុងប្រទេសកម្ពុជា មានចំនួន ៨៦០ លានដុល្លារ សហរដ្ឋអាមេរិក បើធៀបជាមួយ នឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៩ មានកំណើន ៧០% ។ គម្រោងវិនិយោគសំខាន់ៗនៅកម្ពុជា បានពុះពាររាល់ផលប៉ះពាល់ នៃជំងឺវីរុសកូវីដ-១៩ និងបានដំណើរការ ទៅមុខយ៉ាងរលូន ហើយស្ថានីយ៍អគ្គិសនី Huadian ខេត្តព្រះសីហនុ ដែលដើរដោយថាមពល កម្តៅបានបញ្ចប់ការតម្លើងគ្រោងដែក នៃរោងចក្រ ។ ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ បានបញ្ចប់ ៣៩% នៃសំណង់វិស្វកម្មសរុប ។ ចំនួនសហគ្រាស ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ មានចំនួនកើនឡើង ជាបន្តបន្ទាប់ ហើយបរិមាណ នៃការនាំចូលនិងនាំចេញបានឈាន ដល់កម្រិតខ្ពស់ជាប្រវត្តិសាស្រ្ត។ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី (AIAI) បានចាប់ផ្តើមសាងសង់អគារ Terminal និងទីតំបន់សម្រាប់ការហោះហើរ ។ ក្រុមហ៊ុន Sinomach Heavy Equipment Group CO.,Ltd បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង លើគម្រោងវិនិយោគ BOT នៃស្ថានីយ៍វារីអគ្គិសនី ស្ទឹងតាតៃលើ។

*ឯកឧត្តមទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីនៃក្រសួងការបរទេសចិន បានអញ្ជើញបំពេញទស្សនកិច្ច មកកាន់ប្រទេសកម្ពុជា

នាថ្ងៃទី១១ និង១២ ខែតុលា ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ ក្នុងប្រទេសកម្ពុជា ។ អំឡុងពេល នៃការបំពេញទស្សនកិច្ច ក្នុងប្រទេសកម្ពុជា ឯកឧត្តម Wang Yi បានជួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា ព្រមទាំងបានចូលរួមជាសក្ខីភាព ក្នុងការពិធីចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការ នៃ ទាំងពីរប្រទេសរួមមាន "កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរ វាងចិននិងកម្ពុជា" "កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងបច្ចេកទេស រវាងចិននិងកម្ពុជា"លិខិតប្តូរឯកសារ ស្តីពីការសិក្សាសមិទ្ធលទ្ធភាព គម្រោងធ្វើឱ្យប្រសើរឡើង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ"និង"លិខិតប្តូរសារស្តីពីការសិក្សា សមិទ្ធលទ្ធភាពគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ"ជាដើម ។ ឯកឧត្តមក៏បានអញ្ជើញចូលរួមក្នុង ពិធីប្រគល់និងទទួលសម្ភារៈទប់ស្កាត់ នឹងជំងឺវីរុសដែលជាជំនួយរបស់ភាគីចិន ជូនចំពោះភាគីកម្ពុជា។

*ចិននិងកម្ពុជា បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី

នៅថ្ងៃទី ១២ ខែតុលា ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជា របស់ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីការបរទេសចិន ឯកឧត្តម Zhong Shan រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម នៃចិន និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃកម្ពុជា បានតំណាង រដ្ឋាភិបាលទាំងពីរ ប្រទេសចុះហត្ថលេខាលើ"កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា"តាមរយៈVideo Conference ។ នេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេរភាគី លើកដំបូង របស់ប្រទេសកម្ពុជា ដែលមានកម្រិត បើកចំហខ្ពស់ មានវិសាលភាពទូលំទូលាយ និងមានសារៈសំខាន់ខ្លាំង ក្នុងការជំរុញកិច្ចកសាងសហគមន៍ ជោគវាសនា រួមរវាងប្រទេសទាំងពីរ ព្រមទាំងការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងប្រទេសកម្ពុជា ។
កិច្ចចរចារព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជា ត្រូវបានចាប់ផ្តើម កាលពីចុងឆ្នាំ ២០១៩ ដំណើរការតែកន្លះឆ្នាំ ក៏ទទួលបានការឯកភាពរួមគ្នា បានបង្ហាញពីកម្រិតខ្ពស់ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ។

*ឯកឧត្តមប្រធានាធិបតីចិន បានថ្វាយគ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន ដល់សម្ដេចព្រះមហាក្សត្រី

នាថ្ងៃទី ៦ ខែវិច្ឆិកា ឯកឧត្តម ប្រធានាធិបតីចិន Xi Jinping បានរៀបចំពិធីថ្វាយគ្រឿង ឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិនដល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល យ៉ាងអធឹកអធមក្នុងមហាវិមាន ប្រជាជនចិន ។ ឯកឧត្តមមានប្រសាសន៍ថា សម្តេចព្រះមហាក្សត្រី គឺជាសក្ខីភាពដ៏សំខាន់និងជាអ្នកជំរុញ ចំណងមិត្តភាព រវាងចិននិងកម្ពុជា ។ គ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិនមួយនេះ បានតំណាងឱ្យមនោសញ្ចេតនា នៃការគោរពយ៉ាងខ្លាំង របស់ប្រជាជនចិន ថ្វាយចំពោះសម្តេចព្រះមហាក្សត្រី និងមនោសញ្ចេតនា ដ៏ជ្រាលជ្រៅបំផុត ជូនដល់ប្រជាជនកម្ពុជា ក៏ជានិមិត្តរូប នៃចំណងមិត្តភាព ដ៏ជិតស្និទ្ធបំផុត រវាងចិននិងកម្ពុជាផងដែរ ។ សម្តេចព្រះមហាក្សត្រី មានព្រះរាជបន្ទូលថា ឯកឧត្តមបានថ្វាយគ្រឿង ឥស្សរិយយសដល់ព្រះអង្គផ្ទាល់ នេះបានបង្ហាញពីមនោសញ្ចេតនាមិត្តភាព ប្រៀបដូចបងប្អូន នៃប្រទេសចិន និងប្រជាជនចិន ថ្វាយចំពោះព្រះអង្គក៏ដូចជាជូន ចំពោះប្រជាជនកម្ពុជា។ ព្រះអង្គពិត ជាមានក្តីសោមនស្សរីករាយជាខ្លាំង និងថ្លែងអំណរគុណ ដោយស្មោះផងដែរ ។ មុនសម្តេចព្រះមហាក្សត្រី ទទួលបានគ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន ក៏មានមិត្តបរទេសចំនួន ៨ រូបផ្សេងទៀត ក្នុងនោះរួមទាំងលោកប្រធានាធិបតី រុស្ស៊ីពូទីន ក៏ធ្លាប់ទទួលបាននូវគ្រឿង ឥស្សរិយយសមួយនេះ ដែលមានកម្រិតខ្ពស់បំផុត របស់ប្រទេសចិន៕

To Top