ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់រត់ឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង

ស្វាយរៀង៖ ក្មេងប្រុសម្នាក់រត់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តដឹកឥដ្ឋមួយគ្រឿង ជាន់ហ្វ្រាំងមិនទាន់បុក និងកិនយ៉ាងពេញទំហឹង ស្លាប់នៅនឹងកន្លែង យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង៧និង១៥នាទី ព្រឹកថ្ងៃទីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ស្ថិតលើផ្លូវលេខ៣១៣០ ក្នុងភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកស្វាយទាប បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ នី ថៃ អាយុ៦ឆ្នាំ រស់នៅភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណែកអ្នកបើករថយន្ត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយកើតហេតុ បានបើកទ្វាររថយន្ត រត់គេចខ្លួនបាត់ស្រម៉ោល។

បើតាមអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះ បានរត់ឆ្លងកាត់ផ្លូវពីត្បូងទៅជើង ដោយខ្វះប្រុងប្រយ័ត្ន ស្រាប់តែមានរថយន្តដឹកឥដ្ឋមួយគ្រឿង ម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ៣B-៩៤១៩ បើកបរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ ជាន់ហ្វ្រាំងមិនជាប់ ក៏បុកកិនក្មេងរងគ្រោះ បង្កការភ្ញាក់ផ្អើលតែម្ដង។

សមត្ថកិច្ចបន្តថា ក្រោយកើតហេតុសមត្ថកិច្ច បានមកដល់ធ្វើកំណត់ហេតុ និងប្រគល់សពទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី និងអូសយករថយន្ត ទៅកាន់ប៉ុស្តិ៍រដ្ឋបាលគគីរសោម ដើម្បីរងចាំដោះស្រាយគ្នា ពេលក្រោយតាមច្បាប់។

សមត្ថកិច្ចនគរបាលស្រុកស្វាយទាប បានអំពាវនាវដល់មាតាបិតា ត្រូវមានការប្រុងប្រយ័ត្ន មើលថែកូនរបស់ខ្លួនឲ្យបានល្អ មិនត្រូវបណ្តោយឲ្យកូនរត់ឆ្លងថ្នល់ ដែលនាំឱ្យគ្រោះថ្នាក់កើតឡើង ជាយថាហេតុនោះឡើយ៕

To Top