ព័ត៌មានជាតិ

ចាប់ពីថ្ងៃ៨ មករានេះ ស្រុកបន្ទាយស្រី មិនអនុញ្ញាត ឲ្យបិទស្លាកផ្សព្វផ្សាយ ពាសវាលពាសកាល តាមដើមឈើទៀតទេ

ភ្នំពេញ ៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានប្រកាសថា ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ ស្រុកបន្ទាយស្រី នឹងមិនអនុញ្ញាត ឲ្យអ្នកផ្សាយពាណិជ្ជកម្ម ដើរបិទស្លាកផ្សព្វផ្សាយ ពាសវាលពាសកាល តាមដើមឈើទៀតទេ។

ជាមួយគ្នានេះ ក្រុមការងារចម្រុះ នឹងចាប់ផ្តើមដើរបកស្លាកទាំងអស់នេះ ចេញ និងមិនឲ្យបិទឡើងវិញឡើយ។

លោកអភិបាលស្រុកបន្ទាយស្រី លើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា លោកទើសភ្នែកយូរហើយ ព្រោះស្ទើរគ្រប់ដើមឈើទាំងអស់ នៅតាមបណ្តោយផ្លូវទៅកាន់ប្រាសាទ បន្ទាយស្រី ត្រូវបានគ្រប់ដណ្តប់ទៅ ដោយស្លាកផ្សាយពាណិជ្ជកម្មស្អេកស្កះ យ៉ាងអនាធិបតេយ្យ និងមិនមានច្បាប់អនុញ្ញាត ។ ចំណុចនេះលោកថា បានធ្វើឲ្យប៉ះពាល់ទៅដល់សោភ័ណភាពសាធារណៈ និងភាពស្អាតនៃបរិស្ថាននៅក្នុងស្រុក មិនសមនឹងភ្នែកអ្នកទេសចរ រាប់លាននាក់ក្នុងមួយឆ្នាំៗ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនេះ ។

លោក ឃឹម ហ្វីណង់ ថ្លែងថា នេះជាសេចក្តីជូនដំណឹងទុកជាមុន ទៅដល់ក្រុមហ៊ុនទាំងឡាយ ដែលបាន ប្រព្រឹត្តសកម្មភាពទាំងនេះ ហើយអាជ្ញាធរមូលដ្ឋាន នឹងចាប់ឲ្យក្រុមហ៊ុនផ្ទាល់ ទទួលខុសត្រូវ និងធ្វើកិច្ចសន្យា ប្រសិនបើនៅតែបន្តសកម្មភាព អនាធិបតេយ្យដូច្នេះតទៅមុខទៀត។

ស្រុកបន្ទាយស្រី ជាស្រុកមួយ ស្ថិតនៅក្នុងខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍យ៉ាងសំខាន់ ក្នុងប្រទេសកម្ពុជា សម្រាប់ទាក់ទាញភ្ញៀវទេសចរ គ្រប់មជ្ឈដ្ឋានចូលទស្សនាកំសាន្ត៕

To Top