ព័ត៌មានជាតិ

គ.ជ.ប សោកស្តាយ LDP បដិសេធមិនទទួលស្គាល់ លទ្ធផលចុះឈ្មោះបោះឆ្នោត

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) មានការសោកស្តាយចំពោះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលបានបដិសេធ មិនទទួលស្គាល់លទ្ធផល នៃការចុះឈ្មោះបោះឆ្នោត ថែមទាំងមានការតិះដៀល ស្អប់ខ្ពើមស្ថាប័នជាតិ សាសន៍ខ្លួនឯងផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍របស់ គ.ជ.ប នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងមួយអាណត្តិកន្លងមក គ.ជ.ប ពុំដែលយកភាគីពាក់ព័ន្ធទាំង១១ណាមួយ ពាក់ព័ន្ធនឹងការបោះឆ្នោត ជាសត្រូវនោះទេ រួមទាំងអតីតគណបក្សសង្គ្រោះជាតិ (CNRP) នៅក្នុង គ.ជ.ប ទាំងអង្គការមិនមែនរដ្ឋាភិបាល (NGO) ក្នុងស្រុក ទាំងអង្គការអន្តរជាតិនានា ។

គ.ជ.ប បន្ដថា លទ្ធផល ដែលកើតចេញពីការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺនាំឲ្យកើតស្ថិរភាព ស្រុកទេ ស មានការរីកចម្រើន និងការអភិវឌ្ឍ។ ក្នុងន័យនេះ គ.ជ.ប ពិតជាមិនចង់បាននៅក្រោយ ការបោះឆ្នោត កើតឡើងនូវ អស្ថិរភាព សង្គម និងវិបត្តិនានា ដែលនឹងនាំឱ្យអសកម្មដល់ដំណើរការ ប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតី ប្រចាំថ្ងៃរបស់ ម្ចាស់ឆ្នោតនោះទេ។

គ.ជ.ប បញ្ជាក់ថា «ការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ បានប្រព្រឹត្តទៅដោយរលូន និង ជោគជ័យៗ។ គ.ជ.ប ត្រេកអរយ៉ាងខ្លាំង ចំពោះភាគីពាក់ព័ន្ធ ដែលបានសាទរ ចំពោះលទ្ធផលដ៏ល្អ ប្រសើរនេះ។ ប៉ុន្តែ គ .ជ.ប សោកស្តាយ ដោយសារគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (LDP) បានបដិសេធ មិនទទួលស្គាល់លទ្ធផល នៃការចុះឈ្មោះបោះឆ្នោត ថែមទាំងមានការតិះដៀល ស្អប់ខ្ពើមស្ថាប័នជាតិសាសន៍ខ្លួនឯង រួមមាន គ.ជ.ប ដែលជាអាជ្ញាកណ្តាល ហើយបដិសេធដល់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូល សម្រេចលើបណ្តឹងចុងក្រោយ បិទផ្លូវតវ៉ាថែមទៀត»។

គ.ជ.ប សង្កេតឃើញថា ចាប់តាំងពីការចាប់ផ្តើមការដាក់ភ្នាក់ងារ គណបក្សនយោបាយ គណបក្សសម្ព័ន្ធដើម្បីប្រជាធិ បតេយ្យ បានព្យាយាមបង្កើតជាបញ្ហាផ្សេងៗមិនឈប់ឈរ ដូចជា បង្កើតទម្រង់ប្រើប្រាស់ សម្រាប់ភ្នាក់ងារគណបក្ស នយោបាយ ដើម្បីសង្កេតមើលការចុះឈ្មោះ បោះឆ្នោត ដែលទម្រង់នេះខុសពីនីតិវិធីរបស់ គ.ជ.ប គឺទម្រង់បែបបទ ពាក្យសុំ ចុះឈ្មោះភ្នាក់ងារ គណបក្សនយោបាយ (ទ.១០០៧) ដែលទម្រង់នេះ គេអាចទាញយកបានយ៉ាងស្រួលពី គេហទំព័រ របស់ គ.ជ.ប។

គ.ជ.ប បន្ថែមថា ស្ទើរតែគ្រប់ការិយាល័យ ចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស នៅពេលសង្កេតការណ៍ក្នុង ការិយាល័យចុះឈ្មោះបោះឆ្នោត ភ្នាក់ងារគណបក្សនេះ បានបង្កការអុកឡុក នៅក្នុងការិយាល័យ ចុះឈ្មោះ ដោយមានការឈ្លោះប្រកែកគ្នា ជាមួយមន្ត្រី ចុះឈ្មោះបោះឆ្នោត រួចធ្វើសកម្មភាពលួច ថតរូបភាព ថតសំឡេង និងទាញកញ្ជក់យកឯកសារ របស់សាមីខ្លួនអ្នក ចុះឈ្មោះបោះឆ្នោត ដោយពុំ បានសុំការអនុញ្ញាត៕

To Top