ព័ត៌មានជាតិ

ក្រសួង ឲ្យវាយតម្លៃ ចំណេះដឹងការសិក្សា របស់សិស្ស ក្នុងសប្តាហ៍ទី១ បើការរៀនមិនទាន់ពេញលេញ ត្រូវបង្រៀនបន្ថែម ១ខែទៀត លើឆ្នាំសិក្សាចាស់

ភ្នំពេញ ៖ ដើម្បីធានាការ អនុវត្តកម្មវិធីសិក្សាបង្រួញ និងកាលវិភាគសិក្សា មានប្រសិទ្ធភាព ក្រសួងអប់រំ យុវជន និងកីឡា ណែនាំដល់មន្ទីរអប់រំរាជធានី ខេត្ត ការិយា ល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានមធ្យមសិក្សាសាធារណៈ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ត្រូវធ្វើរង្វាយតម្លៃកម្រិតចំណេះដឹង របស់សិស្សគ្រប់កម្រិតថ្នាក់ នៅសប្តាហ៍ទី១នៃដើមឆ្នាំសិក្សា ។ នេះបើតាម លិខិតក្រសួងចេញផ្សាយនៅថ្ងៃ៨ មករា ។

លិខិតបន្តថា “ក្រោយការធ្វើតេស្តប្រសិនបើចំណេះដឹង របស់សិស្សមិនទាន់ពេញលេញ ដើម្បីចាប់ផ្តើមកម្រិតថ្នាក់ នៃឆ្នាំសិក្សាថ្មីបាន គណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា និងគ្រូបង្រៀនត្រូវបង្រៀន បំពេញបន្ថែម លើគម្លាតចំណេះដឹង នៃកម្រិតថ្នាក់នៃឆ្នាំសិក្សាចាស់ (២០១៩-២០២០) នៅក្នុងខែទី១នៃឆ្នាំ សិក្សាថ្មី (ពីថ្ងៃទី១១ ខែមករា ដល់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១)”។

ចំពោះថ្នាក់ទី៩ និងទី១២ ត្រូវផ្តោតជាអាទិភាព ដោយត្រូវបង្រៀន ឲ្យបានពេញលេញលើមុខវិជ្ជា ចំនួន១០ រួមមាន ភាសាខ្មែរ /អក្សរសាស្ត្រខ្មែរ គណិវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា សីលធម៌-ពលរដ្ឋវិទ្យា និងភាសាបរទេស (ព្រមទាំងមុខវិជ្ជាព័ត៌មានវិទ្យា ប្រសិនបើអាចមានលទ្ធភាព)។

ក្នុងឆ្នាំសិក្សា២០២០-២០២១ គ្រឹះស្ថានមធ្យមសិក្សា សាធារណៈទាំងអស់ត្រូវអនុវត្តតាម “កម្មវិធី សិក្សាបង្រួញ” ដែលក្នុងនោះរួមមាន មុខវិជ្ជាកាតព្វកិច្ច និងមុខវិជ្ជាជម្រើស។

មុខវិជ្ជាកាតព្វកិច្ច សំដៅដល់មុខវិជ្ជា ដែលយកធ្វើជាមុខវិជ្ជាប្រឡងថ្នាក់ជាតិ ជាពិសេសម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី ១២ និងត្រូវអនុវត្តតាម ម៉ោងសិក្សាទាំងស្រុងដូចបានកំណត់ ក្នុងកម្មវិធីសិក្សាគោល។

មុខវិជ្ជាជម្រើសសំដៅដល់មុខវិជ្ជា ដែលគណៈ គ្រប់គ្រងសាលារៀនត្រូវធ្វើការវាយតម្លៃ និងអនុវត្តតាមស្ថានភាពជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សានីមួយៗ និង តាមពេលវេលានៅសល់ ពីការអនុវត្តមុខវិជ្ជាកាតព្វកិច្ច។

សូមបញ្ជាក់ថា ក្រោយការខកខានចូលសិក្សាឆ្នាំសិក្សាថ្មី ដោយសារជំងឺកូវីដ១៩នោះ ក្រសួងបានកំណត់ឲ្យបើកបវេសនកាល នៅថ្ងៃ១១ មករាខាងមុខនេះ៕

To Top