ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួង យុត្តិធម៌ បង្ហាញតួនាទី អង្គតុលាការ និងអង្គទូត ក្នុងការអនុវត្តច្បាប់ ទប់ស្កាត់បង្រ្កាប បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ ក្រសួងយុត្តិធម៌នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ បានបង្ហាញខ្លឹមសារសង្ខេបបទ ឧទ្ទេសនាមរបស់លោក សម្រាប់មន្រ្តីការទូតថ្មី អំពីតួនាទីអង្គតុលាការនិងអង្គទូត ក្នុងការអនុវត្តច្បាប់ ទប់ស្កាត់និងបង្រ្កាបបទល្មើស និងឧក្រិដ្ឋកម្មឆ្លងដែន។

ខ្លឹមសារទាំងនោះលោកបានលើកឡើង៣ចំណុច៖

១. អង្គតុលាការ មានភារកិច្ចត្រូវអនុវត្តតាមនីតិវិធីច្បាប់ ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ដែលមានជាធរមាន ដូចជាការចេញដីការ ដំណើរការនីតិវិធីស៊ើបអង្កេតនិងស៊ើបសួរ រួមទាំងដំណើរការ សវនាការជាដើម។ល។ ចំពោះបទល្មើសដែលបាន ប្រព្រឹត្តលើទឹកដីកម្ពុជា ឬពាក់ព័ន្ធនឹងពលរដ្ឋខ្មែរ។

២. ចំណែកអង្គទូត មានភារកិច្ចធ្វើកិច្ចសហការ ជាមួយរដ្ឋម្ចាស់ផ្ទះដែលជនល្មើសគេចខ្លួនឬស្នាក់នៅ តាមគ្រប់មធ្យោបាយ និងកិច្ចព្រមព្រៀងដែលមានជាធរមាន ដើម្បីចាប់បញ្ជូនជនល្មើសនោះតាមដីការបង្គាប់ ឱ្យចាប់ខ្លួន មកទទួលទោសតាមនីតិវិធីច្បាប់នៅកម្ពុជាវិញ មិនមែនត្រូវចេញទិដ្ឋាការ ឬសុពលភាពលិខិតឆ្លងដែន ជូនជនល្មើសនិងអ្នកដែលមានដីការ បង្គាប់ឲ្យចាប់ខ្លួនទាំងនោះ ដូចពលរដ្ឋធម្មតាដ៏ទៃទៀតនោះទេ។

៣. ការបញ្ចប់សុពលភាពលិខិតឆ្លងដែនរបស់ជនល្មើស និងអ្នកដែលមានដីការ បង្គាប់ឲ្យចាប់ខ្លួន គឺជាគោលការណ៍ច្បាប់ព្រហ្មទណ្ឌអន្តរជាតិ ដែលអនុវត្តជាទូទៅ ក្នុងការទប់ស្កាត់និងបង្រ្កាបបទ ល្មើសនិងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងគោលដៅរារាំង និងទប់ស្កាត់ជនល្មើសទាំងនោះកុំឱ្យមានលទ្ធភាព រត់គេចខ្លួនបានពីប្រទេសមួយ ទៅប្រទេសមួយទៀត និងដើម្បីអាចចាប់ខ្លួន និងឃាត់ខ្លួនជនល្មើសទាំងនោះ យកមកអនុវត្តទោសតាមនីតិវិធីច្បាប់ នៅប្រទេសសមីដែលស្នើសុំវិញបាន៕

To Top