ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត អនុញ្ញាត ឲ្យទីប្រឹក្សាស្ថានទូត សាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល បានអនុញ្ញាតឲ្យ លោក Wu Chuanbing ទីប្រឹក្សាស្ថានទូត សាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អ រវាងយុវជន នៃប្រទេសទាំងពីរ ដែលជំនួបនេះបានធ្វើឡើង នៅវិមាន៧មករា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ។

លោកទីប្រឹក្សា Wu Chuanbing បានអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះលោក ហ៊ុន ម៉ាណែត ដែលបានជ្រើសតាំងជា សមាជិកគណ:អចិន្ដ្រៃយ៍ គណ:កម្មាធិការកណ្ដាល ប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជា ថ្នាក់កណ្ដាល និងអនុប្រធានគណ:ចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា ក្នុងរយ:ពេលពីរបីឆ្នាំកន្លងមកនេះ។

លោកបានបញ្ជាក់ថា កម្ពុជា-ចិន មានទំនាក់ទំនងល្អជាប្រពៃណី ហើយទំនាក់ទំនងនេះ គឺជាគុណតម្លៃដ៏ល្អ សម្រាប់ប្រជាជនយើងទាំងពីរ ។ ខ្ញុំមានសេចក្តីរីករាយណាស់ ដែលបានឃើញថា «ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។

តាមរយៈផ្លែផ្កា នៃទំនាក់ទំនងល្អនេះ ប្រទេសយើងទាំងពីរ បានផ្តល់ផលប្រយោជន៍ ល្អឱ្យគ្នាទៅវិញទៅមក ពិសេសការផ្លាស់ប្តូរបទពិសោធល្អៗ របស់យុវជននៃប្រទេសទាំងពីរ តាមរយៈការបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធដឹកនាំ និងបទពិសោធការងារលើគ្រប់វិស័យ ស្ថាប័ន ។

លោក ហ៊ុន ម៉ាណែត ក្នុងនាមយុវជនកម្ពុជា បានបង្ហាញសេចក្តីរីករាយដែលបានឃើញថា «ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ត្រូវបានថែបំប៉ន ឱ្យកាន់តែរឹងមាំដូចដែកថែប ប្រកបដោយទំនុកចិត្ត នយោបាយដ៏ខ្ពស់បំផុត»។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជំនួបនាថ្ងៃនេះ គឺ ដើម្បីលើកស្ទួយទំនាក់ទំនង រវាងយុវជនចិន និងយុវជនកម្ពុជា និងដើម្បីចូលរួមចំណែកពង្រឹងពង្រីក ទំនាក់ទំនងរវាងកម្ពុជា-ចិន លើគ្រប់វិស័យ។

លោក ហ៊ុន ម៉ាណែត បានស្នើសុំភាគីចិន ផ្ដល់អាហារូបករណ៍ និងការបណ្ដុះបណ្ដាល នៅក្នុងប្រទេសដើម្បីជួយបណ្ដុះបណ្ដាល បង្កើនសមត្ថភាព ចំណេះដឹងរបស់យុវជនកម្ពុជា៕

To Top