ព័ត៌មានជាតិ

លោក កឹម សុខា បញ្ជាក់ថា សកម្មភាពមនុស្សធម៌ របស់លោក នាពេលនេះ មិនប៉ះពាល់បំរាម នយោបាយឡើយ

ភ្នំពេញ ៖ លោក កឹម សុខា បានឲ្យដឹងថា សកម្មភាពមនុស្សធម៌ ខ្មែរជួយខ្មែរ គឺលោកអាចចូលរួមបាន ដោយមិនប៉ះពាល់បំរាមនយោបាយ ដែលកំពុងបិទសិទ្ធិសេរីភាព របស់លោកឡើយ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក កឹម សុខា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានរៀបរាប់ថា នៅពេលព្រឹក ថ្ងៃទី១៤ មករា នេះ នៅមណ្ឌលចត្តាឡីស័ក ក្នុងខេត្តឧត្តរមានជ័យ លោក កឹម សុខា និងក្រុមការងារ បានផ្តល់ជូន នូវថវិកា ចំនួន១០ ០០០ ០០០ រៀល ដែលជាជំនួយរបស់សប្បុរសជនខ្មែររ រស់នៅរដ្ឋវ៉ាស៊ីនតោន (Washington State USA) តាមរយៈ KVD និងសម្ភារៈមួយចំនួនមានម៉ាស់ និងសាប៊ូកម្ចាត់មេរោគ ដែលជាជំនួយរបស់សប្បុរសជនខ្មែររស់នៅ កាណាដា ។

ដោយឡែកនារសៀលថ្ងៃដដែល នៅមណ្ឌលចត្តាឡីស័កខេត្តបន្ទាយមានជ័យ លោក កឹម សុខា និងក្រុមការងារ បាន ផ្តល់ជូនថវិកា ចំនួន១០ ០០០ ០០០រៀល ដែលជាជំនួយរបស់សប្បុរសជនខ្មែរ រស់នៅរដ្ឋមួយចំនួន ក្នុងសហរដ្ឋអាមេរិក និងសម្ភារៈមួយចំនួនមានម៉ាស់ និងសាប៊ូកម្ចាត់មេរោគ ដែលជាជំនួយ របស់សប្បុរសជនខ្មែររស់ នៅបារាំង។

ជុំវិញបញ្ហាខាងលើនេះ លោក កឹម សុខា ក៏បានបញ្ជាក់ថា «នេះជាសកម្មភាពមនុស្សធម៌ សាមគ្គីធម៌ គុណធម៌ ខ្មែរជួយខ្មែរ ដែលខ្ញុំអាចចូលរួមបាន ដោយមិនប៉ះពាល់បំរាមនយោបាយ ដែលកំពុងបិទសិទ្ធិសេរីភាពខ្ញុំ ។ នេះជាជំនួយមនុស្សធម៌ ដែលម្ចាស់ជំនួយតម្រូវឲ្យ ខ្ញុំយកទៅជូនពលករខ្មែរ ដែលទើបតែ វិលត្រឡប់ពីធ្វើការនៅប្រទេសថៃ កំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌលនានា»។

លោក ក៏បានអរគុណជនរួមជាតិ ដែលមានទឹកចិត្តសប្បុរស ចូលរួមដោយស្មារតីសាមគ្គីភាព ចែករំលែក ខ្មែរជួយខ្មែរ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា មិនប្រកាន់និន្នាការ ។ លោកលើកទឹកចិត្ត ចំពោះអាជ្ញាធរមានសមត្ថកិច្ច ដែលបានយកចិត្តទុកដាក់ ការពារសុខភាព ប្រជាពលរដ្ឋកម្ពុជា៕

To Top