ព័ត៌មានជាតិ

សមត្ថកិច្ច នឹងផាកពិន័យ យានយន្តកែច្នៃស៊ីម៉ាំង និងយកមករក្សាទុក រយៈពេល៣ថ្ងៃ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អ្នក ប្រើប្រាស់យានយន្តកែច្នៃស៊ីម៉ាំង នឹងត្រូវធ្វើការណែនាំ និងផាកពិន័យជាពិសេស នាំយកយានយន្តមករក្សាទុក រយៈពេល៣ថ្ងៃ ផងដែរ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃស្តីពី ការលុបបំបាត់ការបង្កសម្លេងរំខានលើសកម្រិត ដោយ យានយន្តគ្រប់ប្រភេទ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោក ស ថេត បានណែនាំដល់ អធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមួយចំនួន ត្រូវអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ឲ្យបានត្រឹមត្រូវ មិនត្រូវអនុវត្តលើសពីការណែនាំឡើយ។

លោកបញ្ជាក់ថា «ម្យ៉ាងវិញទៀតចំពោះអ្នកប្រើប្រាស់យានយន្តកែច្នៃស៊ីម៉ាំង នឹងត្រូវធ្វើការណែនាំអប់រំ ធ្វើការផាកពិន័ យតាមច្បាប់អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងនាំយកយានយន្តមករក្សាទុកនៅកន្លែងសមត្ថកិច្ច រយៈពេល ៣ថ្ងៃ»។

បន្ថែមលើនេះទៀត លោកក៏បានបញ្ជាដល់អធិការខណ្ឌទាំងអស់ ត្រូវតែចុះធ្វើការណែនាំអប់រំដល់គ្រប់ទីតាំងជួសជុល និងកែច្នៃយានយន្ត ត្រូវចូលរួមសហការ ដោយមិនត្រូវតែកែច្នៃស៊ីម៉ាំង ណាដែលបង្កសម្លេងរំខានខ្លាំង ដល់ការសម្រាករបស់ប្រជាពលរដ្ឋឡើយ។

ជាងនេះទៅទៀត ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យគ្រប់អធិការខណ្ឌទាំងអស់ ត្រូវតែយកចិត្តទុកដាក់ ក្នុងការសហការគ្នា បញ្ជាកម្លាំងដើម្បីចេញជួយសម្រួលចរាចរណ៍តាមគ្រប់គោលដៅដែលតែងតែកកស្ទះ ជាពិសេស ត្រូវមានកម្លាំងចរាចរណ៍ចល័តដើម្បីចុះជួយតាមគ្រប់គោលដៅក្នុងការដោះស្រាយឲ្យបានធូរស្រាលលើបញ្ហាកកស្ទះ។

សូមបញ្ជាក់ថា ការអនុវត្តការណែនាំអប់រំ និងឃាត់ដើម្បីធ្វើការផាកពិន័យ ចំពោះយានយន្តដែលកែច្នៃបង្កសម្លេងរំខាននេះ សមត្ថកិច្ចនឹងធ្វើការសហការជាមួយក្រសួងបរិស្ថាន ដើម្បីប្រើប្រាស់ម៉ាស៊ីន ក្នុងការវាស់កម្រិតសម្លេងដែលបង្កដោយយានយន្តគ្រប់ប្រភេទ៕

To Top