ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃសរសើរគណៈកម្មាធិការប្រឡង ប្រណាំងអនុវត្តគោលនយោបាយ ចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពភូមិ-ឃុំ មានសុវត្ថិភាព

ភ្នំពេញ ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្ត គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព បានកោតសរសើរចំពោះ គណៈកម្មាធិការប្រឡងប្រណាំងអនុវត្តគោល នយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្ម ធ្វើឲ្យគណៈកម្មាធិការអាចរៀបចំនូវរបាយការណ៍សេចក្តីព្រាង នៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឆ្នាំ២០២០ ទទួលបានលទ្ធផលល្អ។

លោក សក់ សេដ្ឋា បានថ្លែងនូវការកោតសរសើរបែបនេះ នៅក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារឆ្នាំ២០២០ របស់ក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ មានសុវត្ថិភាព” នារសៀលថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ ។

សូមរំលឹកផងដែរថា រាជរដ្ឋាភិបាល បានការដាក់ចេញ នូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដែលត្រូវបានអនុវត្តចាប់ពីចុងឆ្នាំ២០១០កន្លងមក ដើម្បីគាំទ្រដល់វិស័យសន្តិសុខជាតិ ដែលគោលនយោបាយនេះត្រូវបានក្លាយជាចលនាជាតិទទួលបានការគាំទ្រពីជនគ្រប់រូបនៅទូទាំងប្រទេស និងមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន សហគមន៍ ព្រមទាំងបានធ្វើឲ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សង្គមកាន់តែមានភាពល្អប្រសើរជាលំដាប់ ហើយប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្តផងដែរ។

លើសពីនេះទៀត ការរួមចំណែកអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលឲ្យទទួលបានលទ្ធផលកាន់តែត្រចះត្រចង់ថែមទៀតនាឆ្នាំ២០២០កន្លងទៅ ក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ ភូមិ-ឃុំមានសុវត្ថិភាព ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ បានប្រមូលផ្ដុំដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវលទ្ធផលគួរឲ្យកត់សម្គាល់តាមរយៈ ការងារផ្សព្វផ្សាយផែនការ, ការរៀបចំវេទិកាសាធារណៈ, ការកសាងចលនាប្រជាការពារ, ការងារពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល(ឃុំ-សង្កាត់) ជាដើម៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

All rights reserved by: DAP News

To Top
×