ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូ គណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចុះពិនិត្យដំណើរ ការសិក្សា និងស្ថានភាពទូទៅ នៅសាលា ប៊ែលធី អន្តរជាតិ

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ សាលា ប៊ែលធី អន្តរជាតិ មានកិត្តិយសដ៏ឧត្តុង្គឧត្តម បានទទួលបដិសណ្ឋារកិច្ច ស្វាគមន៍ វត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក លោកស្រី គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ រួមជាមួយវត្តមាន លោក អ៊ឹម កុច រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសអញ្ជើញចុះពិនិត្យដំណើរការសិក្សា និងស្ថានភាពទូទៅនៅសាលា ប៊ែលធី អន្តរជាតិទី១៨ (សាខាផ្សារព្រែកឯង)។

លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានឡើងធ្វើរបាយការណ៍ពីវឌ្ឍនភាព និងសមិទ្ធផលនានានៃសាលា ប៊ែលធី អន្តរជាតិ ជូនដល់ប្រតិភូគណៈកម្មការ ជាពិសេសការរៀបចំបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ ដោយអនុវត្តការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) និងបានបង្កើតកម្មវិធី Mobile App ឈ្មោះ “BELTEI International School” ដើម្បីជាជំនួយស្មារតីដល់សិស្សានុសិស្ស អាចសិក្សាស្រាវជ្រាវ និងរំលឹកមេរៀនឡើងវិញនៅផ្ទះ នៅពេលទំនេរ។

ក្នុងដំណើរ នៃការចុះទស្សនកិច្ចត្រួតពិនិត្យសាលានេះដែរ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានវាយតម្លៃខ្ពស់ ចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សាទាំងអស់ ដែលបានបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ក្នុងការចូលរួមអនុវត្ត ផ្សព្វផ្សាយ និងរៀបចំបរិស្ថានសាលារៀន ដែលមានសុវត្ថិភាព ដើម្បីអនុញ្ញាតឱ្យសិស្សានុសិស្ស អាចចាប់ផ្តើមបវេសនកាលសិស្សាថ្មី ពោរពេញដោយភាពកក់ក្តៅ។

ទន្ទឹមនេះ លោកប្រធានគណៈកម្មការ ក៏មានប្រសាសន៍ ជំរុញឱ្យគ្រឹះស្ថានសិក្សាទាំងអស់ បន្តការយកចិត្តទុកដាក់ និងត្រៀមបន្ថែមក្នុងការសម្របខ្លួន ទៅតាមគន្លងថ្មីនៃវិស័យអប់រំ ដោយសង្កត់ធ្ងន់ លើស្ថានភាព នៃភាពប្រកួតប្រជែងរបស់កម្ពុជា នាថ្ងៃអនាគត ដែលពឹងផ្អែកលើគុណភាព នៃការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ពីមួយជំនាន់ទៅមួយជំនាន់។

សូមជម្រាបជូនដែរថា ការចុះទស្សនកិច្ចផ្ទាល់ នៅតាមសាលារៀន ដើម្បីស្វែងយល់ពីដំណើរ ការអនុវត្តគោលការណ៍ប្រតិបត្តិ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅតាមសាលាក្នុងរាជធានីភ្នំពេញ គឺជាការចុះលើកដំបូង របស់គណៈកម្មការ ដោយកន្លងមក គណៈកម្មការទី៧ បានផ្តោតការចុះបំពេញបេសកកម្មទៅកាន់រាជធានី ខេត្ត ដើម្បីតាមដាន ត្រួតពិនិត្យ និងក្តាប់ស្ថានការណ៍រួម នៃការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងវិស័យទាំងបួន ក្នុងបន្ទុកនៅមូលដ្ឋានផ្ទាល់។

គួរបញ្ជាក់ដែរថា សាលា ប៊ែលធី អន្តរជាតិ មាន ២៤ទីតាំង (២១ទីតាំង កំពុងដំណើរការ និង ៣ទីតាំងកំពុងសាងសង់) និងមានបុគ្គលិកបម្រើការ ២,៤៥៣នាក់ (នារី ៩៦៥នាក់) និងសិស្សកំពុងសិក្សា ៤៤,៤៧៩នាក់ (នារី ១៤,៧២៣នាក់) ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

All rights reserved by: DAP News

To Top
×