ព័ត៌មានជាតិ

កម្ពុជា​មានសត្វក្រពើភ្នំ ច្រើនជាងគេលើពិភពលោក ខណៈមន្រ្តីបង្ហាញពីការ ខិតខំអភិរក្សនិងស្តារពូជបន្ថែមទៀត

ភ្នំពេញ​ ៖​ មន្រ្តីនៃអង្គការមូលនិធិសាកល សម្រាប់ធម្មជាតិ(WWF)​ បានថ្លែងថា​ នាពេលបច្ចុប្បន្ននេះកម្ពុជានៅសេសសល់ ក្រពើភ្នំដែលជាសត្វដ៏កម្របំផុតនៅលើពិភពលោកចំនួនប្រមាណ២០០-៣០០ក្បាល ដែលស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញទឹកដីខេត្តកោះកុង និងមួយចំនួនទៀតនៅតាមតំបន់ទន្លេស្រែ ពកក្នុងទឹកដីខេត្តមណ្ឌលគិរី។យោងតាមគេហទំព័រហ្វេសប៊ុក​ ក្រសួងបរិស្ថាន​។

ក្នុងអំឡុងដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន ដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន​ នៅដែនជម្រកសត្វព្រៃស្រែពកកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កញ្ញា MILOU Groenenbrg ប្រធានផ្នែកតាមដាននិងអ្នកស្រាវជ្រាវជីវចម្រុះនៃអង្គការWWFបានឲ្យដឹងថានៅដងទន្លេស្រែពកនិងភ្នំព្រេចខេត្តមណ្ឌលគិរីគេបានប្រទះឃើញដានវត្តមានសត្វក្រពើភ្នំ។

កញ្ញាបន្តថាសត្វក្រពើភ្នំជាប្រភេទសត្វដែលអៀនច្រើន ហេតុនេះគេកម្រឃើញវាដោយផ្ទាល់ភ្នែកណាស់។ដោយហេតុនេះដើម្បីដឹងថាវាពិតជាមាន វត្តមាននៅកម្ពុជានោះគេចាំបាច់ត្រូវតាមដានពី ដានជើង,រូងរបស់វារស់នៅឬក៏លាមករបស់សត្វប្រភេទនេះជាចាំបាច់។យ៉ាងណាក្តីសម្រាប់ស្លាកស្នាមនិងអត្តសញ្ញាណដែលគេដឹងថាសត្វប្រភេទនេះពិតជាមានវត្តមានពិតឬក៏អត់នោះមានភាពងាយ ស្រួលដោយសារស្លាកស្នាមរបស់វាមានភាពច្បាស់លាស់និងងាយស្រួលចំណាំផង។

កញ្ញា MILOU Groenenbrg បានថ្លែងដែរថា នៅឆ្នាំ២០១៩ គេបានធ្វើការសិក្សាស្រាវជ្រាវពីសត្វក្រពើភ្នំម្តងមកហើយ។ ចំណែកក្នុងឆ្នាំ២០២១នេះគេនឹងធ្វើការ សិក្សាស្រាវជ្រាវឲ្យបានទូលំទូលាយជាងឆ្នាំកន្លងមក។ចំពោះការសិក្សាស្រាវជ្រាវនេះដែរគឺប្រយោជន៍ដើម្បីអភិរក្សក៏ដូចជាស្តារនូវពូជសត្វប្រភេទនេះឲ្យកាន់តែមានច្រើននៅកម្ពុជា។
ជាមួយគ្នាក្នុងឆ្នាំនេះដែរអង្គការWWFនឹងសិក្សាទៅលើកត្តាគំរាមកំហែងរបស់វាផងដែរ។

ទាក់ទិនក្នុងរឿងនេះកញ្ញាMILOU Groenenbrg បានគូសបញ្ជាក់ថា នៅតំបន់ទន្លេស្រែពកក្នុងទឹកដីខេត្តមណ្ឌលគិរីគឺជាទីកន្លែងល្អនៃជម្រករបស់វាដោយសារមិនទាន់មានមនុស្សចូលទៅរំខានវាដល់ទីនោះនៅឡើយទេ។ កញ្ញាបានបន្តឱ្យដឹងថាចំពោះការប្រឈមនៃសត្វក្រពើភ្នំមានដូចជាការប្រមាញ់យកស្បែក ការនេសាទខុសច្បាប់ ,ការនេសាទដោយខ្សែភ្លើងឆក់និងការរកពងក្រពើភ្នំពីសំណាក់ពលរដ្ឋអ្នកស្រុកជាដើម។ក្រៅពីការបាត់បង់ទីជម្រក ការដែលសត្វក្រពើប្រភេទនេះបង្កាត់ពូជជាមួយសត្វក្រពើដទៃទៀតដែលធ្វើឱ្យពូជរបស់វាលែងសុទ្ធដូចកាលពីមុន។

ទាក់ទិនក្នុងរឿងនេះដែរ លោក នេត្រ ភក្រ្តា បានថ្លែងថា សត្វដ៏កម្រដែលប្រឈមនឹងការបាត់បង់ពូជពិសេស សត្វក្រពើភ្នំ និងសត្វស្លាបប្រភេទសត្វខ្សឹប សត្វត្រយ៉ងយក្ស សត្វត្មាត នោះ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងបរិស្ថានបានរួមសហការជាមួយដៃគូដោយមានវិធានការមួយដែលគេកំពុងធ្វើដើម្បីអភិរក្សក្នុងនោះវិធានការនៃការបង្កាត់ពូជដើម្បីបង្កើនបរិមាណសត្វកម្រនេះ និងលែងចូលធម្មជាតិ ដើម្បីរក្សានូវនិរន្តរភាពនៃវត្តមានសត្វ កម្រដែលជិតផុតទាំងអស់នៅកម្ពុជា។

លោក សេង ទៀក នាយកអង្គការWWF បានឲ្យដឹងដែរថា ការប្រឈមមុខបាត់បង់ពូជសត្វក្រពើភ្នំមានច្រើនកត្តាដូចជាក្នុងអំឡុងក្នុងឆ្នាំ២០០៣ដល់ ២០០៥ប្រជាពលរដ្ឋបាននាំគ្នាមកប្រមូលពងរបស់វានៅតាមតំបន់ទន្លេស្រែពក ប៉ុន្តែបន្ទាប់ពីតំបន់នេះត្រូវបានគេដាក់បញ្ចូលជាតំបន់អភិរក្សធនធានធម្មជាតិស្នូលមកសកម្មភាពនេះបានលុបបំបាត់ទៅវិញ។

លោកថ្លែងដែរថា​ កាលពីមុនសត្វក្រពើភ្នំនេះមិនត្រូវបានគេចាប់អារម្មណ៍ទេ ប៉ុន្តែទើបតែឆ្នាំ២០១៩គេបានស្គាល់ពីសត្វប្រភេទនេះជាក់លាក់ ហើយបានធ្វើការសិក្សាស្រាវជ្រាវនិងបានអភិរក្សសត្វប្រភេទកម្រនេះឡើង៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

All rights reserved by: DAP News

To Top
×