ព័ត៌មានជាតិ

ទូតអាមេរិក កោតសរសើរកម្ពុជា ក្នុងការទប់ស្កាត់ការរីក រាលដាលជំងឺកូវីដ-១៩ បានល្អជាងគេ

ភ្នំពេញ ៖ លោក W.Patric Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានធ្វើការកោតសរសើរដល់កម្ពុជា ក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ បានល្អជាងគេ។

គិតត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៤៤១នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៣៨៦នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន៥៥នាក់។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ មករា លោក W.Patric Murphy មានប្រសាសន៍ថា «សូមកោតសរសើរ ដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការខិតខំប្រឹងប្រែងកន្លងមក ហើយសហរដ្ឋអាមេរិក នឹងបន្តជួយសហការ ក្នុងនាមរឹតចំណងមិត្តភាព ជាពិសេស ធ្វើការបន្តនូវកម្មវិធី របស់អង្គការ Peace Corp ជាថ្មីម្ដងទៀត ក្នុងការបញ្ជូនអ្នកស្ម័គ្រចិត្ត នៅសហរដ្ឋអាមេរិក ចុះជួយផ្នែកវិស័យអប់រំជាថ្មី ។ ហើយក៏ជាលើកដំបូងម្ដងទៀត សម្រាប់ពិភពលោក ដោយសារប្រទេសកម្ពុជា បានធ្វើការទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ-១៩ បានល្អជាងគេ ស្របពេលដែលបណ្ដា ប្រទេសដទៃទៀត មិនទាន់អាចបន្តកម្មវិធី របស់អង្គការ Peace Corp»។

នាឱកាសនោះលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា រដ្ឋបាលខេត្តបានររៀបចំ វិទ្យាល័យ ឬអនុវិទ្យាល័យនានា នៅតាមព្រំដែន តាមការណែនាំរបស់សម្ដេចតេជោ ហ៊ុនសែន ធ្វើជាមណ្ឌលចត្តាឡីស័ក ចំពោះពលករណា ដែលទើបតែធ្វើការឆ្លងដែនថ្មី ពីប្រទេសថៃ ដែលកំពុងឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍។

លោកបានចាត់វិធានការតឹងរឹង ចំពោះពលករ ចំណាកស្រុកពីប្រទេសថៃ ឲ្យនៅដាក់ដោយឡែក ចំនួន១៤ថ្ងៃ ។ ទន្ទឹមនឹងការអនុវត្តវិធានការនេះ រដ្ឋបាលខេត្តបានរៀបចំក្រុមការងារ ក្នុងការអប់រំប្រជាពលរដ្ឋ ឲ្យយល់ដឹងអំពីបញ្ហាកូវីដ-១៩នេះ។

លោកថា ចំពោះពលករណា ដែលបានធ្វើ វិធានការចត្តាឡីស័កគ្រប់ចំនួនថ្ងៃកំណត់ របស់ក្រសួងសុខាភិបាលរួចហើយ នឹងទទួលបាននូវសញ្ញាបត្របញ្ជាក់មួយ ដើម្បីយកទៅបង្ហាញទៅដល់ អាជ្ញាធរ មានសមត្ថកិច្ចថា ខ្លួនគ្មានជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័ករួចរាល់។

សូមរំលឹកថា នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលចិន ប្រកាសផ្ដល់វ៉ាក់សាំងប្រឆាំង កូវីដ១៩ ចំនួន១លានដូស មកដល់កម្ពុជាសម្រាប់ចាក់ ជូនប្រជាពលរដ្ឋ៥០ម៉ឺននាក់ ហើយវ៉ាក់សាំងនេះ ត្រូវបានថ្នាក់ដឹកនាំចិន ប្រធានាធិបតីឥណ្ឌូនេស៊ី និងមនុស្សរាប់លាននាក់ នៅលើពិភពលោក បានប្រើប្រាស់ ផងដែរ ។

ជាងនេះទៅទៀត ក្នុងជំនួបពិភាក្សា ការងារជាមួយ លោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា កាលពីថ្ងៃទី១៨ មករា សម្តេចតេជោក៏បានស្នើសុំជំនួយ វ៉ាក់សាំងចាក់ការពាជំងឺកូវីដ-១៩ ពីឥណ្ឌាផងដែរ៕

To Top