ព័ត៌មានជាតិ

ក្រុមហ៊ុនចិន មានឆន្ទៈចូលរួមអភិវឌ្ឍន៍គម្រោង វិនិយោគវិស័យរុក្ខជាតិឱសថកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន Khmer Holding Group របស់ប្រទេសចិន ដឹកនាំដោយលោកឧកញ៉ា ឆាវ អ៊ីនទ័រ មានឆន្ទៈខ្ពស់ ក្នុងការអភិវឌ្ឍគម្រោង វិនិយោគលើការដាំដុះរុក្ខជាតិឱសថ ដោយបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេស កសិ-ឧស្សាហកម្ម នៅកម្ពុជាផងដែរ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោកឧកញ៉ា ឆាវ អ៊ីនទ័រ បានថ្លែងថា « ក្នុងនាមប្រតិភូបានថ្លែងអំណរគុណ ចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែល បានចំណាយពេលវេលាដ៏មានតម្លៃ ទទួលជួបប្រតិភូ និងបានវាយតម្លៃខ្ពស់ និងកោត សរសើរចំពោះកិច្ចសហការ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានយ៉ាងល្អប្រសើរ ក្នុងឆន្ទៈចូលរួម អភិវឌ្ឍន៍វិស័យរុក្ខជាតិឱសថកម្ពុជា ក៏ដូចជាវិស័យកសិកម្ម នាពេលអនាគត»។

លោកបានបញ្ជាក់ថា បន្ទាប់ពីបានទទួលអនុសាសន៍លោករដ្ឋមន្រ្តី កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ក្រុមការងារ បានចុះសិក្សាស្រាវជ្រាវលើគុណភាពដី ប្រភពទឹក ស្ថានភាពក្សេត្របរិស្ថាន ផ្លូវគមនាគមន៍ នៅតាមបណ្តាខេត្តគោល ដៅមានខេត្តមណ្ឌលគីរី ឧត្តរមានជ័យ ស្ទឹង ត្រែង និងខេត្តកោះកុង ដើម្បីជ្រើសយក ជាកន្លែងបង្កើតវិទ្យាស្ថានដាំដុះ និងស្រាវជ្រាវរុក្ខជាតិឱសថ និងរោងចក្រចំរាញ់ កែច្នៃ វេចខ្ចប់ សម្រាប់នាំចេញ។

នាឱកាសនោះដែរ លោក វេង សាខុន បានរំលេចឲ្យឃើញពីគោលបំណង របស់ក្រុមហ៊ុនគឺ៖ ទី១- ធ្វើការវិនិយោគដាំដុះរុក្ខជាតិឱសថ ចំរាញ់ កែច្នៃ និងផលិត ,ទី២- បង្កើតវិទ្យាស្ថានស្រាវជ្រាវរុក្ខជាតិឱសថ ដំណាំកសិកម្ម និងផលិតជីសរីរាង្គ និងទី៣- បង្កើតតំបន់សេដ្ឋកិច្ចពិសេស បម្រើឲ្យវិស័យកសិកម្ម ប្រមូលផ្តុំកសិផល ឃ្លាំងស្តុកត្រជាក់ កែច្នៃ និងនាំចេញ។

លោកបន្ដថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម ស្វាគមន៍ គាំទ្រ និងសហការពេញទំហឹង ដើម្បីរួមចំណែកអភិវឌ្ឍន៍រុក្ខជាតិឱសថ និងវិស័យកសិកម្មនាពេលអនាគត។

លោកបញ្ជាក់ថា គម្រោងវិនិយោគ ដែលជាជំនួយរបស់រដ្ឋាភិបាលចិននេះ ពិតជាមានសារសំខាន់ ក្នុងការលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ឲ្យកាន់តែស៊ីជម្រៅរឹងមាំ គ្រប់ជ្រុងជ្រយ និងស្ថិតស្ថិរយូរអង្វែងថែមទៀត៕

To Top