ព័ត៌មានជាតិ

បើកការដ្ឋានស្ថាបនា ផ្លូវកៅស៊ូ DBST ប្រវែង ៦.៥៥០ម៉ែត្រ និងសម្ភោធដាក់ ឲ្យប្រើប្រាស់ផ្លូវកៅស៊ូAC ៤ខ្សែ ប្រវែង៤.៤១៥ម៉ែត្រ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ បានរៀបចំពិធីបើកការដ្ឋាន ស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ប្រវែង ៦.៥៥០ម៉ែត្រ ពីភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដល់ភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម និងសម្ភោធ ដាក់ឲ្យប្រើប្រាស់ផ្លូវកៅស៊ូAC ៤ខ្សែ ក្នុងក្រុងកំពង់ចាមប្រវែង ៤.៤១៥ ម៉ែត្រ ផងដែរ ។

លោកអភិបាលខេត្ត បានថ្លែងក្នុងឱកាសនោះថា ការស្ថាបនាផ្លូវមួយខ្សែថ្មី ក្រាលកៅស៊ូ DBST ដែលមានប្រវែង ៦.៥៥០ ម៉ែត្រនោះ ទទឹងប្រវែង៧ ម៉ែត្រ គឺអាជ្ញាធរខេត្ត មានគោលបំណង ចង់ឲ្យប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ចាម ទាំង៤ សង្កាត់ មានឱកាសលើក កម្ពស់ជីវភាព រស់នៅមានភាពស៊ីវីល័យដូចៗគ្នា ដូច្នេះអត្ថិភាពភាព ក្នុងការអភិវឌ្ឍដំបូង គឺការស្ថាបនាផ្លូវមុនគេ ។ ម្យ៉ាងទៀត អាជ្ញាធរខេត្តបានខិតខំប្រឹងប្រែង អភិវឌ្ឍបន្ត ពីថ្នាក់ដឹកនាំមុនៗ ដើម្បីលើកកម្ពស់សោភ័ណភាពរបស់ខេត្ត និងអាចឈានទៅដណ្ដើម ជ័យលាភី រំដួល ៣ទង នៃទីក្រុងស្អាតផងដែរ ដែលនិងត្រូវវាយតម្លៃ ដាក់ពិន្ទុដោយក្រសួងទេសចរណ៍ ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ផ្លូវមួយខ្សែនេះផងដែរ ការស្ថាបនាមានទុកចំណីផ្លូវ ទៅតាមគំនូសប្លង់របស់មន្ទីរដែនដី នគររូបនីយកម្ម ហេតុដូច្នេះក្នុងការស្ថាបនា សូមបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ ចូលរួមសហការជាមួយនឹងអាជ្ញាធរ និងក្រុមការងារសាងសង់ផ្លូវ ដើម្បីរៀបចំឲ្យមានសណ្ដាប់ធ្នាប់ នឹងមានសោភ័ណភាព នៅក្នុងមូលដ្ឋាន ក៏ដូចជាក្នុងក្រុងកំពង់ចាមរបស់យើង ។

លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា ផ្លូវមួយខ្សែនេះ គឺជាផ្លូវខ្សែក្រវ៉ាត់ក្រុង និងជាផ្លូវប្រវត្តិសាស្រ្តដែលបងប្អូន ប្រជាពលរដ្ឋចង់បាន ទន្ទឹងរង់ចាំជាយូរមកហើយ ។ ដូច្នេះការស្ថាបនាផ្លូវនេះ អាចរួចរាល់ជាស្ថាពរក្នុងរយៈពេលយ៉ាងយូរ ៦ខែប៉ុណ្ណោះ បងប្អូនប្រជាពលរដ្ឋយើង នឹងអាចប្រើប្រាស់ផ្លូវនេះបានហើយ ។

To Top