ព័ត៌មានជាតិ

លោក កឹម សុខា ថា ទូតអឺរ៉ុបប្រចាំកម្ពុជាសរសើរលោក ដែលមានភាពអត់ធ្មត់

ភ្នំពេញ ៖ លោក កឹម សុខា បានលើកឡើងថា លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបកម្ពុជា បានកោតសរសើរ ចំពោះភាពអត់ធ្មត់របស់លោក។

ភាពអត់ធ្មត់ ដែលទូតអឺរ៉ុបសរសើរនោះគឺថា “លោក កឹម សុខា នៅជាមួយប្រជាពលរដ្ឋខ្មែរ ក្នុងមាតុភូមិកម្ពុជា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ អហិង្សា សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង ដោយតម្កល់ផលប្រយោជន៍ខ្មែរជាធំ ឥតមានកែប្រែឡើយទាំងកន្លងមក បច្ចុប្បន្ន និងទៅអនាគត”។នេះបើតាមហ្វេ សប៊ុកលោក កឹ សុខា នៅថ្ងៃ២៥ មករា ក្រោយបញ្ចប់ជំនួបជាមួយលោកស្រី Carmen Moreno។

លោកថា នេះគឺជាជំនួប ជាមួយអ្នកការទូត តំណាងប្រទេសមហាអំណាច ដែលជាមិត្តរបស់កម្ពុជា ដំបូងគេក្នុងឆ្នាំថ្មី ២០២១ ។

លោកបន្តថា ជំនួបនេះប្រាកដជាមានសារសំខាន់ ដោយបានផ្លាស់ប្តូរនូវទស្សនៈ គោលជំហរ និង ព័ត៌មានគ្នាទៅវិញទៅមក ចំពោះស្ថានភាពបច្ចុប្បន្ន និង ទៅអនាគត ជាពិសេសនៅឆ្នាំ២០២១នេះ និង ឆ្នាំបន្តបន្ទាប់ តើកម្ពុជា និង សហគមន៍អឺរ៉ុបអាចមានអ្វីខ្លះ ពាក់ពន្ធ័ជាមួយគ្នា។

ភាគីទាំង២ក៏យល់ស្របគ្នាថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង សហគមន៍អឺរ៉ុបគួរតែពង្រឹង ឲ្យកាន់តែប្រសើរឡើង ដើម្បីជាផលប្រយោជន៍ របស់ប្រជាពលរដ្ឋទាំងសងខាង៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

All rights reserved by: DAP News

To Top
×