ព័ត៌មានជាតិ

ឥណ្ឌា មានគម្រោងវិនិយោគ លើវិស័យសុខាភិបាលនៅកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីឥណ្ឌាប្រចាំនៅកម្ពុជា បានអះអាងថា ឥណ្ឌាមានគម្រោងវិនិយោគ លើវិស័យសុខាភិបាល និងពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ ខាងវិស័យការពារជាតិ រវាងប្រទេសទាំងពីរ ឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត ជាមួយកម្ពុជា។

ក្នុងជំនួបពិភាក្សាជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២៧ មករា ឆ្នាំ២០២១ នៅវិមានព្រឹទ្ធសភា លោកស្រី ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ទើបតែងតាំងថ្មី នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសន្យាថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកស្រី នៅព្រះរាជាណាចក្រកម្ពុជា នឹងខិតខំប្រឹងប្រែង ពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។

លោកស្រី ឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា “ឥណ្ឌាមិនគ្រាន់តែចាត់ទុកប្រទេសកម្ពុជា ជាអ្នកជិតខាងល្អប៉ុណ្ណោះទេ គឺចាត់ទុកប្រទេសកម្ពុជាជាគ្រួសារតែមួយ ពីព្រោះថាប្រទេសទាំងពីរ មានអរិយ្យធម៌ វប្បធម៌ សាសនា និងប្រពៃណីប្រហាក់ប្រហែលគ្នា តាំងពីយូលង់ណាស់មកហើយ។
ក្នុងនោះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឈរគៀកស្មាគ្នា ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងគ្រាលំបាកនាពេលកន្លងទៅ។ ប្រទសឥណ្ឌា គឺជាប្រទេសទីមួយ ដែលបានជួយជួសជុល ប្រាសាទអង្គរវត្តឡើងវិញនៅឆ្នាំ១៩៨៦។ ក្នុងពេលនោះ នៅតំបន់អង្គរវត្ត មិនទាន់មានសុវត្តិភាពនៅឡើយទេ ដោយសារតែពេលនោះ នៅមានការរំខានវាយប្រហារ ពីកងកំលាំងរបស់ខ្មែរក្រហមនៅឡើយ”។

លោកស្រី ឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា គឺជាដៃគូដ៏សំខាន់ របស់សាធារណរដ្ឋឥណ្ឌា ជាមិត្តភក្តិនិងដៃគូដ៏ល្អរឹងមាំ ក្នុងក្របខ័ណ្ឌអាស៊ាន ជាពិសេស ស្របតាមគោលនយោបាយទិសបូព៌ របស់សាធារណរដ្ឋឥណ្ឌា។

លោកស្រី បានវាយតម្លៃខ្ពស់ ចំពោះការគាំទ្រយ៉ាងជ្រាលជ្រៅ របស់ប្រទេសកម្ពុជា ដោយគ្មានលក្ខខណ្ឌ ចំពោះសាធារណរដ្ឋឥណ្ឌា ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
ជាមួយគ្នានេះ ប្រទេសទាំងពីរបានផ្លាស់ប្តូរ នូវកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ទាំងក្នុងក្របខ័ណ្ឌអន្តរជាតិ ក៏ដូចជាក្របខ័ណ្ឌពហុភាគីផងដែរ។

លោកស្រី ឯកអគ្គរដ្ឋទូតបានស្នើសុំ ការគាំទ្រពីសម្តេចប្រធានព្រឹទ្ធសភា ចំពោះបលោកស្រី ដើម្បីឱ្យសម្រេចបាន នូវគោលដៅ និងបង្កើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រពៃ រវាងប្រជាជន ខាងសេដ្ឋកិច្ច និងការផ្សាភ្ជាប់ក្នុងវិស័យឌីជីថល នៃប្រទេសទាំងពីរ ឱ្យកាន់តែទូលំទូលាយថែមទៀត។

ប្រទេសឥណ្ឌា ចង់ឱ្យមានការហោះហើរត្រង់ ពីប្រទេសឥណ្ឌាមកប្រទេសកម្ពុជា ដើម្បីជាផលប្រយោជន៍ សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសសម្រាប់ប្រជាជនកម្ពុជា ដែលស្វែងរកការព្យាលបាលជំងឺ នៅសាធារណរដ្ឋឥណ្ឌា។ ជាងនេះទៅទៀត ជាការបង្កឱកាសឱ្យប្រជាជនឥណ្ឌា បានមកទស្សនកិច្ចនៅប្រាសាទអង្គរវត្ត និងបានឃើញវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់របស់ប្រទេសកម្ពុជា ដែលមានទំនាក់ទំនងរវាងគ្នា ជាយូលង់ណាស់មកហើយ។

ជាមួយគ្នានោះដែរ លោកស្រី ជឿជាក់យ៉ាងមុតមាំថា វិស័យទេសចរណ៍ គឺជាវិស័យមួយ ដែលផ្តល់ប្រយោជន៍ ដល់ទំនាក់ទំនងរវាងប្រជាជនទាំងពីរ ហើយវិស័យនេះ ក៏បានដើរតួរយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេសទាំងពីរផងដែរ។

លោកស្រី ឯកអគ្គរដ្ឋទូតបានស្នើសុំ ការគាំទ្រពីសម្តេចប្រធានព្រឹទ្ធសភា ក៏ដូចជាព្រឹទ្ធសភានៃព្រះរាជាណាកម្ពុជា លើគម្រោងវិនិយោគ របស់សាធារណរដ្ឋឥណ្ឌា លើវិស័យសុខាភិបាល និងការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ ខាងវិស័យការពារជាតិ រវាងប្រទេសទាំងពីរ ឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត។

លោកស្រី ឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ប្រទេសឥណ្ឌា តែងតែជួយអភិវឌ្ឍធនធានមនុស្ស របស់ប្រទេសកម្ពុជា ក្នុងនោះ បានផ្តល់អាហារូបករណ៍ឱ្យក្រសួង ស្ថាប័ន និងសាកលវិទ្យាល័យនានា ក្នុងការពង្រឹងសមត្ថភាព លើជំនាញបច្ចេកវិទ្យាព័ត៌មាន និងជំនាញផ្សេងៗទៀត។ ព្រមជាមួយគ្នានេះ ក៏មានកម្មវិធីបណ្តុះបណ្តាល ផ្នែកព័ត៌មានវិទ្យា សម្រាប់មន្ត្រីរាជការនៃសភាកម្ពុជា ដែលរៀបចំឡើង ដោយមជ្ឈមណ្ឌលស្រាវជ្រាវការងារសភា នៅប្រទេសឥណ្ឌាផងដែរ។

ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំមានជំនឿជឿជាក់ថា ក្នុងអាណត្តិបលោកស្រី ឯកអគ្គរដ្ឋទូត នឹងបន្តខិតខំរួមចំណែក ពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

ជាមួយគ្នានេះ សម្តេចបានកោតសរសើរ និងអបអរសាទរចំពោះរដ្ឋាភិបាលឥណ្ឌា ដែលទទួលបានជោគជ័យក្នុងការផលិត និងផ្គត់ផ្គង់វ៉ាក់សាំង ប្រឆាំងនឹងវីរុសកូវីដ-១៩ ដែលជាក្តីសង្ឃឹម សម្រាប់ប្រជាជនឥណ្ឌា ក៏ដូចជាមនុស្សជាតិទាំងអស់។

សម្តេចមានជំនឿជឿជាក់យ៉ាងមុតមាំថា ប្រទេសឥណ្ឌា ក៏ដូចជាពិភពលោកទាំងមូល នឹងយកឈ្នះលើវីរុសកូវីដ-១៩ជាក់ជាពុំខាន។ សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបតិ្តការ រវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ៕ ស.សំណាង

To Top