ព័ត៌មានជាតិ

សម្ដេច ស ខេង មិនទាន់ទទួលបានលទ្ធផល នៃការស៊ើបអង្កេតករណី ស្នងការរងខេត្តតាកែវ ប៉ុន្ដែបើមានភស្ដុតាង គ្រប់ គ្រាន់ នឹងមានទោសតាមផ្លូវច្បាប់

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សម្ដេចមិនទាន់ទទួ លបានលទ្ធផល នៃការស៊ើបអង្កេតចំពោះករណី ស្នងការរងខេត្តតាកែវ និងបក្ខពួករបស់ខ្លួន ដែលជាប់ពីបទជំរិតទារប្រាក់នោះ បើមានភស្ដុតាងគ្រប់គ្រាន់ នឹងមានទោសទៅតាមផ្លូវច្បាប់។

សូមជម្រាបថា នាពេលថ្មីៗនេះ លោក អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានចេញលិខិតបង្ការការ ឲ្យលោកឧត្តមសេនីយ៍ឯក សេង វណ្ណៈ ប្រធាននាយកដ្ឋានទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាល និងសហការីចំនួន៥រូប ចុះបំពេញបេសកកម្ម នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៩ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីអង្កេតស្រាវជ្រាវពាក្យបណ្ដឹងចោទប្រកាន់ លោកឧត្តមសេនីយ៍ត្រី ហ៊ីន សុខខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ពាក់ព័ន្ធករណី ជំរិតយកប្រាក់រាប់សែនដុល្លារ ពីជនរងគ្រោះ។

ក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៧ ខែ មករា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ខ្ញុំមិនទាន់បានទទួលរបាយការណ៍ជាលទ្ធ នៃលទ្ធផលត្រួតពិនិត្យទេ។ប៉ុន្តែខ្ញុំគ្រាន់តែបញ្ជាក់ពីជំហរ ពីយោបល់របស់ខ្ញុំថា កាលណា អ្នកណាក៏ដោយ ឲ្យតែប្រព្រឹត្តបទល្មើស ត្រូវតែមានទោសហើយ»។

យោងតាមសេចក្តីគោរពជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ របស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ នាពេលថ្មីៗ បានឲ្យដឹងថា ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងដោយបានចោទប្រកាន់ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវថា បានធ្វើឲ្យប្រជាពលរដ្ឋពុំមានទំនុកចិត្ត ភ័យខ្លាច និងបានប្រព្រឹត្តបទល្មើសមួយចំនួនដោយផ្ទាល់ខ្លួន។

តាមខ្លឹមសារនៃពាក្យបណ្ដឹង បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃចូលកាន់តំណែងនៅដើមឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ពុំដែលមានស្នាដៃក្នុងការបង្ក្រាបបទល្មើសទេ គឺបានតែអួតអាងបង្កើតបក្ខពួក គំរាមកំហែងថ្នាក់ក្រោម គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។ នៅចុងឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង រួមជាមួយបក្ខពួក បានចាប់បង្ខាំងជនរងគ្រោះជម្រិតយកប្រាក់ ចំនួន២០០.០០០ដុល្លារ និងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង និងលោកវរសេនីយ៍ទោ សាក់ ទូច រួមទាំងបក្ខពួក បានធ្វើសកម្មភាពចាប់បង្ខាំងជនរងគ្រោះជាជនជាតិវៀតណា  មចំនួន៣នាក់ និងជនជាតិខ្មែរចំនួ២នាក់ ជម្រិតទារប្រាក់ ១០០.០០០ដុល្លារ និងបានដកហូតយកខ្សែដៃ និងខ្សែក ចិញ្ចៀនពេជ្រ ពីជនរងគ្រោះ ដោយមានលោកវរសេនីយ៍ទោ រស់ សេន នាយរងការិយាល័យបុគ្គិល ជាអ្នកបកប្រែ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top