ព័ត៌មានជាតិ

អង្គការ IOM ស្នើកម្ពុជា ដាក់ជាបេក្ខភាព ប្រឡងជ័យលាភី ទាក់ទងនឹងការប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស

ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស (គ.ជ.ប.ជ) បានឲ្យដឹងថា អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ស្នើរាជរដ្ឋាភិបាលកម្ពុជា ដាក់បញ្ចូលបេក្ខភាពរបស់ខ្លួន ក្នុងការប្រឡងជ័យលាភីទាក់ទង ទៅនឹងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ខណៈអង្គការIO M មើលឃើញកម្ពុជា ជាប្រទេសដែលស្វិតស្វាញ និងសកម្មបំផុត ក្នុងការទប់ស្កាត់អំពើជួញដូរមនុស្ស ។

ក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០ ២១ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង លោកស្រី ជូប៊ុនអេង បានផ្ដាំផ្ញើថា ពិភពលោកមានការព្រួយបារម្ភខ្លាំង ចំពោះអំពើជួញដូរមនុស្ស ហើយចាត់ទុកថា ជាបញ្ហាអាទិភាពសម្រាប់ពិភព លោក រហូតដល់បង្កើតជាកតិកាសញ្ញាពិភពលោកស្ដីពី ទេសន្ដរប្រវេសន៍ ដោយសារគេរកឃើញថា «ជនដែលត្រូវបាន គេជួញដូរ ក្នុងចំណោមជនទេសន្ដរប្រវេសន៍ ត្រូវបានចេញឆ្ងាញពីស្រុកកំណើត។

លោកស្រី បញ្ជាក់យ៉ាងដូច្នេះថា «ហើយឥឡូវនេះកម្ពុជាក៏កំពុងតែឡើងកូតទៀតហើយ ដោយសារតែអង្គការ IOM ហ្នឹង បានមើលឃើញថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស មានភាពសកម្ម និងទទួលបានលទ្ធផលល្អ។អង្គការ IOM បានស្នើកម្ពុជាដាក់ចូលក្នុងបញ្ជីបេក្ខភាព ប្រទេសទទួលបានជ័យលេភី ក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក»។

លោកស្រីបន្ដថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាបញ្ហាខាងលើនេះហើយ ដើម្បីជូនដំណឹងទៅអង្គការ IOM ថា កម្ពុជាទទួលស្វាគមន៍ ដែលដាក់កម្ពុជាជាបេក្ខភាពជាប្រទេសទទួលលីភេ ក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក ហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានប្រទេសចំនួន២ ប៉ុណ្ណោះ បានចូលជា បេក្ខភាព កតិកាសញ្ញាពិភពលោក។

ឆ្លៀតឱកាសនោះ លោកស្រីរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បានលើកឡើងថា ក្នុងឆ្នាំ២០២០ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ស្ថាប័ន រាជធានី-ខេត្ត បានបន្ដសកម្មភាពរបស់ខ្លួនទៅតាមទិសដៅដែលបានគ្រោងទុក ទោះបីមានបញ្ហាជំងឺកូវីដ-១៩ និងបញ្ហាប្រឈមមួយចំនួនទៀតក៏ដោយ។ លោកស្រីថា ដើម្បីឲ្យការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា មានប្រសិទ្ធភាព ភាគីពាក់ព័ន្ធត្រូវប្រកាន់គោល ការណ៍សកម្មភាពមួយចំនួន ដូចជា ការបង្ការទប់ស្កាតអំពើជួញដូរមនុស្ស, ជួយជនរងគ្រោះ និងការអនុវត្តច្បាប់ជាដើម។

ជាងនេះទៅទៀត លោកស្រីក៏បានបញ្ជាក់ ក្នុងដំណាក់កាលកម្ពុជាកំពុងប្រឈមទៅនឹងជំងឺកូវីដ-១៩ វិបត្តិសេដ្ឋកិច្ច ពលករអត់ការងារធ្វើ ដោយមានការបិទរោងចក្រជាដើម ហើយទីបំផុតមានពលករខ្មែរត្រឡប់មកវិញ ជាង១០ម៉ឺននាក់។ ប៉ុន្ដែឱកាសនេះឯង ដែលជនជួញដូរមនុស្សគេឆ្លៀតឱកាសនេះ ដើម្បីយកផលចំណេញពី កម្មករ-កម្មការិនី ដែលអត់ការងារធ្វើ ដូច្នេះ សមត្ថកិច្ចត្រូវមានវិធានការបន្ថែមទៀត ដើម្បីទប់ស្កាតការនាំមនុស្សចេញដោយខុសច្បាប់៕

To Top