ព័ត៌មានជាតិ

លោក ជា ចាន់តូ ប្រាប់ធនាគារពិភពលោកថា វិស័យធនាគារកម្ពុជា បន្តមានស្ថិរភាពរឹងមាំ

ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានប្រាប់ធនាគារពិភពលោកថា វិស័យធនាគារកម្ពុ ជា បន្តមានស្ថិរភាពរឹងមាំ និងរួមចំណែកយ៉ាងសកម្ម ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។

ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយតំណាងធនាគារពិភពលោក ដឹកនាំដោយលោកស្រី Mariam Sherman ប្រធានធនាគារពិភពលោកប្រចាំកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា និងមានការចូលរួមរបស់ថ្នាក់ដឹកនាំតំបន់ និងជំនាញការ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោក ជា ចាន់តូ បានថ្លែងអំណរគុណ ធនាគារពិភពលោក ដែលកន្លងមកបានរួមចំណែកអភិវឌ្ឍន៍វិស័យធនាគារ ជាពិសេស ទៅលើផ្នែក ចំណេះដឹងហិរញ្ញវត្ថុ , បរិយាបន្នហិរញ្ញវត្ថុ ,ប្រព័ន្ធទូទាត់ ,កិច្ចការពារអតិថិជន ,ប្រព័ន្ធការពារប្រាក់បញ្ញើ , ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជាដើម។

លោក ជា ចាន់តូ បានបញ្ជាក់ថា «ជម្រាបពីស្ថានភាព និងវឌ្ឍនភាពនៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនធនាគារពិភពលោក ផងដែរថា វិស័យធនាគារកម្ពុជាបន្តមានស្ថិរភាពរឹងមាំ និងបានរួមចំណែកយ៉ាងសកម្ម ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល»។

បន្ថែមពីនេះទៀត លោកក៏បានស្នើឲ្យ ធនាគារពិភពលោកបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យធនាគារបន្ថែមទៀត ជាពិសេសលើផ្នែកការពារប្រាក់បញ្ញើ, ការសិក្សាទៅលើប្រតិបត្តិការទិញ-លក់រូបិយប័ណ្ណ, ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការកសាងសមត្ថភាពជំនាញរបស់មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា។

នាឱកាសនោះដែរ ធនាគារពិភពលោក បានវាយតម្លៃខ្ពស់ចំពោះវិធានការដែលបានដាក់ចេញដោយធនាគារជាតិ នៃកម្ពុជា ក្នុងការឆ្លើយតបនឹងសម្ពាធនៃការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា ព្រមទាំង បានរួមចំណែកផ្តល់ការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច។

ជាងនេះទៅទៀត ធនាគារពិភពលោក ដែលបានរួមចំណែកជួយផ្តល់ជំនួយបច្ចេកទេសផ្នែកប្រព័ន្ធទូទាត់កម្ពុជា ក៏បានរំលេចពីការអភិវឌ្ឍ ប្រព័ន្ធទូទាត់នៅកម្ពុជា ដែលត្រូវបានធ្វើទំនើបកម្ម លើផ្នែកបច្ចេកវិទ្យាទំនើប និងបានជួយសម្រួលការទូទាត់ និងកាត់បន្ថយកម្រៃសេវាទូទាត់អេឡិចត្រូនិក។

តំណាងធនាគារពិភពលោក ក៏បានអបអរសាទរ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដែលទទួលបានការវាយតម្លៃខ្ពស់ពី ទស្សនាវដ្តីអន្តរជាតិ The Banker ថា ជា ទេសាភិបាលឆ្នើមឆ្នាំ២០២១ ដោយសារការដឹកនាំធនាគារជាតិនៃកម្ពុជា ក៏ដូចជាវិស័យធនាគារ ឲ្យមានការរីកចម្រើនប្រកបដោយភាពរឹងមាំ និងទំនុកចិត្ត។

សូមរំលឹកថា កិច្ចប្រជុំនេះ មានគោលបំណង ពិភាក្សាលើស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា និងស្វែងរកលទ្ធភាពដែលធនាគារពិភពលោកអាចចូលរួមចំណែកគាំទ្រធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ជាពិសេស ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩៕

To Top