ព័ត៌មានជាតិ

កូនស្វាកន្ទុយស ជាប្រភេទសត្វ ជិតផុតពូជ ត្រូវបានពលរដ្ឋ ប្រគល់ជូនក្រសួងបរិស្ថាន ដើម្បីការពារនិងអភិរក្ស

ភ្នំពេញ ៖ កូនសត្វស្វាកន្ទុយ ស ដែលជាប្រភេទសត្វជិតផុតពូជ ត្រូវបានប្រជាពលរដ្ឋ ស្ម័គ្រចិត្តប្រគល់ជូនក្រសួងបរិស្ថានដើម្បីអភិរក្សនិងការពារ។
ជាមួយ គ្នា នោះ លោក នេត ភក្ត្រា រដ្ឋលេខាធិការ ក្រសួង បរិស្ថាន អំពាវនាវដល់ពលរដ្ឋមួយចំនួនតូច ដែលកំពុងលួចលាក់ចិញ្ចឹមសត្វ ព្រៃប្រភេទកម្រនៅតាមផ្ទះ ប្រគល់ជូនក្រុមអ្នកអភិរក្ស ព្រោះសត្វព្រៃត្រូវតែរស់ក្នុងព្រៃ ហើយយកសត្វព្រៃកម្រមក ចិញ្ចឹម គឺខុសច្បាប់។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី២៨ មករាបានបញ្ជាក់ថា កូនស្វាកន្ទុយ ស ឈ្មោលមួយក្បាល ដែលមានអាយុ ប្រមាណ២ខែនេះ នឹងត្រូវថែរក្សាការពារ និងចិញ្ចឹមដោយក្រុមអភិរក្ស ដើម្បីឲ្យសត្វស្វាមួយក្បាលនេះ មានសុខភាពល្អ ចេះគ្រប់គ្រងខ្លួនឯង មុននឹងយកទៅព្រលែង ចូលក្នុង ព្រៃធម្មជាតិវិញ។

លោកបន្ដថា នៅឆ្នាំ ២០២០ កូនស្វាកន្ទុយសចំនួន ២ ក្បាល ត្រូវបានពលរដ្ឋប្រគល់ជូនសមត្ថកិច្ច អនុវត្តច្បាប់ខេត្តមណ្ឌលគិរី និងបានកំពុងថែរក្សា ដោយក្រុមអ្នកអភិរក្ស។
លោកបានសង្កត់ធ្ងន់ថា ពលរដ្ឋមួយចំនួនតូច ដែលនៅតែយាយីសត្វព្រៃ ត្រូវបញ្ឈប់សកម្មភាពចាប់សត្វព្រៃ បរបាញ់សត្វ និងដាក់អន្ទាក់ចាប់សត្វព្រៃ និងបញ្ឈប់ការយកសត្វកម្រមកចិញ្ចឹម បើពុំនោះទេ នឹងត្រូវប្រឈមមុខច្បាប់។

លោកបន្ថែមថា តាមការសិក្សារបស់មន្ត្រីជំនាញផ្នែកសត្វព្រៃ សត្វស្វាកន្ទុយស ជាប្រភេទសត្វកម្រជិតផុតពូជបំផុត នៅលើពិភពលោក។ គេមិនមានរបាយការណ៍សត្វស្វាកន្ទុយស សរុបនៅលើពិភពលោកទេ ប៉ុន្តែមានមិននៅសេសល់ច្រើន នោះឡើយ ។ តាមទិន្នន័យ ស្វាកន្ទុយសនៅកម្ពុជាបច្ចុប្បន្នមានចំនួនប្រមាណជាង ២ ម៉ឺនក្បាល ហើយវត្តមាន របស់សត្វកន្ទុយសនេះច្រើនជាងគេគឺនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី ដែលតាមការសិក្សាមានចំនួន ៦.៧៥៦ក្រុម ។

លោកបានថ្លែងថា ដោយមានការអភុរក្សបានល្អ និងការអនុវត្តច្បាប់តឹងរ៉ឹង ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ចំនួនសត្វស្វាកន្ទុយសនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ាមាន ស្ថេរភាព។ ក្រៅពីស្វាកន្ទុយស កម្ពុជាមានប្រភេទពានរ ដែលជិតផុតពូជផ្សេងទៀត លើពិភពលោក ដូចជា ទោចថ្ពាល់លឿង ស្វាអង្កត់ ស្វាព្រាម ស្វាក្តាម ជាដើម។

ជាងនេះទៅទៀត លោក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ក្នុងកិច្ចខិតខំប្រឹងប្រែង អភិរក្សសត្វព្រៃ ក្រសួងបរិស្ថាន និងអង្គការដៃគូ រួមនឹងសហគមន៍តំបន់ ការពារធម្មជាតិ បានអប់រំពលរដ្ឋកុំបរិភោគសាច់សត្វព្រៃ និងចុះទប់ស្កាត់ បង្ក្រាបបទល្មើសសត្វព្រៃ និងការដោះអន្ទាក់ចេញ ពីក្នុងតំបន់ការពរធម្មជាតិ ។ លោកថា អន្ទាក់គឺជាឃាតកលាក់មុខ សម្លាប់សត្វព្រៃ ហើយនៅឆ្នាំ២០២០ កន្លងទៅ អន្ទាក់គ្រប់ប្រភេទប្រមាណ ៥ ម៉ឺនអន្ទាក់ត្រូវដោះចេញពីក្នុងតំបន់ការពារធម្មជាតិ និងជួយសង្គ្រោះជីវិតសត្វព្រៃ ជាច្រើនក្បាល៕

To Top