ព័ត៌មានជាតិ

គម្រោងស្ថាបនាផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប សាងសង់បានជាង១៧,៥%

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចការងារសាងសង់ បានជាង១៧,៥% បើគិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។

សូមជម្រាបថា នៅថ្ងៃទី២៨ មករា នេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួង បានអញ្ជើញអមដំណើរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង និងភាគីពាក់ព័ន្ធមួយចំនួនទៀត បានចុះពិនិត្យវឌ្ឍនភាពការងារ សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប។

ជាងនេះទៅទៀត ការចុះត្រួតពិនិត្យការស្ថាបនាផ្លូវនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យគុណភាព នៃការសាងសង់ ជំរុញឲ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកឲ្យបានត្រឹមត្រូវ និងស្តង់ដារ ដែលអាចទទួ លយកបាន ពោលគឺធ្វើផ្លូវឲ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក។

សូមបញ្ជាក់ជូនថា គម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងទីក្រុងសៀមរាប ខេត្តសៀមរាប ចំនួន៣៨ខ្សែនេះ មានប្រវែងសរុប១០៨,៧៤ គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិ សរុបប្រមាណជាង ១៤០ លានដុល្លារអាមេរិក និងថវិកាប្រមាណ ជាង៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅគម្រោងសាងសង់ ខ្សែផ្លូវទាំង៣៨នេះ ដោយប្រើប្រាស់ រយៈពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ។

គម្រោងនេះ អនុវត្តដោយអង្គភាពសាងសង់ ចំនួន៨រួមមាន៖ទី១-កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់នៃ នាយកដ្ឋានវិស្វកម្ម ទី២-កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ទី៣-កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ទី៤- អគ្គនាយកដ្ឋានសាធារណការ ទី៥- អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ទី៦-នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ ទី៧-នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ និងទី៨-មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។

គម្រោងនេះ មានការរៀបចំលើគ្រប់ទិដ្ឋភាព ក្នុងនោះរួមមាន៖ ប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញា និងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ និងការធ្វើសួននិងដាំដើមឈើ។

ជាមួយគ្នានេះផងដែរ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនេះ មានការគិតគូរយកចិត្តទុកដាក់ខ្ពស់ ក្នុងការសាងសង់ស្រទាប់គ្រឹះផ្លូវ ប្រកបដោយគុណភាព ជាប់រឹងមាំ ដោយគោរពតាមបទដ្ឋានបច្ចេកទេសសាងសង់ ចៀសវាងការសាងសង់រួច ត្រូវគាស់កកាយ ជួសជុលឡើងវិញ ដែលនាំឱ្យខាតបង់ថវិកាបន្ថែមទៀត រួមជាមួយការរៀបចំប្រព័ន្ធលូបង្ហូរទឹក ស្របទៅតាមស្តង់ដាបច្ចេកទេស ដើម្បីការពារកុំឱ្យមានការលិចលង់ និងចៀសវាងនាំឱ្យផ្លូវឆាប់ខូច ដោយមានការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសឱ្យបាន ល្អិតល្អន់ជាមួយក្រុមការងារ ត្រួតពិនិត្យបច្ចេកទេស ជាពិសេស គុណភាពនៃសម្ភារបរិក្ខារដែលត្រូវ ប្រើប្រាស់សម្រាប់ការសាងសង់ ធានាបាននូវការប្រើបាស់ សម្ភារបរិក្ខារមានគុណភាព ដើម្បីធានាឱ្យគុណភាពសំណង់ មានភាពរឹងមាំអាចទទួលយកបាន ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ក្រៅពីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែហើយនោះ ក៏នៅមានការស្ដារ កែលម្អធ្វើឲ្យប្រសើរឡើងដងស្ទឹងសៀមរាប ប្រវែងជាង ៨គីឡូម៉ែត្រ អនុវត្ត ដោយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីលើកកម្ពស់សោភ័ណភាពបន្ថែមទៀត ឱ្យស័ក្កិសមជាទីក្រុងទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ដ និងធម្មជាតិ ក៏ដូចជាដើម្បីជួយជំរុញ ដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

All rights reserved by: DAP News

To Top
×