នយោបាយ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនធ្វើអត្ថាធិប្បាយ ចំពោះសភាពការណ៍ នៅមីយ៉ាន់ម៉ា ខណៈលោកស្រី អ៊ុងសាន ស៊ូជី ត្រូវយោធាចាប់ឃុំខ្លួន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញជំហរយ៉ាងម៉ឺងមាត់ថា កម្ពុជាមិនធ្វើអត្ថាធិប្បាយ ចំពោះសភាពការណ៍ ដែលកំពុងកើតឡើង នៅមីយ៉ាន់ម៉ាឡើយ ខណៈលោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ លោកលោក U Win Myint ប្រធានាធិបតី និងមេដឹកនាំរដ្ឋាភិបាលស៊ីវិល របស់ភូមាជាច្រើននាក់ ត្រូវយោធាចាប់ឃុំខ្លួន នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ក្នុងពិធីបើកការដ្ឋាន សាងសង់ រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតចំការមន នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ឥឡូវនេះ នៅយ៉ាំងហ្គោន (នៅមីយ៉ាន់ម៉ា) ចាប់ផ្ដើមហើយ ប្រធានាធិបតី និងទីប្រឹក្សារដ្ឋ ត្រូវទាហានចាប់ខ្លួនហើយ តែកម្ពុជាមិនធ្វើអធិប្បាយ កិច្ចការផ្ទៃក្នុងប្រទេសណាទាំង អស់ ទាំងនៅក្នុងក្របខណ្ឌអាស៊ានក្ដី ប្រទេសដទៃក្ដី»។

ជាងនេះទៅទៀត សម្ដេចតេជោ ក៏បានបញ្ជាក់ថា កម្ពុជាគ្រាន់តែផ្សាយព័ត៌មាន នៅប្រទេសមីយ៉ាន់ម៉ាជាធម្មតា ប៉ុន្ដែ កម្ពុជាមិនធ្វើការអធិប្បាយឡើយ ។

សូមជម្រាបថា យោងតាមទីភ្នាក់ងារព័ត៌មានបរទេស AFP និងសារព័ត៌មាន BBC បានចេញផ្សាយ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា និងលោកប្រធានាធិបតី ត្រូវបានចាប់ឃុំខ្លួន ដោយយោធានាពេលព្រឹកព្រលឹមនេះ ខណៈមានសេចក្តីរាយការណ៍ថា រដ្ឋប្រហារមួយកំពុងដំណើរការ បន្ទាប់ពី បោះឆ្នោតហើយមានជម្លោះ។

ជាងនេះទៅទៀត អ្នកនាំពាក្យរដ្ឋមីយ៉ាន់ម៉ា បានបញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតីលោក U Win Myint និងមន្ត្រីជាន់ខ្ពស់ដទៃទៀត នៃសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ត្រូវបានចាប់ខ្លួនដោយយោធា ខណៈយោធាចោទរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី ក្លែងបន្លំសន្លឹកឆ្នោត និងប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ១ឆ្នាំ ៕

To Top