ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ថវិកាលើកទឹកចិត្ត នគរបាលផាកពិន័យ ពីច្បាប់ចរាចរណ៍ ត្រូវបើកតាមធនាគារ ប៉ុន្ដែករណី មិនទទួលបាន ត្រូវរាយការណ៍ជូនសម្ដេច

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា ថវិកាលើកចិត្ត ចំពោះនគរបាល ដែលផាកពិន័យ ពីអ្នកមិនគោរពច្បាប់ចរាចរណ៍ គឺបើកតាមរយៈធនាគារ ប៉ុន្ដែបើនគរបាល ណាមួយមិនទទួល បានថវិកានេះ ត្រូវរាយការណ៍ជូនសម្ដេចភ្លាមៗ ដើម្បីមានវិធានដោះស្រាយ ។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងពិធីទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥ ដែលប្រារព្ធធ្វើនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ថវិកាមួយចំនួនដែលបានផាកពិន័យ ពីច្បាប់ចរាចរណ៍ គឺត្រូវបានផ្ដល់មកឲ្យនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ហើយថវិកាទាំងនោះ មិនបើកតាមរយៈអង្គភាពរបស់ខ្លួនឡើយ គឺម្នាក់ៗត្រូវមានគណនីធនា គាររៀងៗខ្លួន ។

សម្ដេចក្រឡាហោម ឧទាហរណ៍ថា «បើថវិកាមិនដល់នគរបាល យើងអ្នកទទួលខុសត្រូវដដែល»។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ប៉ុន្ដែបើករណីអស់លោក (នគរបាលចរាចរណ៍) បើកលុយនៅធនាគារមិនបាន ព្រោះលុយក្នុងកុងអត់មាន សូម រាយការណ៍មកខ្ញុំ ហើយខ្ញុំបើកចំហរប្ដឹងមកខ្ញុំ។ ខ្ញុំនឹងទទួលដោះស្រាយ ប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព»។

បន្ថែមពីនេះទៀត សម្ដេចក្រឡាហោម ក៏បានរំលឹកថា នាពេលកន្លងមកនៅខេត្តមួយចំនួន ក៏មានករណីដូចខាងលើនេះដែរ ប៉ុន្ដែត្រូវបានដោះស្រាយជាបន្ដបន្ទាប់។

ឆ្លៀតឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានបង្ហាញការព្រួយបារម្ភ ចំពោះការចរាចរណ៍គ្រឿងញៀន នៅកម្ពុជានាពេលបច្ចុប្បន្ន ដែលកំពុងរីកសាយភាយដល់ទីជនបទ។ សម្តេច បានលើកឡើងថា បើមិនស្រុះគ្នាធ្វើទេថ្ងៃណាមួយគ្រឿងញៀន នឹងត្រួតត្រាកម្ពុជា ។

សម្ដេចក្រឡាហោម បញ្ជាក់ថា «ការបារម្ភ ការទស្សន៍ទាយរបស់ខ្ញុំ មិនសូវខុសប៉ុន្មានទេ មានការបារម្ភអំពីគ្រឿងញៀន ដែលរាលដាលដល់ទីជនបទ។ ឥឡូវហ្នឹងគឺថាមួយថ្ងៃយ៉ាងតិចណាស់៦ ខេត្ត ទៅ១០ខេត្ត មានមួយឬពីរករណី ។ រឿងនេះបើយើងមិនស្រុះគ្នាដើម្បីធ្វើទេ គ្រឿងញៀនវាត្រួតត្រាយើងថ្ងៃណាមួយ»៕

To Top