ភ្នំពេញ៖ នៅដើមឆ្នាំ២០២១ ក្រុមហ៊ុន Hyundai Agro (Cambodia) មានផែនការនាំចេញផ្លែស្វាយកែវរមៀតស្រស់ ឲ្យបានចំនួន ១ ០០០ តោនទៅកាន់ទីផ្សារកូរ៉េ។ នេះបើតាមហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃ២ កុម្ភៈ។
បើតាមប្រភពពីលោករដ្ឋមន្ត្រីដដែល គឺយោងលើខ្លឹមសារ ដែលមានចែងក្នុងអនុស្សរណៈ នៃការយោគយល់គ្នា រវាងអគ្គនាយកដ្ឋានកសិកម្ម និងទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យកូរ៉េស្តីពី “លក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់” គឺតម្រូវឲ្យមានការចុះត្រួតពិនិត្យ និងវាយតម្លៃលើការ អនុវត្តបច្ចេកទេសក្នុង ចម្ការស្វាយជារៀងរាល់ឆ្នាំមុនរដូវប្រមូលផល។
លោកថា ហេតុនេះ នាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ បានចាត់មន្រ្តីជំនាញ ឲ្យចុះទៅវាយតម្លៃលក្ខខណ្ឌបច្ចេកទេស ពាក់ព័ន្ធនឹងចម្ការស្វាយ និងម៉ាស៊ីនប្រព្រឹត្តិកម្មសម្លាប់ សមាសភាពចង្រៃដោយប្រើចំហាយទឹកក្តៅ (Vapor Heat Treatment -VHT) នៅតាមក្រុមហ៊ុននីមួយៗ ដែលបានដាក់ពាក្យស្នើសុំ។ ទទួលបានលទ្ធផល នៃការចុះវាយតម្លៃ អគ្គនាយកដ្ឋានកសិកម្មបានផ្ញើ របាយការណ៍ជូនទៅទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យ នៃប្រទេសកូរ៉េដើម្បីពិនិត្យ និងសម្រេច។
លោករដ្ឋមន្រ្តីបន្តថា បន្ទាប់ពីទទួលបានការយល់ព្រមពីភាគីកូរ៉េ កាលពីថ្ងៃទី១៣ ខែមករា ក្រុមហ៊ុន Hyundai Agro (Cambodia) បានដាក់ពាក្យស្នើសុំឲ្យនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ចាត់មន្រ្តីជំនាញ ចុះទៅធ្វើការត្រួតពិនិត្យ និងវាយតម្លៃលើលក្ខខណ្ឌបច្ចេកទេស ក្នុងចម្ការស្វាយដើម្បីឲ្យស្របតាមលក្ខខណ្ឌ តម្រូវភូតគាមអនាម័យរបស់ភាគីកូរ៉េ ។
ជាលទ្ធផល ឆ្លើយតបតាមលក្ខខណ្ឌ កាលពីថ្ងៃទី២០ ខែមករា ក្រុមហ៊ុនបាននាំស្វាយកែវរមៀត ស្រស់ចេញទៅកាន់ប្រទេសកូរ៉េលើកទី១ ចំនួន ១តោន ហើយសង្ឃឹមថាបរិមាណនេះនឹងមានការកើនឡើងជាបន្តបន្ទាប់នៅរដូវ ប្រមូលផលស្វាយខាងមុខនេះ ។
យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកសិកម្ម កាលពីថ្ងៃទី១៦ ខែធ្នូ បានឲ្យដឹងថា បច្ចុប្បន្ននៅទូទាំងប្រទេសមានផ្ទៃដី ដាំដុះស្វាយ សរុបចំនួន ១២៤ ៣១៩ហិកតា ផ្ទៃដីប្រមូលផលមានចំនួន ៩១ ៣៩៨ហិកតា ទទួលបានទិន្នផល ជាមធ្យមចំនួន ១៦តោន ក្នុងមួយហិកតា ។ រដូវដែលមានបរិមាណផល សរុបចំនួន ១ ៤៤៨ ៦៧៧តោន។
ជាលទ្ធផល អស់រយៈពេល៤ឆ្នាំ ផលិតផលផ្លែស្វាយកែវរមៀតស្រស់របស់កម្ពុជា ត្រូវបាននាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ ជា លើកដំបូងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ នេះបើតាមការអះអាងរបស់អគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី១ ខែកុម្ភៈ ។ គិតត្រឹមថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០) ផ្លែ ស្វាយ ស្រស់មានគុណភាពល្អចំនួន ៧៧តោន ត្រូវបានដាក់លក់នៅលើទីផ្សារកូរ៉េ ។
សូមបញ្ជាក់ថា ដំណាំស្វាយកែវរមៀត គឺជាដំណាំកសិ-ឧស្សាហកម្ម មួយក្នុងចំណោមដំណាំ កសិ-ឧស្សាហកម្មផ្សេងទៀត ដែលមានសក្តានុពល សម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារ អន្តរជាតិ ជាពិសេសប្រទេសចិន និងកូរ៉េជាលក្ខណស្រស់ និងក្រៀម ៕






