ព័ត៌មានជាតិ

ភោជនីយដ្ឋានជប៉ុន ក្នុងក្រុងព្រះសីហនុ បើកដំណើរការឡើងវិញ ក្រោយរងការខូចខាត ដោយសាររលំអគារសង្កត់ពីលើ

ភ្នំពេញ ៖ ភោជនីយដ្ឋាន KU-KAI របស់ជប៉ុន នៅក្នុងព្រះសីហនុ ខេត្ត ព្រះសីហនុ បានបើកដំណើរការឡើងវិញ ក្រោយពីរងការខូចខាត ដោយសារការបាក់រលំអគារ កាលពីកន្លងទៅ ។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ស្ថានទូត ជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ថ្មីៗនេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបើកសម្ពោធភោជនីយដ្ឋានជប៉ុនKU-KAI មានទីតាំងតាមបណ្តោយផ្លូវ៧មករា ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ដោយមានការចូល រួមពីប្រធានមន្ទីរអង្គភាព ក្នុងខេត្តព្រះសីហនុផងដែរ ។

ប្រភពដដែល បញ្ជាក់ ថា «ដោយសារតែគ្រោះថ្នាក់ដួលរលំអគារភ្លាមៗក្នុងខែមិថុនា ឆ្នាំ២០១៩ ភោជនីយដ្ឋានKU-KAI ក៏បានរងការខូចខាត ហើយក៍ត្រូវបង្ខំចិត្តបិទអាជីវកម្មអស់រយៈពេលប្រមាណ១ឆ្នាំ ៨ខែ។ ឯកអគ្គរាជទូតជប៉ុន និងអភិបាលខេត្ត បានចូលរួមអបអរសាទរដល់ម្ចាស់ភោជនីយដ្ឋានKU-KAI ចំពោះការបើកដំណើរការឡើងវិញ»។

នាឱកាសនោះដែរ លោក មិកាមិ បានថ្លែងអំណរគុណ អភិបាលខេត្តព្រះសីហនុ ដែលបានចូលរួមបើកសម្ពោធភោជនីយដ្ឋាន KU-KAI នៅខេត្តព្រះសីហនុ និងសូមចូលរួមគាំទ្រដើម្បីឱ្យភោជនីយដ្ឋានជប៉ុនដំណើរការរលូន ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគជប៉ុន មកកាន់ខេត្តព្រះសីហនុ កាន់តែច្រើនឡើងនាពេលខាងមុខ។

ជាការឆ្លើយតប លោក គួច ចំរើន បានលើកឡើងថា មានអាហារដ្ឋានជប៉ុន នៅទីក្រុងនេះ គឺនាំមកនូវអ្នកវិនិយោគ និងភ្ញៀវទេសចរជប៉ុន ហើយអាហារដ្ឋានជប៉ុននេះ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ខេត្តព្រះសីហនុកាន់តែល្អប្រសើរ ៕

To Top