ព័ត៌មានជាតិ

លោកស្រី ម៉េង សុភារី៖ សិទ្ធិមានមេធាវី របស់លោក កឹម សុខា គឺបានមកដោយច្បាប់តម្រូវ

ភ្នំពេញ៖ លោកស្រី ម៉េង សុភារី សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង បានលើកឡើងថា សិទ្ធិមានមេធាវី របស់លោក កឹម សុខា គឺបានមកដោយច្បាប់តម្រូវ មិនមែនបានមកដោយសារការអនុគ្រោះ ដោយមូលហេតុអ្វីមួយ ឬស្ថានភាពពិសេសណាមួយឡើយ ។

លោកស្រី ម៉េង សុភារី បានលើកឡើង តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៣ កុម្ភៈនេះថា
លោក កឹម សុខា ក៏ដូចជាជនសង្ស័យ ជនត្រូវចោទ និង ជនជាប់ចោទតាមផ្លូវតុលាការទាំងអស់ សុទ្ធតែមានសិទ្ធិ ក្នុងការមានមេធាវីស្របតាមច្បាប់ និងរដ្ឋធម្មនុញ្ញ ដើម្បីការពារសិទ្ធិនិងផល ប្រ យោជន៍ ជាពិសេស ជនជាប់ចោទ ក្នុងបទឧក្រិដ្ឋ គឺច្បាប់តម្រូវដាច់ខាតឱ្យមានមេធាវី។មាត្រា ៣៨ នៃក្រមសីលធម៌មេធាវីចែងថា មេធាវីត្រូវទាមទារ និង ស្វះស្វែងធ្វើឱ្យមានការជំនុំជម្រះក្តី ដោយយុត្តិធម៌ គោរពតាមច្បាប់ និង នីតិវិធីដ៏ត្រឹមត្រូវ ឱ្យកើតមានយ៉ាងពិតប្រាកដ ។

យ៉ាងណាក្ដី ការងារ ឬ បេសកកម្ម របស់សហមេធាវីលោក កឹម សុខា ក្នុងការការពារកូនក្តី ក៏ដូចជាការចូលរួម លើកស្ទួយប្រព័ន្ធយុត្តិធម៌ របស់សហមេធាវី ជាក់ស្តែងដូចជាសំណើសុំបន្តសវនាការ ដែលបានធ្វើ៣លើករួចមកហើយ និងបេសកម្មស្វែងរកយុត្តិធម៌សំរាប់កូនក្តី នៅមិនទាន់ទទួលបាន លទ្ធផលជាវិជ្ជមាននៅឡើយ ។

ចំណែកលោក ផែង ហេង សហមេធាវីមួយរូបទៀត បានថ្លែងថាសំណុំរឿងរបស់លោក កឹម សុខា កំពុងស្ថិត ក្នុងចំណាត់ការរបស់តុលាការ។ ការសម្រេចគឺជាសិទ្ធិរបស់តុលាការ ប៉ុន្តែលោក កឹម សុខា នៅតែប្រើសិទ្ធិទាមទារដ៏ទទូច ឱ្យសាលាដំបូងរាជធានីភ្នំពេញ ឆាប់សម្រេចលើកលែងបទ ចោទលើគាត់ ព្រោះគាត់មិនបានប្រព្រឹត្ត ដូចការចោទប្រកាន់នោះទេ។

ចំណែក សហមេធាវីគាត់ ក៏បានស្នើសុំជាច្រើនលើកឱ្យ តុលាការ ពន្លឿននិតិវិធីជម្រះក្តីនេះ ដើម្បី យុត្តិធម៌ និងចៀសវាងការរំលោភ លើសិទ្ធិទទួលបានការជម្រះក្តី ដោយ ឆាប់រហ័សនិងយុត្តិធម៌ ដូចមានចែងក្នុងច្បាប់ និងកតិកាសញ្ញាអន្តរជាតិ៕

To Top