ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសុខាភិបាល ណែនាំអភិបាល រាជធានី-ខេត្ត ត្រូវចាត់វិធានការទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩តាមច្រក ព្រំដែន កម្ពុជា-វៀតណាម

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការណែនាំទៅដល់អភិបាល រាជធានី-ខេត្ត ត្រូវប្រុងប្រយ័ត្ន និងចាត់វិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ ទប់ស្កាត់ និងបង្ការការនាំចូលវិរុសកូវីដ-១៩ តាមច្រក ព្រំដែន កម្ពុជា-វៀតណាម ដើម្បីការពារការចម្លងវិរុសកូវីដ-១៩ ចូលមកកម្ពុជា។

យោងតាមប្រភពព័ត៌មានពីគេហទំព័រ របស់ប្រទេសវៀតណាមឈ្មោះ Vietnam Briefing (https://www.vietnam-briefing.com) : Vietnam Business Operations and the Coronavirus Updates ដែលបានចុះផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បាន ឲ្យ ដឹង ថា ប្រទេសវៀតណាមថ្មីៗនេះ បាននិងកំពុងមានការផ្ទុះឡើងវិញនូវ ការចម្លងនៃវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ដែលក្នុងនោះមានការចម្លងនៃវីរុសកូវីដ-១៩ បម្លែងថ្មីពីចក្រភពអង់គ្លេសផងដែរ។

យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក ម៉ម ប៊ុន ហេង បានធ្វើការណែនាំ អភិបាលរាជធានី -ខេត្ត ទាំងអស់ ជាពិសេសខេត្តដែលមាន ព្រំដែនជាប់ប្រទេសវៀតណាម ដូចជា ខេត្តកំពត តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងរតនគិរី ត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការ ឲ្យបានហ្មត់ចត់។

លោកបញ្ជាក់ថា «អាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសបណ្ដាខេត្ត ដែលមានព្រំដែន ជាមួយប្រទេសវៀតណាម ត្រូវបង្កើនសកម្មភាព ត្រួតពិនិត្យ សុខភាពអ្នកដំណើរ ចេញ-ចូលតាមច្រកព្រំដែន ឲ្យបានហ្មត់ចត់ និងត្រូវធ្វើតេស្តរកវីរុសកូវីដ-១៩ ព្រមទាំងដាក់អ្នកដំណើរ ដែលចូលមកកម្ពុជាទាំងអស់ឱ្យនៅចត្តាឡីស័កពេញលេញ រយៈពេល១៤ថ្ងៃ ដោយអនុវត្តទៅតាមអនុសាសន៍ណែនាំដ៏ ខ្ពង់ខ្ពស់ និងវិធានការសុខាភិបាលដែលបានដាក់ចេញ ដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយក្រសួងសុខាភិបាល រួចហើយ»។

លោកបន្ដថា បន្តធ្វើឲ្យសកម្មនូវដំណើរការគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជធានី-ខេត្ត ជាបន្តទៅទៀត។ ជាពិសេស ចុះពិនិត្យតាមដាន រុករកប្រជាពលរដ្ឋមកពីក្រៅប្រទេស ជាពិសេសមកពីប្រទេសវៀតណាម ថៃ យកវត្ថុសំណាកសម្រាប់អ្នក ដំណើរដែលចូលមកក្នុងប្រទេសកម្ពុជា និងរាយការណ៍មកទូរសព្ទទាន់ហេតុការណ៍ នូវរាល់ករណីសង្ស័យឆ្លងវីរុសកូដ-១៩ ឬ ករណីគ្រុនក្តៅ ឬគ្រុនផ្តាសាយដែលកើតមានជាក្រុម ឬអ្នកមានបញ្ហាផ្លូវដង្ហើម ជាដើម។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីសុខាភិបាល ក៏បានណែនាំ អាជ្ញាធររាជធានី-ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារការចម្លងជំងឺកូវីដ-១៩ ព្រមទាំងជំរុញលើកទឹកចិត្តប្រជាជនក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ របស់ខ្លួន ឱ្យស្របតាមរបត់នៃ «ការរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩» ដោយប្រកាន់យកនូវ ការអនុវត្តវិធានការ ៣ការពារ និង ៣កុំ។

បន្ថែមពីនេះ លោករដ្ឋមន្ដ្រី ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំងអស់ឲ្យផ្អាក ឬពន្យារការធ្វើដំណើរទៅប្រទេសវៀតណាម ជាពិសេសទៅតំបន់ដែលមានការរាតត្បាតនូវជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងសូមអនុវត្តតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាលនានាដែលបានដាក់ចេញដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩នេះ៕

To Top