ព័ត៌មានជាតិ

វិភាគ: វិបត្តិនយោបាយនៅមីយ៉ានម៉ា អាចជាការធ្វើតេស្ត លើទំនោរអន្តរជាតិ

បច្ចុប្បន្នភាព
ប្រព័ន្ធផ្សព្វផ្សាយ Aljazeera បានចុះផ្សាយថា អន្តរជាតិកំពុងខ្វែងគំនិតគ្នាយ៉ាងខ្លាំង លើវិបត្តិនយោបាយនៅសហភាពមីយ៉ានម៉ា ក្រោយពីកងកម្លាំងយោធា បានធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលស៊ីវិល ដែលនឹកនាំអោយលោកស្រី អ៊ុងសាន ស៊ូជី ។

ប្រទេសស្ទើរតែទាំងអស់ នៅលើពិភពលោក ដែលជាសមាជិក និងមិនមែនជាសមាជិក របស់អង្គការសហប្រជាជាតិ តែងតែមានជំហរទោរទន់ ទៅរកប្រទេសមហាអំណាច ដូចជាសហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសផ្សេងទៀត ។

ស្ទើរតែជាទម្លាប់ របស់សហគមន៍អន្តរជាតិទៅហើយ ដែលមានទំនោរ ទៅរកប្រទេសមហាអំណាចក្នុងការគាំទ្រ ឬប្រឆាំងប្រទេសណាមួយ ទៅតាមលំអាននៃការសម្រេចចិត្ត របស់ប្រទេសដែលខ្លួនគាំទ្រ ដើម្បីបានប្រយោជន៍ សម្រាប់ប្រទេសផ្ទាល់ខ្លួន ។

Aljazeera បានចុះផ្សាយថា វិបត្តនយោបាយនៅសហភាពមីយ៉ានម៉ា ដែលកើតចេញពីរដ្ឋប្រហារយោធា កំពុងតែធ្វើតេស្តពីទំនោរអន្តរជាតិ ជាពិសេសគឺទំនោរ របស់ក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍ អង្គការសហប្រជាជាតិ ។

ក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍ របស់អង្គការសហប្រជាជាតិ មាន៥ប្រទេស គឺសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចិន បារាំង និងអង់គ្លេសហើយក្រុមប្រឹក្សានេះ បានបើកកិច្ចប្រជុំបន្ទាន់មួយ កាលពីថ្ងៃអង្គារ ទី២ ខែកុម្ភៈនេះ ដើម្បីថ្កោលទោស រដ្ឋប្រហារយោធានៅមីយ៉ានម៉ា ។

កិច្ចប្រជុំបន្ទាន់ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ មិនបានចេញជាសេចក្តីសម្រេច ក្នុងការថ្កោលទោស លើកងកម្លាំងយោធា របស់សហភាពមីយ៉ានម៉ា ដែលបានធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលស៊ីវិលនោះទេ ដោយសារចិន និងរុស្ស៊ីបានជំទាស់ ដោយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ មិនអាចចេញសេចក្តីណាមួយទេ ប្រសិនបើមានការជំទាស់ ពីសមាជិកអចិន្ត្រៃយ៍ណាមួយ ក្នុងចំណោមសមាជិកទាំង៥ ។

នៅពេលបច្ចុប្បន្ននេះ គេកំពុងតែតាមដានមើលពីជំហរ ជាលក្ខណៈអន្តរជាតិ ថាតើត្រូវគាំទ្រសហរដ្ឋអាមេរិក បារាំង និងអង់គ្លេស ឬក៏ត្រូវគាំទ្រប្រទេសរុស្ស៊ី និងចិន ដោយសាររុស្ស៊ី និងចិន បានជំទាស់មិនអោយថ្កោលទោស រដ្ឋប្រហារនៅមីយ៉ានម៉ា ។

វិបត្តិនយោបាយនៅមីយ៉ានម៉ា ក៏ជាការធ្វើតេស្តមួយដែរ លើឥទ្ធិពលនយោបាយអន្តរជាតិ របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្រោយពីអតីតប្រធានាធិបតី របស់ប្រទេសមហាអំណាចមួយនេះ លោក ដូណាល់ ត្រាំ បានធ្វើអោយប៉ះពាល់ខ្លាំង ។

លោក ត្រាំ ដែលបានធ្វើអោយប៉ះពាល់ ឥទ្ធិពលនយោបាយអន្តរជាតិរបស់អាមេរិក គឺដោយសារអតីតប្រធានាធិបតីរូបនេះ បានប្រកាន់យកគោលនយោបាយ គិតប្រយោជន៍អាមេរិកជាអាទិ៍ (America First) ដែលធ្វើអោយប៉ះពាល់ ដល់ប្រទេសសម្ព័ន្ធមិត្ត ។ ប្រទេសជាសម្ព័ន្ធមិត្តអាមេរិក និងស្ថាប័នធំៗនៅលើពិភពលោក ដែលបានថ្នាំងថ្នាក់ ឬខឹងសម្បាអាមេរិក បានងាកបែរទៅរកប្រទេសចិន ដែលជាការបង្កើន ឥទ្ធិពលនយោបាយអន្តរជាតិ របស់ប្រទេសចិនយ៉ាងខ្លាំង ។

វិបត្តិនយោបាយនៅមីយ៉ានម៉ា មិនមែនជាបញ្ហា ដែលអ្នកនយោបាយមីយ៉ានម៉ា ត្រូវដោះស្រាយតែម្នាក់ឯងនោះទេ គឺជាបញ្ហា ដែលអ្នកដឹកនាំពិភពលោក ត្រូវចូលរួមដោះស្រាយផងដែរ ប៉ុន្តែមេដឹកនាំពិភពលោក បានខ្វែងគំនិតគ្នាទៅហើយ ។ ស្ថានភាពជារួម និងថ្មីបំផុតនៅសហភាពមីយ៉ានម៉ា គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈនេះ គឺមានលក្ខណៈធម្មតា ដោយមិនមានអំពើហិង្សាណាមួយ កើតឡើងនៅឡើយទេ រវាងប្រជាពលរដ្ឋ ដែលគាំទ្រខាងរដ្ឋាភិបាលស៊ីវិល និងកងកម្លាំងយោធា ។

ប្រព័ន្ធ Internet រួមទាំងប្រព័ន្ធបណ្តាញសង្គម Facebook ត្រូវបានកាត់ផ្តាច់ទាំងស្រុង ដោយសារអ្នកនយោបាយ និងប្រជាពលរដ្ឋដែលគាំទ្ររដ្ឋាភិបាលស៊ីវិល បានយកប្រព័ន្ធ Internet រួមទាំងប្រព័ន្ធបណ្តាញសង្គម Facebook ក្នុងការរិះគន់កងម្លាំងយោធា របស់ប្រទេសនេះ ដែលបានធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលស៊ីវិល ។

ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយមានរដ្ឋប្រហារ នៅសហភាពមីយ៉ានម៉ា គឺដោយសារកងកម្លាំងយោធា បានចោទប្រកាន់រដ្ឋាភិបាលស៊ីវិល និងគណៈកម្មការរៀបចំការបោះឆ្នោត ពីបទលួចបន្លំសន្លឹកឆ្នោត ក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកា ចុងឆ្នាំ២០២០កន្លងមកនេះ ។

អ្នកនាំពាក្យយោធា បាននិយាយថា រដ្ឋាភិបាលស៊ីវិល និងគណៈកម្មការរៀបចំការបោះឆ្នោត បានលួចបន្លំសន្លឹកឆ្នោត ប្រមាណជាង១០លានសន្លឹក ដោយបញ្ជីរបោះឆ្នោត មានទាំងកុមារមិនទាន់គ្រប់អាយុ និងអ្នកបោះឆ្នោត ដែលបានបាត់បង់ជីវិតទៅហយ ។

សូមរំលឹកជូនថា កាលពីឆ្នាំ២០១៥កន្លងទៅ ការបោះឆ្នោតអាណត្តិទី១ត្រូវបានធ្វើឡើង ដោយគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី គឺជាអ្នកទទួលបានជ័យជម្នះ និងបានដឹកនាំប្រទេសនេះ៥ឆ្នាំកន្លងមក ។

រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ចុងឆ្នាំ២០២០កន្លងមកនេះ ការបោះឆ្នោតអាណត្តិទី២ ត្រូវបានធ្វើឡើង ហើយគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី បានទទួលជ័យជម្នះទៀត ប៉ុន្តែកងកម្លាំងយោធា មិនទទួលយកលទ្ធផលនេះ ។

កងកម្លាំងយោធាបានអះអាងថា ការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល គឺមិនអាចចៀសរួចទេ ដោយសារតែការបោះឆ្នោតនេះ គឺមានភាពមិនប្រក្រតីច្រើន និងជាការលួចបន្លំ យកជ័យជម្នះសុទ្ធសាធ ដែលមិនអាចទទួលយកបាន ៕
អ៊ី ជិន

To Top