ព័ត៌មានជាតិ

ឆ្នាំ២០២០ អាស៊ាន ទទួលបានទេសចរអន្តរជាតិ ២៦លាននាក់ ធ្លាក់ចុះជាង ៨០% ដោយសារវិបត្តិកូវីដ១៩

ភ្នំពេញ ៖ ដោយសាររងផលប៉ះពាល់ ពីវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យតំបន់អាស៊ានទាំងមូល ទទួលបានភ្ញៀវទេសចរអន្តរជាតិតែ ២៦ លាននាក់ប៉ុណ្ណោះ ក្នុងឆ្នាំ២០២០ កន្លងទៅ ពោលគឺមានការធ្លាក់ចុះក្នុងអត្រា ៨០.៥ ភាគរយ។ នេះបើយោងតាមក្រសួងទេសចរណ៍។

ស្ថិតិនេះត្រូវបានបង្ហាញឡើង ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន លើកទី២៤ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន លើកទី២៤ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួននាឱកាសនេះ ត្រូវបានដឹកនាំដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន បានបង្ហាញនូវកង្វល់អំពី ផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩ លើវិស័យទេសចរណ៍ វិស័យការងារ ពិសេសគឺវិស័យសេដ្ឋកិច្ច ។ បន្ថែមពីនេះទៀត រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន ក៏បានបង្ហាញពីការសោកស្តាយយ៉ាងខ្លាំង ចំពោះការធ្លាក់ចុះនៃចំនួនភ្ញៀវ ទេសចរអន្តរជាតិ មកកាន់តំបន់អាស៊ាន ដោយនៅក្នុងឆ្នាំ២០២០ ចំនួនទេសចរអន្តរជាតិធ្វើដំណើរ មកកាន់អាស៊ានមានត្រឹមប្រមាណ ២៦លាននាក់ប៉ុណ្ណោះ ធា្លក់ចុះ ៨០.៥% ។

ជាការឆ្លើយតប នាកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ រដ្ឋមន្រ្តីទេសចរណ៍អាស៊ានទាំងអស់ បានឯកភាពគ្នាអនុម័ត លើសកម្មភាពការងាររស្តា រវិស័យទេសចរណ៍អាស៊ានឡើងវិញ ក្នុងផែនការយុទ្ធសាស្រ្ត ទេសចរណ៍អាស៊ាន ២០១៦-២០២៥ (ATSP 2016-2025) ដំណាក់កាលទី២។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ តំបន់អាស៊ានទាំងមូលទទួលបាន ភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៣៣ លាននាក់ កើនឡើង ៧ ភាគរយ បើធៀបនឹងឆ្នាំ២០១៨៕

To Top