ព័ត៌មានជាតិ

កម្មករ និយោជិត ជាង៦ពាន់នាក់ បន្តទទួលបានប្រាក់ ឧបត្ថម្ភពីរាជរដ្ឋាភិបាល

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាស បើកផ្តល់ប្រាក់ឧបត្ថម្ភលើកទី៤៩ ជូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតី នៃកញ្ចប់វិធានការរាជរដ្ឋាភិបាល ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា កម្មករនិយោជិតចំនួន ៦ ០៤០ នាក់ នៃរោងចក្រ សហគ្រាស ទាំង៣៩ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរ កិច្ចសន្យាការងារស្រប តាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល ធនាគារឯកទេសវីងនឹងផ្ញើសារ អំពីការបើកប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាល ទៅលេខទូរសព្ទ ដែលបងប្អូនបានផ្តល់មក ឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក។

ក្រសួងបន្ដ បញ្ជាក់ថា ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន ៦០ ៧៥០រៀល ,សម្រាប់ការព្យួរកិច្ចសន្យាការងារ រយៈពេល៧ថ្ងៃ ដល់១០ថ្ងៃ ចំណែកឯ ១២១ ៥០០រៀល ,សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ និង ១៦២ ០០០រៀល ,សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។

សូមបញ្ជាក់ថា ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ កម្មករនិយោជិតត្រូវយកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុតហើយ មិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីង ឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។

ក្នុងករណីកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស ទាំង៣៩ នេះ មិនបានទទួលសារទូរសព្ទពីធនាគារឯកទេសវីង នោះត្រូវទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួន។

សូមបញ្ជាក់ថា សម្រាប់បងប្អូនដែលព្យួរកិច្ចសន្យាការងាររយៈពេល ២ខែ ប្រាក់ឧបត្ថម្ភនឹងត្រូវបើកជា ២លើកដោយលើកទី២ នឹងបើកនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១៕

To Top