ព័ត៌មានជាតិ

គម្រោងអភិវឌ្ឍន៍ និងស្ដារអូរ ប្រឡាយ ធម្មជាតិ ក្នុងខេត្តព្រះសីហនុ សម្រេចបាន៩៣%

ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ និងស្ដារអូរ ប្រឡាយធម្មជាតិ ក្នុងខេត្តព្រះសីហនុ ប្រវែង ២៧គីឡូម៉ែត្រ ក្នុងក្របខណ្ឌប្រើប្រាស់ កញ្ចប់ថវិកា សន្សំរបស់ជាតិ សម្រេចបាន៩៣,៤២% ហើយបើគិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារជំនាញ បច្ចេកទេសក្រោមឱវាទក្រសួង ចុះពិនិត្យមើលវឌ្ឍនភាព នៃការស្តារអូរ សំខាន់ៗ នៅក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួម ពីមន្ត្រីជំនាញបច្ចេកទេស ក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ ។

ក្នុងដំណើរ បេសកកម្មចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ ស្ដារអូរប្រឡាយប្រព័ន្ធចម្រោះទឹកកខ្វក់ និងស្ថានីយបូមទឹក ដែលសាងសង់ ដោយអគ្គនាយកដ្ឋាន ប្រព័ន្ធចម្រោះទឹកកខ្វក់ និងក្រុមហ៊ុន BUCG ដោយក្នុងនោះ រួមមានបឹងព្រែកទប់ ស្ថានីយបូមអេម៉ារីអូ ស្ថានីយបូមមុខសាលាខេត្ត និងស្ថានីយច្រោះសម្អាតទឹកកាកសំណល់ក្រុងព្រះសីហនុ ជាដើម ។

គោលបំណង នៃការស្តារអូរធម្មជាតិសំខាន់ៗទាំងនេះ គឺដើម្បីការពារជំនន់ទឹកភ្លៀង នៅតាមតំបន់ងាយរងគ្រោះ ក្នុងទីក្រុង ក៏ដូចជារៀបចំកសាង ប្រព័ន្ធប្រឡាយទឹក នៅទីក្រុងមួយនេះ ឱ្យមានបរិស្ថានស្អាត និងអនាម័យល្អ ដែលអាចទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ បានកាន់តែច្រើនថែមទៀត។

យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ និងស្ដារអូរប្រឡាយធម្មជាតិ ស្ថិតក្នុងខេត្តព្រះសីហនុ ក្នុងក្របខណ្ឌប្រើប្រាស់ កញ្ចប់ថវិកាសន្សំរបស់ជាតិ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នេះសម្រេចបាន ៩៣,៤២%ហើយ ។

ក្នុងដំណើរអញ្ជើញ ចុះពិនិត្យស្ថានីយ ច្រោះសម្អាតទឹកកាកសំណល់ ក្រុងព្រះសីហនុ ដែលមានផ្ទៃក្រឡាចំនួន១៦ហិកតា លោកទេសរដ្ឋមន្ត្រី បានណែនាំ ឲ្យក្រុមការងារជំនាញ បច្ចេកទេស រៀបចំសំណើសុំថវិកាប្ដូរម៉ូទ័រ និងដំឡើងផ្ទាំងថាមពល សូឡាទៅក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើឲ្យប្រសើរឡើង ដល់ប្រសិទ្ធភាព នៃការសម្អាតសារជាតិ កខ្វក់នៅក្នុងទឹក និងកាត់បន្ថយការចំណាយ ថាមពលអគ្គិសនី ដែលជួយដល់ការ សន្សំសំចៃ ថវិកាជាតិបានមួយកម្រិត ជាពិសេសធានា បាននូវបរិស្ថានស្អាត ប្រកបដោយផាសុខភាព ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិ មុននឹងបញ្ចេញទឹកកខ្វក់ទាំងនោះចូលទៅក្នុងឆ្នេរសមុទ្រផងដែរ។

ជាងនេះទៅទៀ ត ស្ថានីយប្រព្រឹត្តិកម្ម តាមបែបធម្មជាតិក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គឺជាស្ថានីយច្រោះសម្អាត ទឹកសំណល់ធំទី២ បន្ទាប់ពីស្ថានីយច្រោះសម្អាតទឹកកង្វក់ តាមបែបធម្មជាតិ ក្រុងសៀមរាប ខេត្តសៀមរាប ។

គួរកត់សំគាល់ផងដែរថា ដោយសារតែមានការហូរចូល នូវវិនិយោគចម្រុះ តាមរយៈការសាងសង់អគារខុនដូ រមណីយដ្ឋាន និងអគារពាណិជ្ជកម្ម ព្រមទាំងរោងចក្រកាត់ ដេរជាច្រើន ខេត្តព្រះសីហនុ បាននិង កំពុងអភិវឌ្ឍយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទន្ទឹមនឹងការអភិវឌ្ឍបរិមាណ ទឹកកខ្វក់មានការកើនឡើង លើសពីការរំពឹងទុក ដើម្បីដោះស្រាយបញ្ហា ចំពោះមុខជាបន្ទាន់ ក្រសួងសាធារណការ និងដឹកជញ្ជូនបានសហការ ជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធព្រមទាំងអាជ្ញាធរដែន ដីបានស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកកខ្វក់ និងសាងសង់ស្ថានីយបូមទឹកមួយចំនួន បន្ថែមទៀតផងដែរ ៕

To Top
×