ព័ត៌មានជាតិ

រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច លើកទឹកចិត្ត អង្គការចាប់ដៃគូ ជាមួយរាជរដ្ឋាភិបាល ជួយដោះស្រាយ ស្ថានភាពរស់នៅ របស់ជនពិការ

ភ្នំពេញ ៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកទឹកចិត្ត ដល់ក្រុមអង្គការ ដែលធ្វើការតស៊ូមតិ ប្រែមកចាប់ដៃគូ ជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដោះស្រាយស្ថានភាព រស់នៅជាក់ស្តែង របស់ជនមានពិការ ឲ្យមានជីវភាពរស់នៅ សមរម្យប្រសើរឡើង។

នេះជាការថ្លែងរបស់លោក ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ការអនុវត្តផែនការ ស្តារឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ សម្រាប់ជនមានពិការភាព និងឧបករណ៍ស្វែងរកការគាំទ្រ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ។

ជាមួយគ្នានេះ លោក ឯម ច័ន្ទមករា ក៏បានលើកទឹកចិត្ត ដល់ជនមានពិការភាព នៅតាមមូលដ្ឋាន និងសហគមន៍ ចូលរួមលើកកម្ពស់សិទ្ធិ ដែលចែងក្នុងច្បាប់ និងអនុសញ្ញាស្តីពីសិទ្ធិជន មានពិការភាព និងធ្វើការសហការជាមួយអាជ្ញាធរ នៅមូលដ្ឋាន ដើម្បីបញ្ច្រៀបការយល់ដឹង និងធ្វើបរិយាន្នពិការភាព ក្នុងកម្មវិធីអភិវឌ្ឍន៍ឃុំ/សង្កាត់ ។

រដ្ឋលេខាធិការសង្គមកិច្ច ក៏បានចាត់ទុកការវត្តមាន របស់ជនមានពិការភាព ក្នុងផ្តល់មតិយោបល់ ដល់អាជ្ញាធរ គឺជាកិច្ចការសំខាន់ មិនអាចខ្វះបាន ។ លោកបានសង្កត់ធ្ងន់ថា មានតែជនមានពិការភាពខ្លួនឯងទេ ដែលដឹង ហើយយល់ច្បាស់ពីការលំបាកនៃពិការភាព ។

សូមបញ្ជាក់ថា ជនមានពិការភាពបានចូលបម្រើការងារ ក្នុងក្រសួងស្ថាប័នរដ្ឋចំនួន៤០ សរុបមានជនពិការ ចំនួន២៨៦០នាក់ ក្នុងនោះស្រ្តីពិការ ចំនួន៧៨៩នាក់ ជនពិការំរិតធ្ងន់១៥៥៧នាក់ ។ បើគិតជាភាគរយ មាន១,៩៥ភាគរយ ។ ដោយឡែកស្ថាប័នឯកជនវិញ មានជនពិការធ្វើការ ៣៧៩២នាក់ ស្រ្តី២១៦២នាក់ សរុបទាំងស្ថាប័នរដ្ឋ និងឯកជន មានចំនួន៦៦៥២នាក់ ៕

To Top