បច្ចេកវិទ្យា

វិធីសាស្ត្រចំនួន៦ ដើម្បីសុវត្ថិភាពកូនៗ លើបណ្តាញ អ៊ីនធឺណេត

ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដោយសារភាពសម្បូរបែប នៃបច្ចេកវិទ្យា និងសេវាអ៊ីនធឺណេត បានជំរុញការប្រើប្រាស់ ពាសពេញប្រទេស មិនថាទីប្រជុំជន ឬជនបទ ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់នាយកដ្ឋានព័ត៌មានវិទ្យា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២១ បានបញ្ជាក់ថា «លើសពីនេះយើងក៏សង្កេតឃើញថា កុមារតូចៗ និងយុវវ័យ កំពុងតែប្រើប្រាស់ប្រាស់ ឧបករណ៍បច្ចេកវិទ្យា ទូរស័ព្ទ កុំព្យូទ័រ ថេប្លេត ជាដើម និងសេវាអ៊ីនធឺណេត យ៉ាងទូលំទូលាយផងដែរ»

ដើម្បីជាទស្សនាទាន ជូនដល់ពុកម៉ែបងប្អូន ក្នុងការបង្កើនសុវត្ថិភាពជូនកូនៗ ជាទីស្រឡាញ់ ពីហានិភ័យនានាលើបណ្តាញអ៊ីនធឺណេត ក្រុមការងារសូមលើកយកវិធីសាស្ត្រចំនួន៦ ដើម្បីគាំពារកូនៗ ដូចមានរៀបរាប់ ជូនខាងក្រោម ៖

ទី១- បញ្ជ្រាបចំណេះដឹង ស្តីពីហានិភ័យបច្ចេកវិទ្យានានា ដល់កូនៗ តាមរយៈការណែនាំ ឬដំឡើងកម្មវិធីហ្គេមល្បងប្រាជ្ញា ឬកម្មវិធីផ្តល់ចំណេះដឹង លើកជាឧទាហរណ៍ អំពីមេរោគកុំព្យូទ័រ ការយាយីលើបណ្តាញអ៊ីធឺណេត និងសុជីវធម៌ក្នុងការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណេត ឬបណ្តាញសង្គមជាដើម ។

ទី២- គាំពារព័ត៌មានអត្តសញ្ញាណកូនៗ (ឧទាហរណ៍៖ ឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋានស្នាក់នៅ ទីតាំង ឬលេខទូរស័ព្ទ។ ពីការចែករំលែក ឬបង្ហោះលើបណ្តាញអុីនធឺណេត ពិសេសក្នុងបណ្តាញ ទំនាក់ទំនងសង្គមជាដើម ។

ទី៣- ដំឡើងកម្មវិធីកម្ចាត់មេរោគ កម្មវិធីសុវត្ថិភាព និងធ្វើបច្ចុប្បន្នភាពឧបករណ៍បច្ចេកវិទ្យា ដែលកូនៗកំពុងប្រើប្រាស់ ដើម្បីការពារពីការចម្លងមេរោគ ឬជ្រៀតចូលពីសំណាក់ ឧក្រិដ្ឋជនបច្ចេកវិទ្យា។

ទី៤- ណែនាំកូនៗ ឲ្យប្រើប្រាស់លេខសម្ងាត់ពិបាកទាយ ដើម្បីការពារគណនីកម្មវិធី អ៊ីនធឺណេតរបស់ពួកគេ។

ទី៥- ធ្វើការត្រួតពិនិត្យសកម្មភាព លើបណ្តាញអ៊ីនធឺណេតរបស់កូនៗ ជាប្រចាំ (ឧទាហរណ៍ ៖ សកម្មភាពលើបណ្តាញ ទំនាក់ទំនងសង្គម សកម្មភាពក្នុងកុំព្យូទ័រ ឬទូរស័ព្ទ ជាដើម)។

និងទី៦- ធ្វើការលើកទឹកចិត្ត និងផ្តល់ការប្រឹក្សាដល់កូនៗ នៅពេលដែលពួកគាត់ជួបបញ្ហាផ្សេងៗ លើបណ្តាញអ៊ីនធឺណេត ៕

To Top