ព័ត៌មានជាតិ

សម្ដេច ស ខេង ប្រាប់ប្រធាន ICRC ថា កម្ពុជាត្រូវការពារសន្ដិសុខ ជូនប្រជាពលរដ្ឋ ដូច្នេះ ត្រូវបង្ក្រាបជនល្មើស ដែលនាំឲ្យចង្អៀនណែន ក្នុងពន្ធនាគារ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា កម្ពុជាត្រូវការពារ សន្តិសុខជូនប្រជាពលរដ្ឋ ដើម្បីសម្រេចគោលបំណងនេះ សមត្ថកិច្ចត្រូវធ្វើការបង្ក្រាបជនល្មើស ដែលនាំឲ្យមានការចាប់ខ្លួន និងធ្វើឲ្យចង្អៀតណែន ក្នុងពន្ធនាគារ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោកស្រី Dena Fisher ប្រធានបេសកកម្មថ្មី នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម International Committee of Red Cross (ICRC) នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដី ការក្រសួង សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «កម្ពុជាត្រូវការការពារសន្តិសុខ ជូនប្រជាពលរដ្ឋ ដើម្បី សម្រេចបានគោលបំណងនេះ សមត្ថកិច្ចត្រូវធ្វើការបង្ក្រាបជនល្មើស ដែលនាំឲ្យមានការចាប់ខ្លួន ហើយជាលទ្ធផល គឺបង្កើតឲ្យមានការចង្អៀតណែន នៅក្នុងពន្ធនាគារ។ ការងារនេះយើងត្រូវតែធ្វើ បើមិនដូច្នេះនោះទេ គឺមិនអាចរក្សា សន្តិសុខ ជូនប្រជាពលរដ្ឋ បានទេ»។

សម្ដេចក្រឡាហោម បន្ដថា ពាក់ព័ន្ធការចង្អៀតណែន ក្នុងពន្ធនាគារនោះ ក្រសួងមហាផ្ទៃ ក៏បានគិតគូរដោះស្រាយតាម មធ្យោបាយផ្សេងៗ រួមមាន ៖ ទី១-យន្តការតាមក្រសួងយុត្តិធម៌ ដែលបង្កើតយុទ្ធនាការ ពន្លឿនកាត់សេចក្តី ដើម្បីកាត់បន្ថយជនជាប់ឃុំ។

ទី២- គឺការដោះស្រាយ ជម្លោះក្រៅប្រព័ន្ធតុលាការ ដែលយន្តការនេះ បានដាក់ចូលក្នុងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីធ្វើយ៉ាងណាចៀងវាង កុំឲ្យមានការឃាត់ខ្លួន ឃុំខ្លួនដោយមិនមានការចាំបាច់។

ទី៣-ការអនុវត្តទោស តាមសហគមន៍ ដែលកិច្ចការនេះ គឺនៅមិនទាន់អាចអនុវត្ត ជាលក្ខណៈពេញលេញនៅឡើយទេ។

និងទី៤-ក្រសួងបានសិក្សា លើការពង្រីកពន្ធនាគារ ដែលការងារនេះ ICRC បានរួមចំណែកផងដែរ។

ជាងមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បើកយុទ្ធនាការបង្ក្រាបគ្រឿងញៀន ហើយដែលជាលទ្ធផល បានធ្វើឲ្យអ្នកជាប់ពន្ធនាគារ កើនឡើង ពាក់ព័ន្ធបញ្ហាគ្រឿងញៀន។ ដូច្នេះ ហើយការងារចង្អៀតណែន នៅក្នុងពន្ធនាគារ គឺនៅតែជាកង្វល់ របស់រាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចថា រាជរដ្ឋាភិបាល លុបបំបាត់ការធ្វើ ទារុណកម្ម ក្នុងពន្ធនាគារ ដែលវាជាបញ្ហាប្រឈមមួយដែរ។

នាឱកាសនោះ លោកស្រី Dena Fisher បានចូលរួមក្នុងការបង្កើត ក្រុមការងារបច្ចេកទេសមួយ រវាងក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ក្នុងការបង្កើតក្រុមការងារ លើកកម្ពស់ជនជាប់ឃុំ នៅក្នុងពន្ធនាគារ។
លោកស្រីសង្ឃឹមថា នឹងធ្វើការងារជាមួយក្រុមការងារនេះ ដើម្បីពិភាក្សាអំពីការទប់ស្កាត់ ជំងឺរាតស្បាតនានា ជាពិសេសជំងឺកូវីដ-១៩ ហើយនិងការលើក កម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ហើយនិងបញ្ហាផ្សេងៗ ដែលប្រឈម នៅក្នុង

ពន្ធនាគារ៕

To Top