បច្ចេកវិទ្យា

សារសម្ងាត់ (Secret Chat) របស់កម្មវិធី Telegram មិនបានរក្សា ការសម្ងាត់ប៉ុន្មាននោះទេ

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កម្មវិធីទំនាក់ទំនងសង្គម Telegram គឺជាកម្មវិធី ដែលមានប្រជាប្រិយភាពមួយ ដោយសារតែកម្មវិធីនេះ ងាយស្រួលប្រើ មិនសូវមានបញ្ហា ហើយជាពិសេស ទៅទៀតនោះ វាគឺជាកម្មវិធីមួយដំបូងគេ ដែលគិតគូរពីសុវត្ថិភាព ទិន្នន័យឯកជនភាព របស់អ្នកប្រើប្រាស់ ។

ម្យ៉ាងវិញទៀតកម្មវិធីនេះ កាន់តែមានអ្នកប្រើប្រាស់ កើនឡើងច្រើន បន្ទាប់ពីកម្មវិធី WhatsApp បានទាមទារឱ្យអ្នកប្រើប្រាស់យល់ព្រម ក្នុងការផ្ដល់ទិន្នន័យឯកជនភាព របស់ពួកគេជាមួយនឹងកម្មវិធីហ្វេសប៊ុក ។

ប៉ុន្តែក្នុងពេលថ្មីៗនេះ អ្នកស្រាវជ្រាវម្នាក់ បានរកឃើញ ពីភាពចន្លោះប្រហោង នៅក្នុងមុខងារសារសម្ងាត់ របស់កម្មវិធី Telegram សម្រាប់ macOS ដែលអាចឱ្យអ្នកប្រើប្រាស់ ឬជនណាម្នាក់ចូលទៅទាញ យកសារសំឡេង ឬវីដេអូនោះមកវិញបាន ។ បញ្ហានេះគឺដោយសារតែក្រុមហ៊ុន មិនបានលុបចោលសារទាំងនោះ នៅពេលដែលវាត្រូវ បានលុបចេញពីស្រ្គីន (Screen) របស់អ្នកប្រើប្រាស់ទេ ហើយឯកសារទាំងនេះ ត្រូវបានរក្សាទុកនៅក្នុងទីតាំងមួយ ជាមួយនឹងឯកសារផ្ញើសារធម្មតា ដែលអ្នកប្រើប្រាស់អាច ចូលទៅទាញយកមកវិញបាន។
ដូច្នេះដើម្បីចៀសវាង ពីការទាញយកទិន្នន័យ នៅពេលប្រើសារសម្ងាត់នោះ នាយកដ្ឋានសូមឱ្យអ្នកប្រើប្រាស់ ធ្វើបច្ចុប្បន្នភាពកម្មវិធី Telegram សម្រាប់ macOS ទៅជំនាន់ 7.4 ដែលក្រុមហ៊ុនបានដាក់ ឱ្យប្រើប្រាស់កាលពីថ្ងៃទី ២៩ខែមករានោះ ។

គួរបញ្ជាក់ផងដែរថា នៅពេលដែលលោកអ្នក ធ្វើការផ្ញើសារធម្មតា សារទាំងនោះត្រូវបានអ៊ីនគ្រីបនៅពេលដែលឆ្លងកាត់សើវើ (Server) របស់ក្រុមហ៊ុនផ្សេងៗទៀត ប៉ុន្តែវាមិនត្រូវបានអ៊ីនគ្រីប នៅក្នុងប្រព័ន្ធសើវើ របស់ក្រុមហ៊ុន Telegram នោះទេ ។ ដូច្នេះសាររបស់លោកអ្នកអាចត្រូវបានទាញយក នៅពេលដែលសើវើរបស់ក្រុមហ៊ុន ត្រូវបានរងការវាយប្រហារ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top