ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សម្តែងការសោកសង្រេងយ៉ាងខ្លាំង ចំពោះការបាត់បង់ លោកវរសេនីយ៍ឯក សេង ឈៀង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថ១៣ខណ្ឌ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀត អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ សពលោកវរសេនីយ៍ឯក សេង ឈៀង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ដែលបានទទួលមរណៈភាព ក្នុងជន្មាយុ៣៩ឆ្នាំ។

ថ្លែងក្នុងផេកផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសរសេររៀបរាប់ថា “ខ្ញុំសូមសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់នូវនាយអាវុធហត្ថដ៏សំខាន់មួយរូប គឺលោកវរសេនីយ៍ឯក សេង ឈាង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ដែលបានទទួលអនិច្ចកម្ម ដោយគាំងបេះដូង នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ការបាត់បង់នេះ គឺជាការបាត់បង់នូវនាយអាវុធហត្ថដ៏សកម្មមួយរូប ដែលជាធនធានដ៏សំខាន់ និងពោរពេញទៅដោយបទពិសោធន៍ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពនិងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធនៃសពសូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”។

លោកវរសេនីយ៍ឯក សេង ឈៀង កាលនៅមាន ជីវិត គឺជាមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌ ដ៏ល្អមួយរូប និង ជាអ្នកបម្រើរាស្ត្រប្រកបដោយគុណធម៌ សច្ចធម៌ និងសេចក្តីស្មោះត្រង់ បំពេញសេចក្ដីសុខ និងរួមចំណែក ការពារសន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយភាពកក់ក្ដៅ។ រីឯនៅក្នុងគ្រួសារ លោក គឺជាកូនទី៥ ក្នុងចំណោមបងប្អូនចំនួន០៧នាក់ និងបានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២ ទទួលចំណងដៃបានកូនប្រុស០២នាក់។ សម្តីចុងក្រោយរបស់លោកនិយាយទៅកាន់កូនប្រុសច្បងដោយរអាក់រអួលថា សូមកូនមើលថែម៉ាក់កូនផង ប៉ាប្រហែលមិនបាននៅជាមួយកូនទៀតទេ គ្រប់គ្នាលឺហើយក្តុកក្តួលទប់ទឹកភ្នែកមិនបាន។

តែមកដល់ម៉ោងនេះ ថ្ងៃនេះ លោកវរសេនីយ៍ឯក សេង ឈៀង បានលាចាកឆ្ងាយដោយគ្មានថ្ងៃវិលត្រឡប់ ដោយសារតែអំណាចនៃសេចក្តីស្លាប់ ដែលជាច្បាប់ធម្មជាតិ ជាមរតក របស់មនុស្សជាតិ និងសត្វលោក ដោយមិនអាចមានអ្នកណាគេចផុត ដូចពុទ្ធឱវាទបានសម្តែងថា ( រូបំ ទុក្ខំ អនិច្ចំ អនត្ថា ) កើតចាស់ឈឺស្លាប់ ជារឿងធម្មតា បន្សល់ទុកនូវភរិយាជាស្ត្រីមេម៉ាយ រួមជាមួយកូនកំព្រាឪពុក រស់នៅក្នុងអន្លង់ទុក្ខដ៏សែនឈឺចាប់ព្រោះការបាត់បង់នេះ។

សពលោកវរសេនីយ៍ឯក សេង ឈៀង ត្រូវបានបូជាតាមគន្លងព្រះពុទ្ធសាសនា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ តេង ឈួន រដ្ឋលេខាធិការ ក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឯកឧត្តម ឃ្លាំង ហួត ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រី សហការីរួមអាជីព បងប្អូនសាច់ញាតិ មិត្តភក្តិ យ៉ាងច្រើនកុះករ។

ស្ថិតក្នុងស្ថានភាពដ៏សោកសង្រេងនេះដែរ ទាំងគណៈអធិបតី ទាំងភ្ញៀវកិត្តិយស សាច់ញាតិ មិត្តភក្តិទាំងអស់ បានសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំ ព្រមជាមួយអារម្មណ៍សោកស្តាយ អាឡោះអាល័យ ខ្សឹកខ្សួល ក្តុកក្តួល គ្រប់ៗគ្នា សូមវិញ្ញាណក្ខន្ធលោកវរសេនីយ៍ឯក សេង ឈាង បានទៅសោយសុខក្នុងសុគតិភព ជានិច្ចនិរន្តរ៍តរៀងទៅ៕

To Top