នយោបាយ

មេបក្សយុវជនកម្ពុជា ប្តេជ្ញាចូលរួមបំរើជាតិ និងប្រឆាំងអំពើពុករលួយ

ភ្នំពេញ៖ ក្នុងឱកាសបង្កើតប្រារព្ធពិធី នៃការបង្កើតគណបក្សយុវជនកម្ពុជា ១អាណត្តិ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក ពេជ្រ ស្រស់ បានប្តេជ្ញាចិត្តចូលរួមបំរើជាតិមាតុភូមិ ដោយអះអាងថា មិនពុករលួយដោយប្រឆាំងនឹង ពួកលួចផលប្រយោជន៍ និងទ្រព្យសម្បត្តិជាតិ។

ក្រោយបញ្ចប់សមាជនាថ្ងៃ១៤ កុម្ភៈនោះ លោកពេជ្រ ស្រស់ បានបង្ហាញខ្លឹមសារជាច្រើនចំណុច។ ក្នុងនោះចំណុចសំខាន់ៗរបស់រួមមាន៖ គណបក្សយុវជនកម្ពុជាប្តេជ្ញា កំចាត់នូវអំពើពុករលួយ ចាប់ផ្តើមតាំងពីផ្ទៃក្នុងគណបក្ស និងរហូតដល់គណបក្ស ឡើងកាន់អំណាចនាថ្ងៃអនាគត។ គណបក្សមិនរើសអើងគណបក្សដទៃឡើយ ដោយគណបក្សយុវជនកម្ពុជា យើងគឺតំណាងឲ្យសេចក្តីស្រលាញ់ ដល់គ្រប់និន្នាការនយោបាយទាំងអស់ ។

លោកថា បក្សយុវជនកម្ពុជាអត់បង្កើតវប្បធម៌ជេរប្រមាថ អត់លាបពណ៌គណបក្សដទៃ អត់មួលបង្កាច់ អត់ក្តិចត្រួយ ឬក៏បង្កើតសារនយោបាយ បែបហិង្សានៅក្នុងសង្គម និងការកេងចំណេញលើ ប្រជាពលរដ្ឋរងគ្រោះឡើយ ដោយវប្បធម៌របស់បក្ស គឺផ្តល់ការស្រលាញ់ និងការសង្គ្រោះដល់ប្រជាពលរដ្ឋខ្មែរ យ៉ាងពិតប្រាកដ។

លោកបញ្ជាក់ថា “គណបក្សប្តេជ្ញាបំរើផលប្រយោជន៌ជាតិ និងប្រជាពលរដ្ឋ មិនពុករលួយជាដាច់ខាត ដោយគណបក្សយុវជនកម្ពុជាប្រឆាំងនឹង ពួកលួចផលប្រយោជន៍និងទ្រព្យសម្បត្តិជាតិ។ គណបក្សយុវជនកម្ពុជា ប្រឆាំងដាច់ខាតចំពោះ អំពើពុករលួយគ្រប់រូបភាព។ បក្សយុវជនប្តេជ្ញាបំរើជាតិដោយចិត្តស្មោះស ។ បក្សយុវជនកម្ពុជានឹងបន្តដំណើរទៅមុខទៀត តាមជំហ៊ានគីង្គក់តាមដែលអាចធ្វើទៅបាន បើទោះបីគេលាបពណ៌ ឬមួលបង្កាច់យើងយ៉ាងណា ក៏ដោយចុះក៏ពួកយើងនៅតែបន្តឆន្ទៈបំរើជាតិ បំរើប្រជាពលរដ្ឋខ្មែរដោយមិនរុញរានោះឡើយ” ។

មេបក្សរូបនេះ អះអាងថា គណបក្សនឹងចូលរួមកសាងកម្ពុជា ឲ្យរីកចំរើនដូចប្រទេសលើសកលលោក និងសង្គ្រោះម្ចាស់ឆ្នោត ឲ្យរួចផុតពីសេចក្តីទុក្ខលំបាកវេទនា គឺពួកយើងជាក្រុមជួយសង្គ្រោះ
ពិតប្រាកដដោយមិនរើសមុខឡើយ បើទោះជា អ្នកនោះធ្លាប់ជេរ និងលាបពណ៌ក៏ដោយ។

លោក ពេជ្រ ស្រស់ បន្ថែមទៀតថា គណបក្សយុវជនកម្ពុជា ដឹកនាំតាមរបបប្រជាធិបតេយ្យចាប់ពីផ្ទៃក្នុង គណបក្សផ្ទាល់ហើយក៏ត្រូវប្តូរ ប្រធានគណបក្សមួយអាណត្តិម្តងដើម្បីជ្រើសរើស ប្រធានគណបក្សដឹកនាំថ្មី តាមរយៈការបោះឆ្នោតដោយយុត្តិធម៌ ហើយបេក្ខជនម្នាក់ៗព្រមទួទួលយកលទ្ធផល នៃការបោះឆ្នោតនោះដោយសុខចិត្ត ។ ក្នុងនោះក៏បង្រៀនអំពីការផ្ទេរអំណាច ពីផ្ទៃក្នុងគណបក្សជាមុន ដើម្បីបង្កើតវប្បធម៌ផ្ទេរអំណាច ដោយសន្តិវិធីពេលគណបក្ស ឡើងកាន់អំណាចក្នុងប្រទេស ៕

To Top