ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២-១៤ ខែកុម្ភៈ ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរ សរុបប្រមាណ ៨៩២.៦៣៨ នាក់ ថយចុះ ២,២៣% ធៀបនឹងឆ្នាំ២០២០ ។
ប្រភពដដែល បន្ដថា ដោយសារពិធីបុណ្យ ប៉ះចំចុងសប្តាហ៍ (សុក្រ សៅរ៍ អាទិត្យ) លំហូរភ្ញៀវទេសចរផ្ទៃ ក្នុងមានភាព ផុសផុលទូទាំងប្រទេស ហើយប្រជាពលរដ្ឋ មានឱកាសដើរកម្សាន្ត ក្នុងស្រុកច្រើន ដោយសារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍បាន ។ ទន្ទឹមនឹងនេះ ក៏មានប្រជាពលរដ្ឋខ្លះ នៅមិនទាន់ត្រលប់ចូល មករាជធានីភ្នំពេញវិញទេ ហើយអាជីវកម្មមួយចំនួន ក៏នៅបន្តបិទទ្វាររហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ដោយតាមទំលាប់ ដែលជាប់ខ្សែស្រឡាយចិន ពួកគាត់ច្រើន នៅបន្តដើរកម្សាន្ត រហូតដល់ថ្ងៃស្អែកមួយថ្ងៃទៀត ។
ជាងនេះទៅទៀត គ្រប់គោលដៅទេសចរណ៍ បានខិតខំអនុវត្តតាមគោលណែនាំ របស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាព ទេសចរណ៍ របស់ក្រសួងទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្រោមការណែនាំ និងចុះពិនិត្យផ្ទាល់ ដល់មូលដ្ឋាន របស់អភិបាលរាជធានី-ខេត្ត ។ ប៉ុន្តែ នៅតាមគោលដៅទេសចរណ៍ ដែលប្រជាពលរដ្ឋសម្រុកទៅកម្សាន្តច្រើន ក្នុងពេលតែមួយ នៅមិនទាន់អាចអនុវត្តបានពេញលេញនៅឡើយ ៕