ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ជាឲ្យដកស័ក្តិ និងបណ្ដេញ ឬជាប់ពន្ធធនាគារ ចំពោះអធិការនគរបាលស្រុកកំរៀង ដែលដោះលែង មេក្លោងនាំ មនុស្សឆ្លងដែនខុសច្បាប់ (Video)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាភ្លាមៗឲ្យដកស័ក្តិ និងបណ្ដេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ ឬឲ្យជាប់ពន្ធនាគារចំពោះលោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ក្រោយក្រុមស្រាវជ្រាវរកឃើញថាលោកពិតជាបានដោះលែងមេក្លោងនាំមនុស្ស ឆ្លងដែនខុសច្បាប់ ពីប្រទេសថៃ ចូលមកកម្ពុជា។

តាមរយៈសារសំឡេងនៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១សម្ដេចតេជោបានថ្លែងថា លទ្ធផលស្រាវ ជ្រាវបានបង្ហាញថា អធិការស្រុកកំរៀង ពិតជាដោះលែងមេក្លោងដែលនាំមនុស្សឆ្លងដែនខុសច្បាប់ ពីប្រទេសថៃ ចូលទឹកដីកម្ពុជាប្រាកដមែន។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំគិតថាអាមួយនេះ (គឹម ពន្លក អធិការស្រុកកំរៀង) មិនអាចទុកនៅក្នុងប៉ូលីសបានទៀតទេ បើហែងមិនជាប់គុកទេ ក៏ត្រូវដកស័ក្តិ ហើយបណ្ដេញចេញពីប៉ូលីសតែម្ដង គ្មានការអត់ឱនយោគយល់ទៀតទេ ។ ម៉ោងនេះ អត់និយាយអំពី ក ខ ទៀតទេ គឺជាម៉ោងត្រូវអនុវត្តវិន័យ វិធានការ ម៉ឺងម៉ាត មិនមែនវិន័យធម្មតាទេ គឺវិន័យដកស័ក្តិហើយ បណ្ដេញចេញចោលពីប៉ូលីសតែម្ដង បើសិនមានហេតុផលលើសពីហ្នឹងកាត់ទោសហែងជាប់គុកទៀត»។

សម្ដេចតេជោ ក៏បានចេញបទបញ្ជាឲ្យ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ អភិបាលខេត្តបាត់ដំបង និងអ្នកពាក់ព័ន្ធមួយចំនួន ត្រូវចាត់ការរឿង អធិការនគរបាលស្រុកកំរៀង ។

សម្តេចតេជោសង្កត់ធ្ងន់ថា «បើធ្ងន់ជាប់គុក បើស្រាលបណ្ដេញចេញ» ដើម្បីធ្វើជាគំរូ បើមិនធ្វើដូច្នេះទេ នឹងក្លាយជាទំម្លាប់អាក្រក់នៅក្នុងនគរបាលជាតិ។

សូមរំលឹកថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចេញសេចក្តីសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×