នយោបាយ

លោក សយ សុភាព ៖ BRI និង Indo- Pacific ប៉ះគ្នាទៀតនៅភូមា

ភ្នំពេញ ៖ លោក សយ សុភាព បានលើកឡើងពីព្រឹត្តិការណ៍នៅភូមាថា BRI(គំនិតផ្ដួចផ្ដើមផ្លូវនិងខ្សែក្រវាត់របស់ចិន) និងIndo pacific (យុទ្ធសាស្រ្តសេរីបើកចំហរ) បានប៉ះគ្នាជាថ្មីទៀតនៅភូមា ។ មហាអំណាចប៉ះគ្នាលើកនេះ ជាការសាកល្បងនៅភូមាម្តង បន្ទាប់ពីប៉ះគ្នានៅប្រទេសថៃ។ ការប៉ះគ្នានេះបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និង លោក ប៉ិម ប៉េអូ អតីត រដ្ឋមន្ត្រីការបរទេសអាមេរិក បានមកបំពេញទស្សនៈកិច្ច នៅក្នុងតំបន់ដែលជាប្រទេសមិត្ត និងសម្ព័ន្ធមិត្តរៀងៗខ្លួន។

លោកថា ឥឡូវនេះ ចាប់ផ្តើមផ្ទុះរាលដាលសារជាថ្មីមកដល់ថៃ តាមរយៈប្រកាសធ្វើបាតុកម្ម នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នៅបាងកក។ ដោយឡែក នៅខ្មែរ ក៏មានរូបភាពម្រាមដៃបី ទៅធ្វើការតវ៉ានៅមុខស្ថានទូត ភូមាទាមទារឲ្យ រដ្ឋាភិបាលយោធាភូមាដោះលែង លោកស្រី អ៊ុង សានស៊ូជី ដែរ។ សញ្ញាម្រាមដៃបីនេះ បង្កើតដោយ CIA របស់អាមេរិក។

លោកសង្កត់ធ្ងន់ថា នេះហើយដែលហៅថា បណ្តាសារភូមិសាស្ត្រ និងភូមិសាស្ត្រ នយោបាយដែល គូសវាសដោយមហាអំណាច ដើម្បីចែកតំបន់គ្នាត្រួតត្រា។ សុំកុំនិយាយពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស សេរីពហុបក្ស។ ពួកគេលើកឡើងនេះ គ្រាន់តែជាពាក្យបោក របស់មហាអំណាចទេ។

លោក សយ សុភាពបញ្ជាក់ថា “ស្ថិតក្នុងសភាពការណ៍បែបនេះ ខ្មែរត្រូវប្រកាន់ឲ្យជាប់នូវនយោបាយ ឈ្នះ ឈ្នះ ដែលបានកសាងជាង២០ឆ្នាំហើយ។ ពួកគេមិនឲ្យយើងសុខទេ គេនឹងបំផ្លាញយើង ក្រោមរូបភាពយកបញ្ហាទន្លេមេគង្គ ទន្លេសាប តារាសាគរ កំពង់ផែរាម អន្ទាក់បំណុលរបស់ចិនមកវាយយើង។ តែធាតុពិត គេចង់ដាក់អាណានិគមបែបថ្មីមកលើយើង។ បើគ្មានចិនជាមហាមិត្ត ចាប់តាំងពីជំនាន់សម្តេចព្រះនរោត្តម សីហនុទេ គេ(ជិតឆ្ងាយ)ហែកយើង ស៊ី អស់ហើយ។ សុំអ្នកវិភាគខ្មែរពីខាងក្រៅកុំខ្លៅពេក ឲ្យយល់ពីអ្វីដែលខ្ញុំនិយាយពីខាងលើផង” ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ដែលកំពុងកើតឡើងនៅប្រទេសភូមា ក្លាយជាប្រធានបទក្តៅ សម្រាប់ប្រទេសជាមិត្ត និងមហាអំណាចពិភពលោក កំពុងយកចិត្តទុកដាក់តាមដានជាខ្លាំង ហើយក៏មានការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ លើមេយោធាដែលបានធ្វើរដ្ឋប្រហារទម្លាក់ និងចាប់លោកស្រី អោង សានស៊ូជីដាក់ពន្ធនាគារ។

លោកស្រី អ៊ុង សាន ស៊ូជី ទីប្រឹក្សារដ្ឋលោក U Win Myint ប្រធានាធិបតី និងមេដឹកនាំរដ្ឋាភិបាលស៊ីវិល របស់ភូមាជាច្រើននាក់ ត្រូវយោធាចាប់ឃុំខ្លួន កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ មេធាវីរបស់លោកស្រី អ៊ុងសាន ស៊ូជី បានឲ្យដឹងថា លោកស្រី នឹងត្រូវបញ្ជូនទៅឃុំខ្លួន រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ សម្រាប់សវនាការនៅតុលាការ៕

To Top