បច្ចុប្បន្នភាព
ប្រព័ន្ធផ្សព្វផ្សាយ NHK របស់ប្រទេសជប៉ុន បានចុះផ្សាយនៅថ្ងៃសុក្រ ទី១៩ ខែកុម្ភៈនេះ អំពីសេចក្តីប្រកាស របស់ចក្រភពអង់គ្លេស និងប្រទេសកាណាដា ក្នុងការដាក់ទណ្ឌកម្ម លើប្រមុខដឹកនាំកងកម្លាំងយោធា របស់សហភាពមីយ៉ានម៉ា ពីបទធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល របស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។
លោកស្រី Thinzar Shunlei Yi មេដឹកនាំយុវជន និងជាសកម្មជនគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី បាននិយាយថា រដ្ឋាភិបាលចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្ម លើប្រមុខដឹកនាំយោធាមីយ៉ានម៉ា៣រូប ដោយបង្កកសាច់ប្រាក់នៅក្នុងធនាគារ និងដាក់បម្រាមធ្វើដំណើរ ទៅកាន់ប្រទេសរបស់ខ្លួន ។
ក្រៅតែពីដាក់ទណ្ឌកម្មផ្ទាល់ លើប្រមុខដឹកនាំយោធា របស់សហភាពមីយ៉ានម៉ា រដ្ឋាភិបាលអង់គ្លេស ក៏បានសម្រេចបញ្ឈប់ ផ្តល់ជំនួយយោធា ទៅអោយរបបសឹកផងដែរ រួមទាំងហាមឃាត់ក្រុមវិនិយោគិន សហគ្រិន និងអ្នកជំនួញរបស់ខ្លួន មិនអោយទៅបណ្តាក់ទុនវិនិយោគ នៅលើទឹកដីសហភាពមីយ៉ានម៉ា នៅពេលខាងមុខ ។
ចំណែករដ្ឋាភិបាលរបស់ប្រទេសកាណាដា ក៏បានប្រកាសដាក់ទណ្ឌកម្ម ប្រហាក់ប្រហែលគ្នានឹងទណ្ឌកម្ម របស់ចក្រភពអង់គ្លេសនេះដែរ ប៉ុន្តែកាណាដាបានដាក់ទណ្ឌកម្ម លើប្រមុខដឹកនាំយោធាមីយ៉ានម៉ាចំនួន៩រូប ដោយបង្កកសាច់ប្រាក់ក្នុងធនាគារ និងដាក់បម្រាម មិនអោយធ្វើដំណើរ ទៅកាន់ប្រទេសរបស់ខ្លួន ដូចគ្នានឹងអង់គ្លេស ។
រដ្ឋមន្ត្រីការបរទេស របស់ប្រទេសកាណាដា លោក Marc Garneau បាននិយាយថា ក្រៅតែពីដាក់ទណ្ឌកម្ម លើប្រមុខដឹកនាំរបបសឹកមីយ៉ានម៉ា ប្រទេសនេះក៏បានអំពាវនាវផងដែរ អោយមេដឹកនាំរបស់បណ្តាប្រទេស នៅជុំវិញពិភពលោក ដាក់សម្ពាធការទូត និងដាក់ទណ្ឌកម្ម លើប្រមុខដឹកនាំរបបសឹកមីយ៉ានម៉ា ។
ពាក់ព័ន្ធនឹងរដ្ឋប្រហារយោធា នៅសហភាពមីយ៉ានម៉ានេះដែរ កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈនេះ រដ្ឋមន្ត្រីការបរទេស មកពីសហរដ្ឋអាមេរិក ប្រទេសឥណ្ឌា ជប៉ុន និងប្រទេសអូស្ត្រាលី បានជួបពិភាក្សាគ្នា ស្តីអំពីការស្វែងរកមធ្យោបាយ ក្នុងការដាក់សម្ពាធ លើមេដឹកនាំរបបសឹកមីយ៉ានម៉ា ក្នុងគោលដៅស្តារលទ្ធិប្រជាធិបតេយ្យ នៅប្រទេសនេះឡើងវិញ ។
លោក Antony Blinken រដ្ឋមន្ត្រីការបរទេស របស់សហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក មិនអាចឈរអោបដៃមើលកងកម្លាំងយោធា របស់សហភាពមីយ៉ានម៉ា ដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិល និងអាចបន្តគ្រប់គ្រងប្រទេសនេះបានទេ ហើយអាមេរិក និងសម្ព័ន្ធមិត្ត នឹងដាក់សម្ពាធ អោយកាន់តែធ្ងន់ធ្ងរថែមទៀត លើរបបសឹកមីយ៉ានម៉ា ។
អ្នកជំនាញខាងកិច្ចអន្តរជាតិជាច្រើន បានលើកឡើងថា លទ្ធិប្រជាធិបតេយ្យ នៅសហភាពមីយ៉ាននៅទន់ជ្រាយ និងក្មេងខ្ចីណាស់ ដោយសារប្រទេសនេះ បានរៀបចំការបោះឆ្នោតជាលើដំបូង កាលពីឆ្នាំ២០១៥កន្លងទៅ ដែលគិតរហូតមកដល់ឆ្នាំ២០២០ គឺមានរយៈពេលតែ៥ឆ្នាំប៉ុណ្ណោះ ក្រោមការដឹកនាំ របស់រដ្ឋាភិបាលស៊ីវិល ។
កាលពីឆ្នាំ២០១៥កន្លងទៅ គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ទទួលបានសម្លេងគាំទ្រយ៉ាងច្រើន ពីប្រជាពលរដ្ឋម្ចាស់ឆ្នោត និងបានបង្កើតរដ្ឋាភិបាលថ្មីឡើង ជាលើកដំបូង ប៉ុន្តែកងកម្លាំងយោធា បានគ្រប់គ្រង ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងសន្តិសុខព្រំដែន ។
កាលពីថ្ងៃទី៨ ខែវិច្ឆិកា ចុងឆ្នាំ២០២០កន្លងទៅ ការបោះឆ្នោតអាណត្តិទី២ នៅមីយ៉ានម៉ា ត្រូវបានធ្វើឡើងម្តងទៀត ដោយគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ បានទទួលជ័យជម្នះសាជាថ្មី ដោយសបានទទួលសម្លេងគាំទ្រ រហូតដល់៨៣% ប៉ុន្តែកងកម្លាំងយោធា បានចោទប្រកាន់ថា ជាការបោះឆ្នោតដោយលួចបន្លំ ។
កងកម្លាំងយោធាបានលើកឡើងថា ក្នុងបញ្ជីបោះឆ្នោត មានឈ្មោះកុមារមិនទាន់គ្រប់អាយុ និងមានទាំងមនុស្សចាស់ ដែលបានបាត់បង់ជីវិតទៅហើយ ដែលជាការបោះឆ្នោត មិនអាចទទួលយកបាន និងបានធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលស៊ីវិល ។
ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយមានវិបត្តិនយោបាយ នៅសហភាពមីយ៉ានម៉ា គឺដោយសារកងកម្លាំងយោធា បានផ្តួលរំលំរដ្ឋាភិបាលស៊ីវិល ក្រោយពីរដ្ឋាភិបាលស៊ីវិល និងគណៈកម្មការរៀបចំការបោះឆ្នោត មិនបានបង្ហាញបញ្ជីឈ្មោះអ្នកបោះឆ្នោត អោយទៅកងកម្លាំងយោធាពិនិត្យ ទៅតាមការទាមទាររបស់យោធា ។
ក្រោយពីបានធ្វើរដ្ឋប្រហារ កងកម្លាំងយោធា បានប្រកាសដាក់ប្រទេសនេះ ក្នុងគ្រាអាសន្នរយៈពេល១ឆ្នាំ និងបានប្រកាសថា ការបោះឆ្នោតអាចនឹងត្រូវធ្វើឡើង នៅក្រោយការបញ្ចប់ការដាក់រដ្ឋក្នុងគ្រាអាសន្ន គឺនៅឆ្នាំ២០២២ខាងមុខ ដោយលទ្ធផលនៃការបោះឆ្នោត កាលពីឆ្នាំ២០២០កន្លងទៅ មិនអាចទទួលយកបានទេ ។
ក្រុមប្រជាបាតុកររាប់ម៉ឺននាក់ ដែលបានចេញទៅធ្វើបាតុកម្ម នៅទូទាំងសហភាពមីយ៉ានម៉ា ក៏ជាកត្តាសំខាន់ ដែលរុញច្រានអោយប្រទេសមួយនេះ ធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយដែរ ខណៈដែលក្រុមបាតុករ នៅតែបន្តចេញទៅធ្វើបាតុកម្ម ហើយកងកម្លាំងយោធា នៅតែបន្តព្យាយាមបំបែក ។
គិតត្រឹមថ្ងៃសុក្រនេះ អំពើហិង្សា ដែលកើតចេញពីការបង្ក្រាបក្បួនបាតុកម្ម របស់កងកម្លាំងយោធានៅមីយ៉ានម៉ា មិនកើតមានជាដុំកំភួននោះទេ ដោយសារកងកម្លាំងយោធា នៅតែបន្តយុទ្ធសាស្ត្របង្ក្រាប ក្នុងទ្រង់ទ្រាយតូច ដែលមិនបណ្តាលអោយ ក្រុមបាតុករបាត់បង់ជីវិត និងរងរបួសនោះទេ ប៉ុន្តែនៅពេលខាងមុខ កងកម្លាំងយោធា អាចនឹងប្រើដៃធ្ងន់ ក្នុងការបង្ក្រាបក្រុមបាតុករ ដូចដែលកងកម្លាំងយោធា ធ្លាប់បានធ្វើកាលពីឆ្នាំ១៩៨៨ និងឆ្នាំ២០០៧កន្លងទៅ ដែលបានបណ្តាលអោយ មនុស្សរាប់រយនាក់បានបាត់បង់ជីវិត ៕
អ៊ី ជិន