ភ្នំពេញ ៖ ក្រសួងសុខាភិបាល ក្រោយពីបានទទួលលិខិត ពីក្រសួង ពាណិជ្ជកម្ម បានធ្វើការអប់រំណែនាំក្រុមហ៊ុន សម្រស់ធម្មជាតិឯ.ក ឲ្យកែតំរូវការផ្សព្វផ្សាយ លក់ផលិតផលបំប៉ន សុខភាព ម៉ាកឃូស៊ី (CooSea Premium Spirulina) ។
ការឲ្យកែតម្រូវនេះ ដើម្បីកុំឲ្យសាធារណៈជនទូទៅ ដែលជាអ្នកប្រើប្រាស់ផលិតផលនេះ មានការយល់ច្រឡំ រវាងគុណប្រយោជន៍ នៃអាហារបំប៉ន ដែលគ្រាន់តែជាអាហារូបត្ថម្ភបន្ថែម និងថ្នាំពេទ្យ ដែលមានគុណសម្បត្តិអាចព្យាបាលជំងឺបាន ។ នេះបើតាមការបញ្ជាក់ពីលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។
ក្រសួងពាណិជ្ជកម្ម បានដាក់ពាក្យស្នើ ទៅក្រសួងសុខាភិបាល ឲ្យណែនាំចំពោះការផ្សព្វផ្សាយ លក់ផលិតផលបំប៉ន សុខភាពម៉ាកឃូស៊ី (Coo Sea Premium Spirulina) នាំចូលដោយក្រុមហ៊ុនសម្រស់ធម្មជាតិដែលមានអាស័យដ្ឋានផ្ទះលេខ៣៥ ផ្លូវ៥១០ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ការដាក់ពាក្យនេះ បានផ្ញើទៅក្រសួងសុខាភិបាល ចុះហត្ថលេខាដោយលោក ប៉ាន់ សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តាំងពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ប៉ុន្តែទើបបែកធ្លាយនាថ្ងៃ២២ កុម្ភៈនេះ។
យោងតាមលិខិត របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា “កន្លងមកក្រសួងបានសង្កេតឃើញ ការផ្សព្វផ្សាយលក់ផលិតផល បំប៉នសុខភាពម៉ាក CooSea Premium Spirulina នាំចូលដោយ ក្រុមហ៊ុន សម្រស់ធម្មជាតិ មានចរិតជាការបំភាន់ និងបោកបញ្ឆោតដល់សាធារណៈជន តាមរយៈការអះអាង ដោយគ្មានភស្ដុតាងថា អ្នកប្រើប្រាស់បានធូស្រាល ឬជាសះស្បើយពីជំងឺរាប់សិបប្រភេទ” ។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួង ពាណិជ្ជកម្មបានថ្លែងបន្តថា ក្រសួងពាណិជ្ជកម្ម បានសរសេរលិខិតមួយ ទៅក្រសួង សុខាភិបាល ដើម្បីសុំកិច្ចសហការ ក្នុងការណែនាំក្រុមហ៊ុន សម្រស់ធម្មជាតិ ដើម្បីកែតំរូវការផ្សព្វផ្សាយលក់ផលិតផល បំប៉នសុខភាពម៉ាក CooSea Premium Spirulina កុំឲ្យសាធារណៈជនទូទៅ ដែលជាអ្នកប្រើប្រាស់មានការយល់ច្រឡំ រវាងគុណប្រយោជន៍ នៃអាហារបំប៉ន ដែលគ្រាន់តែជាអាហារូបត្ថម្ភបន្ថែម និងថ្នាំពេទ្យ ដែលមានគុណសម្បត្តិ អាចព្យាបាលជំងឺបាន ។
លោកថា “បន្ទាប់ពីបាន ទទួលលិខិតនេះ ក្រសួងក៏បានធ្វើការណែនាំរួចហើយ ទៅក្រុមហ៊ុនឲ្យដកចេញ និងកែសំរួលអំណឹះអំណាងខ្លះ ដែលមានក្នុងការផ្សាយ ពាណិជ្ជកម្ម របស់ខ្លួនដើម្បីកុំឲ្យអ្នកប្រើប្រាស់ មានការយល់ច្រឡំ ហើយជ្រួតជ្រាបពីគុណប្រយោជន៍ ពិតប្រាកដរបស់អាហាបំប៉ន សុខភាពម៉ាក CooSea Premium Spirulina” ។
លោកបានឲ្យដឹងទៀតថា ដើម្បីធានានូវកិច្ចការពារអ្នកប្រើប្រាស់ ឲ្យទទួលបានសិទ្ធិពេញលេញ ក្នុងការទទួលព័ត៌មាន និងក្នុងការជ្រើសរើសផលិតផល លើទីផ្សារអនុលោមតាមច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ដែលជាសេនាធិការ របស់ក្រសួង ពាណិជ្ជកម្មក៏បានអញ្ជើញតំណាងក្រុមហ៊ុន មកធ្វើការណែនាំនិងផ្សព្វផ្សាយបន្ថែម អំពីការអនុវត្តច្បាប់និងការប្រើប្រាស់ព័ត៌មាន ត្រឹមត្រូវក្នុងការផ្សាយពាណិជ្ជកម្ម ចៀសវាងការផ្សព្វផ្សាយទាំងឡាយណា ដែលនាំឲ្យអ្នកប្រើប្រាស់ភ័ន្តច្រឡំ និងយល់ខុសអំពីគុណប្រយោជន៍ ពិតប្រាកដរបស់ទំនិញខាងលើ។ ជាលទ្ធផលក្រុមហ៊ុនបានសន្យានិងបានធ្វើការកែតំរូវមួយចំនួនរួចហើយ ។
យោងតាមលិខិតរបស់លោក អ៊ន ហ៊ីង ដែលជាមេធាវីតំណាង ឲ្យក្រុមហ៊ុនសម្រស់ធម្មជាតិ ឯ.ក នៅថ្ងៃ២២ កុម្ភៈ បានធ្វើការបំភ្លឺថា កន្លងមកមានជនមួយចំនួនឆ្លៀត ឱកាសផ្សព្វផ្សាយបំផ្លើសក្នុងគោលបំណងកេងយកផលប្រយោជន៍ លើផលិតផលបំប៉នសុខភាពឃូស៊ី។
ម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិឯ.ក ត្រូវបានគេដឹងថា ឈ្មោះស្រី អូន ដែលជាស្រ្តីចិត្តធម៌ដើរជួយអ្នកក្រខ្សត់ គ្មានអ្វីជាទីពឹង៕